(ត្បូងឃ្មុំ)៖ នៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២០ លោក ហាក់ សុខមករា អភិបាលរងខេត្តត្បូងឃ្មុំ និងភរិយា, លោក សម វង និងលោកស្រី ដែលជាម្ចាស់ក្រុមហ៊ុន SV Constraction and Decoration លោក តាំង ហ៊ុយ និងភរិយា, លោកស្រីយ៉ន សុខ ខេង និងស្វាមី និង MR Heng Ball សហការជាមួយមេឃុំកំពង់ទ្រាស មេភូមិទី១ បានជួបសំណេះសំណាល ផ្តល់អំណោយ សប្បុរសធម៌ជូនដល់បងប្អូន ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន ២០០គ្រួសារ។

ជាមួយគ្នានេះអាជ្ញាធរ និងសប្បុរសជន ក៏បានជួយសាងសង់ផ្ទះសរសរបេតុងខ្ពស់ពីដីប្រក់សង្ក័សី ១ខ្នង សម្ភារប្រើប្រាស់ និងថវិកាមួយចំនួនជូនដល់គ្រួសារឈ្មោះ ជាង សុខជីម និងភរិយា កូនក្នុងបន្ទុក ៤នាក់ ដែលមានជីវភាពលំបាកក្រីក្រគ្មានផ្ទះស្នាក់នៅ ដែលកំពុងស្នាក់នៅ ក្នុងភូមិទី១ ឃុំកំពង់ទ្រាស ស្រុកក្រូចឆ្មារ។

អំណោយសម្ភារសប្បុរសជន ជូនដល់ប្រជាពលរដ្ឋលំបាកក្រីក្រចំនួន ២០០គ្រួសារ រួមមាន៖ អង្ក ២៥kg មី ១កេះ ទឹកស៊ីវអ៊ីវ១យួរ និងថវិកា៤០០០០រៀល។

ក្នុងឱកាសនោះ លោក ហាក់សុខមករា បានផ្ដាំផ្ញើការសួរសុខទុក្ខ ពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងសម្ដេចកិត្ដិព្រឹទ្ធិបណ្ដិត ប៊ុន រានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់បងប្អូនប្រជាពលរដ្ឋ។

អភិបាលរងខេត្តត្បូងឃ្មុំ ក៏បានក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋ ត្រូវបន្ដរក្សាថែរក្សាអនាម័យ ដោយលាងដៃ ជាមួយនិងអាកុល និងសាប៊ូ ជាប់ប្រចាំ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ បើទោះបីកម្ពុជា បានព្យាបាលអ្នកកើតជំងឺនេះបានជាសះស្បើយយ៉ាងណាក្តី៕