(កំពង់ឆ្នាំង)៖ នៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាល ខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ ២០២០នេះ លោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង បានព្រមានធ្ងន់ៗទៅដល់អាជ្ញាធរក្រុង សង្កាត់ និងភូមិបាលក្រុង ដែលបណ្តែតបណ្តោយឱ្យមានការសាងសង់សំណង់ នៅលើដីចំណីផ្លូវសាធារណៈ និងត្រូវតែចាត់ការកែតម្រូវឡើងវិញ ឱ្យស្របទៅតាមច្បាប់ភូមិបាលឱ្យខាងតែបាន និងលឿនបំផុត។
លោក ឈួរ ច័ន្ទឌឿន បានថ្លែងថា រឿងសំណង់ខុសច្បាប់ នៅក្នុងក្រុងកំពង់ឆ្នាំង ចេះតែកើតមានបន្តបន្ទាប់ ដោយមិនឃើញអ្នកទទួលខុសត្រូវឡើយ គឺបានត្រឹមតែឆ្លើយថា បានចុះទៅឃាត់ហើយ ឬបានប្រាប់ហើយតែម្ចាស់សំណង់មិនស្តាប់ ទាំងនេះមិនមែនជាការទទួលខុសត្រូវ តាមតួរនាទីរបស់អស់លោកនោះទេ គឺវាគ្រាន់តែជាពាក្យដោះសារយករួចខ្លួនតែប៉ុណ្ណោះ។
លោក ឈួរ ច័ន្ទឌឿន បានបន្តថា ឥឡូវមានសំណង់រឹងមាំមួយទៀតជាផ្ទះល្វែងបានសាងសង់រួចប្រមាណ ៧០% ទៅហើយ នៅលើដីចំណីផ្លូវពីផ្សារលើទៅផ្សារក្រោម ត្រង់ចំណុចស្ពានថ្ម ស្ថិតក្នុងសង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង។ នៅពេលសួរអភិបាល រងក្រុងទទួលបន្ទុកកិច្ចការសំណង់ និងប្រធានភូមិបាលក្រុងកំពង់ឆ្នាំង គឺបានត្រឹមតែឆ្លើយថា បានចុះទៅឃាត់ហើយ តែគេមិនស្តាប់ ហើយនាំគ្នាទៅអង្គុយស៊ីគុយទាវធ្វើព្រងើយទៅវិញដោយគ្មានចំណាត់ការអីជាបន្តសោះ។
លោកអភិបាលខេត្ត បានបន្ថែមថា បើធ្វើមិនកើត ឬមិនហ៊ានធ្វើ ត្រូវសុំកម្លាំងអន្តរាគមន៍ពីអាជ្ញាធរខេត្តភ្លាមៗលោករង់ចាំជួយគ្រប់ពេល មិនត្រូវសំងំឱ្យគេសាងសង់តាមអំពើចិត្ត រហូតបានដល់ ២ជាន់កន្លះទៅហើយ ទើបឆ្លើយថាបានប្រាប់គេដែរ តែគេមិនស្តាប់។
ទាក់ទងនឹងសំណង់ ដែលសង់រំលោភដីចំណីផ្លូវនេះ នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០នេះ លោក យិន សាវ៉េន អភិបាលក្រុងកំពង់ឆ្នាំង បាន ឱ្យដឹងថា ចំពោះសំណង់នេះ ម្ចាស់សំណង់ធ្លាប់មកសុំច្បាប់សាងសង់នៅក្រុងដែរ ក៏ប៉ុន្តែអាជ្ញាធរ និងភូមិបាលក្រុងមិនអនុញាតនោះឡើយ និងធ្លាប់បានចុះទៅឃាត់ជាបន្តបន្ទាប់ តែម្ចាស់នៅតែលួចសាង សង់នៅថ្ងៃសៅរ៍ និងអាទិត្យដែលជាថ្ងៃមន្ត្រីរាជការសម្រាកពីការងារ។
តែថ្មីៗនេះ អាជ្ញាធរក្រុង ភូមិបាលក្រុង និងសមត្ថកិច្ចពាក់ព័ន្ធបានចុះបញ្ជាឱ្យម្ចាស់ ផ្ទះវាយចោលវិញហើយ គឺត្រូវវាយចោលទាំងអស់តែម្តង មិនឱ្យសាងសង់បន្តឡើយ ម្យ៉ាងទៀតជាងដែលមកសាងសង់ ក៏បានហាមឃាត់មិនឱ្យចូលធ្វើដែរ។ រហូតមកដល់ថ្ងៃនេះ ម្ចាស់សំណង់បានវាយចោលអស់កន្លះជាន់ហើយ ហើយកំពុងជញ្ជូនកម្ទេចកម្ទីចេញពីជាន់លើឱ្យអស់សិន ទើបគេបន្តវាយកម្ទេចជាន់ក្រោមបន្តទៀត រហូតដល់ដីវិញ៕