(ភ្នំពេញ)៖ លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ បានថ្លែងឲ្យនៅក្នុងកិច្ចប្រជុំ ក្រុមប្រឹក្សារាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៦នេះ នៅក្នុងត្រី​មាសទី១ ឆ្នាំ២០១៦នេះ សាលារាជធានីភ្នំពេញ នឹងធ្វើស្លាកសញ្ញាចរាចរណ៍ចំនួន ៥ពាន់ស្លាក​បន្ថែម​ទៀត នៅតាមដងផ្លូវនានា ដើម្បីសម្រួលជួយសម្រួលចរាចរណ៍ ដល់ប្រជាពលរដ្ឋ។

​លោក ប៉ា សុជាតិវង្ស បានបញ្ជាក់ទៀតថា ការ​​កែ​លំ​អដោយបន្ថែមស្លាកសញ្ញចរាចរណ៍នេះ ធ្វើឡើង​ស្របគ្នា ​ជាមួយ​នឹងគម្រោង​បំពាក់​កាមេរ៉ា​សុវត្តិភាព ​តាមដង​ផ្លូវ​ក្នុង​រាជ​ធា​នី មានចំនួន៦០០គ្រឿង ដើម្បីសំរួលចរាចរណ៏ និងគ្រប់គ្រងបទល្មើស តាមដងផ្លូវផងដែរ។

ជាមួយគ្នានេះ លោក ប៉ា សុជាតិវង្ស ឲ្យដឹងទៀតថា ក្នុងឆ្នាំ២០១៥ កន្លងមក​បាន​ស្ថាបនា​ប្រពន្ធ័​លូ ​និង​ផ្លូវ​ទាំង​តូចទាំងធំ បានប្រវែង១១៧គីឡូម៉ែត្រ ក្នុងប្រវែងសរុបជាង៦០០គីឡូម៉ែត្រ ហើយសាលារាជធានី ក៏​កំពុងខិតខំ​បើក​មុខ​ទឹក និង​នាំ​ទឹកចេញក្រៅក្រុង ដោយសង្ឃឹមថា នឹងអាចកាត់បន្ថយការលិច​លុង ដោយសារ​ជំនន់ទឹក​ភ្លៀង ​បាន​ពី៧០​ទៅ៨០% នៃតំបន់ដែលធ្លាប់លិចកន្លងមក។

លោកអភិបាលបានបន្ថែមថា សាលារាជធានីភ្នំពេញ កំពុងខិតខំ​ស្តារ​​ប្រឡាយ ចាប់ពីផ្លូវទំនប់៧០ ដល់ទំនប់កប់ស្រូវ ដើម្បីទាញ​ទឹកចេញ​ពី កណ្តាលរាជធានី​ ហើយ​នៅ​សប្តាហ៏ ក្រោយយើង​នឹងដំណើរការ​លើកទំនប់២ ​ជាន់ធ្វើជាអាង​ចំរោះទឹក ដែលការពារមិនឲ្យ​ប៉ះពាល់ ​លើ​ផ្នែកបរិ​ស្ថានដល់ប្រជាពលរដ្ឋ តាមបណ្តាសង្កាត់ ដែលនៅជាប់ និងអាស្រ័យ ផលពីបឹង​កប់ស្រូវ ក្នុង​ខណ្ឌ​ព្រែក​ព្នៅ​ឡើយ៕