(តួកគី)៖ យោងតាមសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៦នេះ បានឲ្យដឹងថា មនុស្សចំនួន៧នាក់ ត្រូវបានឃុំខ្លួន ក្នុងការជាប់ពាក់ព័ន្ធជាមួយនឹង ក្រុមឧទ្ទាមរដ្ឋឥស្លាម (IS) ដែលបានបំផ្ទុះគ្រាប់បែកអត្តឃាត នៅឯទីក្រុង Istanbul ជាទីក្រុងប្រវត្តិសាស្ត្ររបស់តួកគី នេះបើតាមសម្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃតួកគី លោក Efkan Ala បានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះ។

គួរជម្រាបថា កាលពីថ្ងៃអង្គារ អ្នកបំផ្ទុះគ្រាប់បែក បានចុចបំផ្ទុះខ្លួនឯង នៅក្នុងចំណោមក្រុមមនុស្សជាច្រើន នៅជិតតំបន់​ទាក់ទាញភ្ញៀវទេសចរបំផុត ក្នុងទីក្រុង Istanbul ហើយបានបណ្តាលឲ្យជនជាតិអាល្លឺម៉ង់ ចំនួន១០នាក់ស្លាប់ ហើយឧក្រិដ្ឋជន ត្រូវបានគេដឹងថា បានចូលមកកាន់ទឹកដីតួកគី ក្នុងនាមជាជនភៀសខ្លួន មកពីប្រទេសស៊ីរី៕