(តួកគី)៖ យោងតាមការចេញផ្សាយរបស់ BBC នៅមុននេះបន្ដិចបានឲ្យដឹងថា យ៉ាងហោចណាស់ មានមនុស្ស ៥នាក់ស្លាប់ និង៣៦នាក់រងរបួសធ្ងន់ស្រាល នៅក្នុងករណី បំផ្ទុះរថយន្ត​អត្តឃាត នៅការិយាល័យកណ្ដាលរបស់ប៉ូលិសតួកគី ។

សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញមានរថយន្ត​មួយ​គ្រឿង​ បានបើកសំដៅមកការិយាល័យកណ្ដាលរបស់​ប៉ូលិស ដែលស្ថិតនៅក្នុងតំបន់ Cinar ដោយ​រថយន្តនោះបានផ្ទុះឡើង និងមានគ្រាប់រ៉ូកែតជាច្រើនគ្រាប់បាញ់ចេញពីក្នុងរថយន្ត​មក។

ប៉ូលិសបានបញ្ជាក់ថា ក្នុងចំណោមមនុស្ស ៥នាក់ ដែលបានស្លាប់នោះ មានទារកម្នាក់ និង​ម្ដាយ​ម្នាក់ ចំណែក ៣នាក់ទៀតជាជនស៊ីវិល ហើយអគារការិយាល័យប៉ូលិស ត្រូវបានរលំបាក់​ស្ទើតែតាំងស្រុង។

ពាក់ព័ន្ធករណីខាងលើនេះ ប៉ូលិសមិនទាន់អាចសន្និដ្ឋានបានថា ជាទង្វើរបស់ខាងណានោះទេ។

គួរបញ្ជាក់ផងដែរថា ប៉ុន្មានថ្ងៃមុននេះ មានករណីបំផ្ទុះគ្រាប់បែកអត្តឃាតមួយ នៅកណ្ដាល​ទី​ក្រុងអ៊ីស្តង់ប៊ុល បណ្ដាលឲ្យមនុស្ស ១០នាក់ស្លាប់ និង១៥នាក់ផ្សេងទៀតរងរបួស ដោយជន​បង្ក​ជាជនជាតិស៊ីរី វ័យ២៨ឆ្នាំ ហើយអ្នកស្លាប់ភាគច្រើនជាភ្ញៀវទេសចរណ៍ជនជាតិអាល្លឺម៉ង់៕