(បាត់ដំបង)៖ ករណីប្លន់ប្រដាប់អាវុធ នៅស្រុកថ្មគោល ខេត្តបាត់ដំបង នាយប់ថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៦នោះ ជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រាប់ថា ទើបលក់ស្រូវហើយ ខណៈជនសង្ស័យមានគ្នា៣នាក់ ប្រដាប់ដោយកាំភ្លើង​ AK មួយដើម និងកាំភ្លើងមួយដើម។

មន្រ្តីអាវុធហត្ថ ខេត្តបាត់ដំបង បានប្រាប់អង្គភាព Fresh News ថា ជនរងគ្រោះឈ្មោះ ហ៊ន បួន អាយុជាង៥០ឆ្នាំ បាត់បង់លុយចំនួន៣ម៉ឺនបាត និងលុយខ្មែរមួយចំនួន។ បើតាមមន្រ្តីអាវុធហត្ថ ជនសង្ស័យបានចូលទៅភ្ជង់ជនរងគ្រោះ រួចហើយប្លន់យកលុយកាក់ មុនពេលរត់គេចខ្លួនបាត់។ យ៉ាងណាក៏ដោយ ជនរងគ្រោះ មិនមានរងរបួសនោះឡើយ នៅក្នុងករណីប្លន់ប្រដាប់អាវុធមួយនេះ។ សមត្ថកិច្ចបានកំណត់មុខសញ្ញាជនសង្ស័យ បានខ្លះហើយ និងទាំងកម្លាំងនគរបាល អាវុធហត្ថ កំពុងតាមប្រមាញ់ចាប់ខ្លួន យកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕