(ស្វាយរៀង)៖ លោកវរសេនីយ៍ទោ មុំ សារ៉ុន នាយការិយាល័យបច្ចេកទេស នៃស្នងការដ្ឋាននគបាលខេត្តស្វាយរៀង បានបញ្ជាក់ប្រាប់ភ្នាក់ងារព័ត៌មាន Fresh News នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២០នេះថា ករណីបុរសជនជាតិចិន ម្នាក់បានស្លាប់នៅក្រុងបាវិត ខេត្តស្វាយរៀង មិនមែនស្លាប់ដោយសារវីរុស COVID-19 ដូចពាក្យចចាមរ៉ាមនោះទេ គឺស្លាប់ដោយសារតែជំងឺគាំបេះដូង។

ករណីនេះបានកើតឡើងនៅវេលាម៉ោង១៖០០នាទីយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០ ពេលបញ្ជូនមក ដល់មន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង ក្រុមគ្រូពេទ្យបាន យកសពជនជាតិចិន ទៅដាក់នៅក្នុងបន្ទប់លេខ៤ អគារសម្តេចម៉ែ ស្ថិតនៅភូមិស្រះវង្ស សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ដើម្បីពិនិត្យ និងធ្វើកោសល្យវិច្ឆ័យ។

លោកវរសេនីយ៍ទោ មុំ សារ៉ុន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ការធ្វើកោសល្យវិច្ច័យឃើញថា ស្លាប់ដោយសារគាំងបេះដូង ពុំមែនជាករណីកូវីដ-១៩ទេ ហើយក្រោយពីពិនិត្យធ្វើកោសលរួចសមត្ថកិច្ច បានវេចខ្ចប់សព បញ្ជូនទៅរក្សាទុក នៅរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៦ ខែឧសភា វេលាម៉ោង៨ព្រឹក តាមការសំណូមពររបស់សាច់ញាតិ ដើម្បីទំនាក់ទំនងស្ថានទូតចិន បញ្ជូនសព ទៅប្រទេសចិនវិញ»

បើតាមសមត្ថកិច្ច បានឱ្យដឹងថា ជនរងគ្រោះដែលស្លាប់មានឈ្មោះ គូ ហ្វាងយាន អាយុ៣០ឆ្នាំ ជនជាតិចិន បានមកស្នាក់នៅបន្ទប់លេខ B02-18 វិថីពាណិជ្ជកម្មថ្មើជើង ទល់មុខកាស៊ីណូឡឺម៉ាកាវ ស្ថិតនៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

សមត្ថកិច្ចបានបន្តថា ជនជាតិចិនរងគ្រោះនេះ បានមករស់នៅក្រុងបាវិត យូរខែមកហើយ ដោយប្រកបមុខរបរលក់ដូរក្នុងអគារ នៃវិថីពាណិជ្ជកម្មថ្មើជើងនេះ។ នៅមុនពេលកើតហេតុ នៅវេលាម៉ោង១១៖៤០នាទីយប់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០ ជនរងគ្រោះមានជំងឺថប់ផ្លូវដង្ហើម ក៏ត្រូវមិត្តភក្តិបញ្ជូនមកមន្ទីរសម្រាកព្យាបាល «សោភ័ណ្ឌ អូរវ៉ាង» ស្ថិតនៅភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត។

លុះដល់ម៉ោងប្រមាណ១២៖៣០នាទី យកណ្តាលអាធ្រាតជនរងគ្រោះមានអាការៈធ្ងន់ធ្ងរក្រុមគ្រូពេទ្យមន្ទីរពេទ្យសម្រាកព្យាបាល «សោភ័ណ្ឌ អូរវ៉ាង» បានលើកជនរងគ្រោះដាក់លើរថយន្តសាមុយ ដឹកបញ្ជូនមកមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង ដើម្បីសង្គ្រោះ ក៏ប៉ុន្តែយឺតពេលមិនអាចសង្គ្រោះបានជនរងគ្រោះបានស្លាប់នៅលើរថយន្តសាមុយរបស់មន្ទីរពេទ្យសម្រាកព្យាបាល «សោភ័ណ្ឌ អូរវ៉ាង» ទៅហើយ។

បើតាមលោកវេជ្ជបណ្ឌិត អ៊ុត សុផាន់ណា ម្ចាស់មន្ទីរពេទ្យសម្រាកព្យាបាល «សោភ័ណ្ឌអូវ៉ាង» បានឱ្យដឹងថា ជនជាតិចិននេះ មានប្រវត្តិជំងឺបេះដូង និងបានផឹកស្រាច្រើនមានអាការៈស្រវឹងខ្លាំង បណ្តាលឱ្យចុកទ្រូងខ្លាំង (គឺមានជំងឺបេះដូង) ហើយពេលក្រុមជនជាតិចិន បីបួននាក់ ដឹកជនរងគ្រោះមកដល់ឃើញសភាពធ្ងន់ធ្ងរ ក៏ឱ្យបញ្ជូនតាមរថយន្តរបស់ចិន ទៅមន្ទីរពេទ្យខេត្ត ក៏ប៉ុន្តែ អ្នកដឹកជនរងគ្រោះមកប្រាប់ថា រថយន្តរបស់គេគ្មានបរិក្ខាពេទ្យ សុំឱ្យមន្ទីរពេទ្យជួយសង្គ្រោះបន្ទាន់បឋមដោយអ្នកបកប្រែម្នាក់ និងជនជាតិចិនម្នាក់ បានធ្វើកិច្ចសន្យា សុំជួយសង្គ្រោបឋម ក្រុមគ្រូពេទ្យក៏បានយល់ព្រមជួយសង្គ្រោះបន្ទាន់ និងធ្វើចលនាបេះដូង ក៏ប៉ុន្តែមន្ទីរពេទ្យ «សោភ័ណ្ឌ អូវ៉ាង» គ្មានឧបករណ៍ សម្រាប់ធ្វើចលនាបេះដូងទេ។

បន្ទាប់មកឱ្យចិនបញ្ជូនអ្នកជំងឺទៅមន្ទីរពេទ្យខេត្ត ក៏ប៉ុន្តែចិន សុំឱ្យរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យ «សោភ័ណ្ឌ អូវ៉ាង» ជួយបញ្ជូន ខណៈនោះរថយន្តសង្គ្រោះជាប់រវល់បញ្ជូនអ្នកជំងឺ ទៅមន្ទីរពេទ្យខេត្តដែរ រហូតដល់ម៉ាង១២៖៣០នាទី ទើបរថយន្យត្រឡប់មកវិញ ទើបបានបញ្ជូនជនរងគ្រោះ ទៅមន្ទីរពេទ្យខេត្តដើម្បីសង្គ្រោះ។ ខណៈបញ្ជូនទៅជិតដល់មន្ទីរពេទ្យខេត្ត ទៅហើយជនរងគ្រោះធ្លាក់ តង់ស្យុងឈាមខ្លាំង ហើយបានស្លាប់បាត់បង់ជីវិតនៅលើរថយន្តពេលបញ្ជូនទៅដល់មន្ទីរពេទ្យខេត្ត។

ទាក់ទិនករណីនេះដែរ លោកវេជ្ជៈ កែរ រដ្ឋា ប្រធានមន្ទីរសុខាភិបាលខេត្ត បានឱ្យដឹងថា ក្រុមការងារមន្ទីរសុខាភិបាល និងចុះស្រាវជ្រាវករណីនេះ នៅថ្ងៃទី១៨ ខែឧសភា ខាងមុខនេះ លទ្ធផលយ៉ាងណា និងផ្តល់ព័ត៌មានពេលក្រោយ៕