(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានព្រមានធ្ងន់ទៅលើឈ្មួញ និងអ្នកឃុបឃិតបើកដៃឲ្យមានការ រត់ពន្ធឈើទៅប្រទេសវៀតណាម ហើយបានចេញបញ្ជាឲ្យបិទគ្រប់ច្រករត់ពន្ធឈើទៅប្រទេសវៀតណាម។ ការព្រមាននេះ បាន ធ្វើឡើងនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី នាព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៦នេះ។

សម្តេចតេជោ ហ៊ុន សែន បានចុចចំពោះក្រុមឧកញ៉ា ដែលរកស៊ីកាងឈើរួមមាន៖ ឧកញ៉ា លឹម ប៊ុណ្ណ ហៅ ខ្នា និង ស៊ឹង សំអុល។  សម្តេចតេជោ បញ្ជាឲ្យអភិបាលខេត្តត្បូងឃ្មុំ ប្រាជ្ញចន្ទ និង អភិបាលស្រុកមេមត់ ចាត់ការទៅលើឧកញ៉ាកាងឈើទាំងពីរ នាក់នេះ  ប្រសិនបើមិនចង់ជ្រុះស័ក្តិ។

ប្រសាសន៍របស់សម្តេចតេជោ ត្រូវបានលោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន យកមកផ្សព្វផ្សាយបន្តលើទំព័រ Facebook  របស់លោក។ លោក ខៀវ កាញារីទ្ធ បានដកស្រង់ប្រសាសន៍សម្តេចមកបញ្ជាក់ថា «សម្តេចតេជោចេញបញ្ជាឲ្យបិទច្រករត់ពន្ធ ឈើ ទៅវៀតណាម ពិសេស លោកបានស្រង់សម្តីកាសែតដែលលើក ឡើងពីករណី ឧកញ៉ា លឹម ប៊ុណ្ណា ហៅ ខ្នា និង ស៊ឹង សំអុល ដែលកាងដឹកឈើ។ ដោយលោកចេញបញ្ជាឲ្យ ឯកឧត្តម ប្រាជ្ញចន្ទ និង អភិបាលស្រុកមេមត់ ទទួលធ្វើអោយបាន បើមិនចង់អស់បុណ្យស័ក្ដិ»