(ឧត្តរមានជ័យ)៖ យ៉ាងហោចណាស់ពលរដ្ឋខ្មែរចំនួន ៩នាក់ ត្រូវបានអាជ្ញាធរប្រទេសថៃ ចាប់បញ្ជូនមកឱ្យសមត្ថកិច្ចកម្ពុជាវិញ តាមច្រកអន្តរជាតិជាំក្នុងភូមិជើងភ្នំ ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ នៅល្ងាចថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០ ម្សិលមិញ បន្ទាប់ពីប្រជាពលរដ្ឋខ្មែរទាំងនេះ បានជាប់ទោសជិត៥ឆ្នាំក្នុងទឹកដីថៃ ពីបទឆ្លងដែនខុសច្បាប់។

បើតាមរបាយកាណ៍របស់សមត្ថកិច្ច ដែលភ្នាក់ងារព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី១៧ ខែឧសភានេះ បានបញ្ជាក់ថា ប្រជាពលរដ្ឋខ្មែរទាំង ០៩នាក់នេះ បានជាប់ឃុំឃាំងនៅក្នុងខេត្តអំណាចចារើន ប្រទេសថៃ ពីបទឆ្លងដែនខុសច្បាប់, កាប់ឈើគ្រញូង ក្នុងទឹកដីថៃ ហើយត្រូវបានសមត្ថកិច្ចថៃ ចាប់ខ្លួនកាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៥ ចូលតាមភូមិសាស្រ្តច្រកភ្នំឆ័ត្រ ខេត្តបន្ទាយមានជ័យ។

របាយការណ៍ដដែល បានឱ្យដឹងថា ប្រជាពលរដ្ឋខ្មែរទាំង០៩នាក់ខាងលើនេះ រួមមានឈ្មោះ៖

*ទី១៖ ឈ្មោះ យឹង ហួន ភេទប្រុស អាយុ៤០ឆ្នាំ, ទី២៖ ឈ្មោះ ហាស ហ៊ីង ភេទប្រុស អាយុ៤៤ឆ្នាំ អ្នកទាំង០២ រស់នៅភូមិត្រាចខោល ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ, ទី៣៖ ឈ្មោះ គង់ ហ៊ាន ភេទប្រុស អាយុ ៣៦ឆ្នាំ, ទី៤៖ ឈ្មោះ អ៊ុន ទឹម ភេទប្រុស អាយុ៤០ឆ្នាំ អ្នកទាំង០២ រស់នៅភូមិកូនក្អែក ឃុំសំប្បូរ ស្រុកប្រាសាទសំប្បូរ ខេត្តកំពង់ធំ, ទី៥៖ ឈ្មោះ សា ឃួន ភេទប្រុស អាយុ៣៥ឆ្នាំ, ទី៦៖ ឈ្មោះ ធឿង ឡោះ ភេទប្រុស អាយុ៣០ឆ្នាំ អ្នកទាំង០២ រស់នៅភូមិស្រយ៉ង់ ឃុំស្រយ៉ង់ ស្រុកគូលែនខេត្តព្រះវិហារ, ទី៧៖ ឈ្មោះ ប៉ិត ម៉ូវ ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិបាញ់ឌូក ឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ, ទី៨៖ ឈ្មោះ ភួង លឿង ភេទប្រុស អាយុ២៦ឆ្នាំ និងទី៩៖ ឈ្មោះ ផាយ ប៉ោង ភេទប្រុស អាយុ៥០ឆ្នាំ អ្នកទាំង០២ រស់នៅភូមិកណ្តាល ឃុំស៊ុង ស្រុកសំឡូត ខេត្តបាត់ដំបង។

បន្ទាប់ពីបានត្រួតពិនិត្យសុខភាពការពារជំងឺកូវីដ១៩ ដោយវាស់កំដៅ និងលាងសម្អាតដោយអាល់កុល ពាក់ម៉ាស់ឱ្យបានត្រឹមត្រូវរួចមក សមត្ថកិច្ចបានធ្វើការអប់រំណែនាំ ឱ្យបញ្ឈប់ការឆ្លងដែនខុសច្បាប់ទៀត និងបានអនុញ្ញាតឱ្យវិលត្រឡប់ទៅលំនៅដ្ឋានវិញរៀងៗខ្លួន៕