(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៦នេះ តាមរយៈ Facebook Page របស់សម្តេច ដោយបានលាតត្រដាងនូវជីវិតនៃការតស៊ូ ក្នុងឋានៈជានាយករដ្ឋមន្ត្រីកម្ពុជា ស្ថិតក្នុងតំណែង ដែលគិតមកដល់ថ្ងៃនេះ មានរយៈពេល៣១ឆ្នាំគត់ (១៤ មករា ១៩៨៥-១៤ មករា ២០១៦) ។

ជាមួយគ្នានេះដែរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក៏បានសរសេរបង្ហាញនូវការខិតខំដឹកនាំប្រទេសផង ការបំពេញកាតព្វកិច្ចជាមេគ្រួសារដ៏ល្អផង និងបានក្រើនរំលឹកដល់មន្ត្រីរាជរដ្ឋាភិបាលដែលមានឋានៈខ្ពស់ ត្រូវដាក់ខ្លួនបំរើប្រជាជនកុំឲ្យវាយឫកខុសរបៀប។

ខាងក្រោមនេះ ជាអត្ថបទទាំងស្រុងដែលសម្តេចតេជោ ហ៊ុន សែន សរសេរលាតត្រដាងនូវជីវិតពិតរបស់សម្តេច ក្នុងឋានៈជានាយករដ្ឋមន្ត្រីក្នុងតំណែង៣១ឆ្នាំ៖

៣១ឆ្នាំមុន គឺនៅថ្ងៃ១៤ ខែមករា ឆ្នាំ១៩៨៥ នោះហើយ ដែលរដ្ឋសភាបានបោះឆ្នោតជ្រើសរើសខ្ញុំព្រះករុណាខ្ញុំ ជាប្រធានក្រុមប្រឹក្សារដ្ឋមន្ត្រី (នាយករដ្ឋមន្ត្រី) នៃរដ្ឋាភិបាលសាធារណៈរដ្ឋ​ប្រជាមានិតកម្ពុជា។ បន្ទាប់ពីការបំពេញភារកិច្ចជារដ្ឋមន្ត្រីការបរទេស ជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការទេសរយៈពេល៦ឆ្នាំ ហើយក៏បានបំពេញមុខនាទីជានាយករដ្ឋមន្ត្រីស្តីទី ប្រមាណជាង៣ខែ តាំងពីពេលដែល ឯកឧត្តម ចាន់ ស៊ី ចេញទៅព្យាបាលជម្ងឺ និងទទួលមរណភាពនៅទីក្រុងម៉ូស្គូ។

ការគាំទ្ររបស់ថ្នាក់ដឹកនាំបក្ស និងរដ្ឋ ពិសេស សម្តេច ហេង សំរិន សម្តេច ជា ស៊ីម បងសាយ ភូថង បងជា សុទ្ឋ ។ល។ ទើបមានការរៀបចំបែបនេះ។ អ្វីដែលធ្វើឱ្យខ្ញុំភ្ញាក់ផ្អើលបំផុត គឺការបោះឆ្នោតជាសម្ងាត់ នៅក្នុងរដ្ឋសភាគឺខ្ញុំទទួលបាននូវ សំឡេងឆ្នោតគាំទ្រ១០០%។ គ្មានសន្លឹកឆ្នោតប្រឆាំង គ្មានសន្លឹកឆ្នោតអនុប្បវាទ គ្មានសន្លឹកឆ្នោតមោឃះ។ នាយករដ្ឋមន្ត្រី២រូប មុន​ខ្ញុំតែងមានសន្លឹកឆ្នោតប្រឆាំង មិនតិចជាង៥សំឡេង។ កម្លាំងគាំទ្រដ៏ខ្លាំងបែបនេះហើយ​ ទើបធ្វើឱ្យខ្ញុំសំរេចបាននូវរបៀបវារៈ​នយោបាយ ដែលប្រជាជនកម្ពុជាបាន និងកំពុងទទួលផលរហូតសព្វថ្ងៃនេះ។

អ្វីដែលខ្ញុំគួររំលឹក គឺគ្រោះទឹកជំនន់ និងរាំងស្ងួតក្នុងឆ្នាំ១៩៨៤ ដែលធ្វើឱ្យខ្វះស្បៀងក្នុងឆ្នាំ១៩៨៥។ ខ្ញុំបាននិយាយទៅកាន់រដ្ឋសភាថា (មិនត្រូវទុកឱ្យប្រជាជនណាម្នាក់ស្លាប់ ដោយអត់បាយដោយយើងមិនបានដឹង និងមិនបានដោះស្រាយនោះឡើយ)។ ទ្រឹស្តីនេះបានបន្សល់ទុករហូតបច្ចុប្បន្ន មិនគ្រាន់តែជាទ្រឹស្តីប៉ុណ្ណោះទេ តែជាសកម្មភាពជាក់ស្ដែង របស់គណបក្សប្រជាជនកម្ពុជាទាំងមូល។

ខ្ញុំក្លាយខ្លួនជានាយករដ្ឋមន្ត្រីក្នុងវ័យ៣២ឆ្នាំ និងស្ថិតក្នុងស្ថានភាពប្រទេសជាតិមានសន្តិភាពផង និងមានសង្គ្រាមផង។ កូនៗរបស់ខ្ញុំនៅតូចៗណាស់ ហើយអាយុខុសគ្នាតែ១ឆ្នាំៗ ព្រោះភរិយាខ្ញុំកូនញឹកមួយឆ្នាំកូន១។ មានតែ ម៉ាណែត មួយទេ ដែលអាយុច្រើនជាងប្អូនបន្ទាប់៤ឆ្នាំ តែក៏មិនទាន់ចេះមើលប្អូនដែរ។

គ្រួសារខ្ញុំមិនមានអ្នកបំរើឬមេដោះទេ។ ប្តីប្រពន្ធរបស់យើងបានថែទាំកូនៗដោយខ្លួនឯង។ យប់ខ្លះកូននោមដាក់ និងរាល់ពេលព្រឹកតែងតែសំអាតគ្រែ កន្ទេល បោកភួយ ហាលខ្នើយ។ល។ ព្រោះកូនខ្ញុំ២នាក់តែងតែនោមយប់។ មួយបន្ទប់សំរាក៧នាក់ឪពុក ម្តាយ២នាក់ កូន៥នាក់ បើកូនមិននោមដាក់ទេ ក៏ធំខ្លិនទឹកនោមដែរ ហើយពិបាកជាងគេ គឺនៅពេលភរិយាខ្ញុំមិននៅផ្ទះ ខ្ញុំត្រូវឆុងទឹកដោះគោបំបៅកូន។ ពេលមួយខ្ញុំឆុងទឹកដោះគោឱ្យស្រីពៅរវល់ដាំទឹក ម៉ានិត មកស៊ីអស់ម៉្សៅទឹកដោះគោ ខំឱ្យអ្នកបើកបរទៅទិញម៉្សៅទឹកដោះគោ ពីផ្សារទំរាំមកមកដល់ស្រីពៅយំរហូតគេងលក់។ ពេលភ្លៀងម្តងៗដំបូលផ្ទះវាលិច ខំយកក្រណាត់កៅស៊ូគ្របលើកូន។ រហូតដល់ឆ្នាំ១៩៩៤ទើបដំបូលផ្ទះខ្ញុំឈប់លិច។ នេះជាជីវភាពពិតប្រាកដរបស់នាយករដ្ឋមន្ត្រី ដែលបានស្ថិតក្នុងតំណែងរយៈពេល៣១ឆ្នាំនាថ្ងៃនេះ។

បងប្អូនខ្លះអាចយល់ខុសពី របៀបរស់នៅរបស់ខ្ញុំ តែនេះក៏ជាមេរៀនមួយដែលខ្ញុំរក្សាបាននូវ ឥទ្ធិពលដឹកនាំរយះពេលវែង ជោគជ័យក្នុងការបណ្តុះបណ្តាលកូន តាមរយៈភាពជិតស្និទ្ឋ។ ពេលចេញទៅបរទេស​ ពិសេសពេលចរចារនៅបារាំង ភរិយាខ្ញុំគ្មានអ្នកហែរហមទៅជាមួយទេ។ ពេលខ្លះគាត់អត់បាយ ព្រោះនៅសណ្ឋាគារម្នាក់ឯង ហើយមិនចេះភាសា។ សូមផ្ដាំកូន ក្មួយ បងប្អូនពេលមានឋានៈខ្ពស់ ត្រូវដាក់ខ្លួនបំរើប្រជាជនកុំវាយឫកខុសរបៀប៕