(កំពង់ស្ពឺ)៖ លោក ហ៊ុន ម៉ានី អនុប្រធានទី១ ក្រុមការងារគណបក្សចុះជួយខេត្តកំពង់ស្ពឺ នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០នេះ បានបន្តអញ្ជើញចុះសំណេះសំណាលសាកសួរសុខទុក្ខ ស្ដាប់របាយការណ៍ពីលទ្ធផលការងារអនុវត្តកន្លងមក របស់អាជ្ញាធរមូលដ្ឋានក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំង ទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ១៩ និងស្វែងយល់ពីជីវភាពប្រជាពលរដ្ឋ ជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការ ដែលកំពុងបំពេញភារកិច្ចក្នុងមូលដ្ឋាន ស្រុកបសេដ្ឋ និងស្រុកគងពិសី។

ឆ្លៀតក្នុងឱកាសនោះ លោក ហ៊ុន ម៉ានី បាននាំនូវបណ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំគណបក្ស និងលោកប្រធានក្រុមការងារចុះជួយខេត្ត និងការកោតសរសើរ ចំពោះលទ្ធផលការងារដែលសម្រេចបានកន្លងមក ជូនបងប្អូនជាមន្ត្រីគណបក្សនៅមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ក្នុងការឆ្លើយតបទាន់ពេលវេលា នូវវិធានការនានាដែលដាក់ចេញដោយរាជរដ្ឋាភិបាល។

លោក ហ៊ុន ម៉ានី ក៏បានសង្កត់ធ្ងន់ថា ក្នុងដំណាក់កាលការវិវឌ្ឍចុងក្រោយដែលកម្ពុជា ទទួលបានជោគជ័យក្នុងការព្យាបាល អ្នកជំងឺជាសះស្បើយអស់ និងពុំមានអ្នកឆ្លងថ្មីនេះ តែលោកផ្ដាំផ្ញើឲ្យមន្ត្រីទាំងអស់បន្តការយកចិត្តទុកដាក់ មិនត្រូវធ្វេសប្រហែសចំពោះបញ្ហាការរីករាលដាលឡើងវិញ នៃជំងឺដ៏កាចសាហាវមួយនេះឡើយ៕