(ព្រះវិហារ)៖ អ្នកបញ្ជាគ្រឿង (អេស្កា) ម្នាក់ បានរងរបួសធ្ងន់ ត្រូវបានគេបញ្ជូនទៅសង្គ្រោះភ្លាមៗនៅឯមន្ទីរពេទ្យ ខណៈកំពុងបើកគ្រឿងចក្រ កាយទំនប់ទប់ទឹកស្រាប់តែកាយចំមីនតោន បណ្តាលឱ្យផ្ទុះកក្រើកឡើង។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាព្រឹកព្រលឹមថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២០ ស្ថិតក្នុងភូមិកំប្រាក់ ឃុំយាង ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

បើតាមការរៀបរាប់ របស់លោក ហ៊ឹម ហឿន មេឃុំយាង បានឱ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះបានបើកគ្រឿងចក្រ កាយទំនប់ទប់ទឹក ក្នុងដីស្រែមួយកន្លែង លុះពេលកាយរួចក៏បើកចេញមកវិញ ប៉ុន្តែចៃដន្យ ក៏ឃើញទំនប់ដែលកាយរួចនោះមានទឹកហូរជ្រាបដដែល ក៍ឈប់គ្រឿងចក្រកាយដី បិទម្តងទៀត ក៏ប៉ះចំមីនតោនបណ្តាលឱ្យផ្ទុះកក្រើកឡើងតែម្តងទៅ។

លោកមេឃុំ បានបញ្ជាក់ថា ក្នុងហេតុការណ៍ផ្ទុះមីនតោននេះ បណ្តាលឱ្យជនរងគ្រោះមានឈ្មោះ សុខ រដ្ឋា ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅខេត្តបន្ទាយមានជ័យ ជាអ្នកបើកបររងរបួសធ្ងន់ ត្រូវបាននាំយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យ ចំណែកគ្រឿងចក្រ រងការខូចខាតផងដែរ៕