(ភ្នំពេញ)៖ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌជ្រោយចង្វារ បានសម្រេចប្រើវិធានការក្ដៅ ក្នុងការចុះរុះរើសំណង់របង និងទូរកុងតឺន័រ ដែលប៉ះពាល់ដល់គម្រោងស្ថាបនាផ្លូវ១០០ម៉ែត្រ ពីអ័ក្សផ្លូវជាតិលេខ៦ ក្នុងតំបន់ទីក្រុងរណបជ្រោយចង្វារ របស់ឈ្មោះ ប៉ុស ចំរើន ក្រោយពីរដ្ឋបាលខណ្ឌ ចេញសេចក្ដីជូនដំណឹងចំនួន២លើកមកហើយ តែម្ចាស់មិនព្រមរុះរើចេញពីទីតាំង។
ប្រតិបត្តិការក្ដៅក្នុងការចុះរុះរើសំណង់របង និងទូរកុងទែនន័រ ដែលប៉ះពាល់ដល់គម្រោងស្ថាបនាផ្លូវ១០០ម៉ែត្រ ពីអ័ក្សផ្លូវជាតិលេខ៦ ក្នុងតំបន់ទីក្រុងរណបជ្រោយចង្វារនេះ ក្រោមការបញ្ជារបស់លោក ឃ្លាំង ហួត អភិបាលខណ្ឌ និងដឹកនាំផ្ទាល់ពីលោក ហ៊ុយ សារុណ អភិបាលរងខណ្ឌ ដោយបានអនុវត្តឡើងស្ថិតនៅភូមិគៀនឃ្លាំង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០នេះ។
សូមបញ្ជាក់ថា លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ បានចេញលិខិតដែលមានកម្មវត្ថុ ស្ដីពីការដោះស្រាយផលប៉ះពាល់ ដីធ្លីសំណង់របង និងទូរកុងតឺន័រ ដោយគម្រោងស្ថាបនាផ្លូវ១០០ម៉ែត្រ ពីអ័ក្សផ្លូវជាតិលេខ៦ ក្នុងតំបន់ទីក្រុងរណបជ្រោយចង្វារ របស់ឈ្មោះ ប៉ុស ចំរើន ស្ថិតនៅភូមិគៀនឃ្លាំង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដោយយោងលិខិតលេខ ២១៦/២០ របកចុះថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២០ របស់រដ្ឋបាលខណ្ឌជ្រោយចង្វារ។
អភិបាលរាជធានីភ្នំពេញ បានប្រាប់លោកអភិបាលខណ្ឌជ្រោយចង្វារថា ចំពោះការដោះស្រាយផលប៉ះពាល់ដីធ្លីសំណង់របង និងទូរកុងតឺន័រ គម្រោងស្ថាបនាផ្លូវ១០០ម៉ែត្រ ពីអ័ក្សផ្លូវជាតិលេខ៦ ក្នុងតំបន់ទីក្រុងរណបជ្រោយចង្វារ របស់ឈ្មោះ ប៉ុស ចំរើន ស្ថិតនៅភូមិគៀនឃ្លាំង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ ដោយរដ្ឋបាលខណ្ឌបាន ជូនដំណឹងចំនួន០២លើក ឲ្យឈ្មោះ ប៉ុស ចំរើន ទទួលយកគោលនយោបាយ១០% ដែលរដ្ឋបាលរាជធានីភ្នំពេញបានត្រៀមទុក ព្រមទាំងរុះរើសំណង់ផ្សេងៗរបស់ខ្លួនឲ្យអស់ តែគាត់ នៅតែមិនអនុវត្តតាមខ្លឹមសារសេចក្ដីជូនដំណឹង របស់រដ្ឋបាលខណ្ឌដដែល។
លិខិតរបស់អភិបាលរាជធានីភ្នំពេញបញ្ជាក់ថា ដើម្បីពន្លឿនការស្ថាបនាផ្លូវ ប្រព័ន្ធលូ និងហេដ្ឋារចនាសម្ព័ន្ធដទៃទៀតស្របតាមប្លង់មេ នៃគម្រោងអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាលឲ្យបានជោគជ័យ និងឆាប់រហ័សទាន់ពេលវេលាកំណត់ និងដើម្បីបញ្ជៀសការកកស្ទះចរាចរណ៍ នៅតាមផ្លូវជាតិលេខ៦ ក៏ដូចការលិចលង់នៅរដូវវស្សាផងនោះ, រដ្ឋបាលរាជធានីភ្នំពេញ ឯកភាពតាមយោបល់របស់រដ្ឋបាលខណ្ឌជ្រោយចង្វារ ដោយត្រូវអនុវត្តវិធានការរដ្ឋបាលរុះរើសំណង់ និងទូរកុងតឺន័រ ដោយមានការចូលរួមពីព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងផ្ដល់សំណងតាមគោលនយោបាយ ដែលរដ្ឋបាលរាជធានីភ្នំពេញបានកំណត់ជូន៕