(ភ្នំពេញ)៖ បន្ទាប់ពីគណៈវិជ្ជាជីវៈសុខាភិបាលកម្ពុជា កាលពីម្សិលមិញ បានចេញលិខិតមួយច្បាប់ដោយជម្រាបជូន លោកវេជ្ជបណ្ឌិត គួច ម៉េងលី ដោយ​សុំឲ្យកែតម្រូវលើការនិយាយរបស់លោក ដែលបានចុះផ្សាយ នៅលើកាសែតភ្នំពេញប៉ុស្តិ៍ នាពេលថ្មីៗពាក់ព័ន្ធនឹងអត្តបទមួយ ក្រោមចំណងជើង «ពីក្មេងល្ងង់ខ្លៅក្រីក្រ ដើររើសចំណីតាមផ្លូវបរិភោគ ទៅជាសេដ្ឋីចិត្តធម៌» ដោយលោកវេជ្ជបណ្ឌិត បាននិយាយថា «ខ្ញុំអត់ដែលជួបពេទ្យ ណាអាក្រក់សែន អាក្រក់ដូចពេទ្យនៅស្រុកខ្មែរយើងទេ។ គាត់គ្មានវិជ្ជាជីវៈ គ្មានភាពទន់ភ្លន់ គ្មានមេត្តាធម៌ នេះខ្ញុំមិនមែននិយាយទាំងអស់ទេ ខ្ញុំនិយាយបើខ្ញុំបានជួប ១០មានអាក្រក់៩»

ប៉ុន្តែនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៦នេះ លោកវេជ្ជបណ្ឌិត បានឆ្លើយតបទៅវិញថា លោកមិនសុំទោសគណៈ​វិជ្ជាជីវៈ​សុខាភិបាល​កម្ពុជានោះ​ឡើយ ដោយលោកបានអះអាថា ការបញ្ចេញយោបល់របស់លោកជាលក្ខណៈបុគ្គល និងសិទ្ធិរបស់លោកតែប៉ុណ្ណោះ។

វេជ្ជបណ្ឌិត គួច ម៉េងលី បានថ្លែងប្រាប់អង្គភាព Fresh News នៅល្ងាចថ្ងៃនេះយ៉ាងដូច្នេះថា៖ «ការពន្យល់របស់ខ្ញុំ និងការបញ្ចេញយោបល់ខ្ញុំ គឺជាលក្ខណៈបុគ្គល និងសិទ្ធិរបស់ខ្ញុំតែប៉ុណ្ណោះ, មតិរបស់ខ្ញុំក្នុងន័យដាស់តឿន និងស្ថាបនាដល់គ្រូពេទ្យ ដើម្បីកុំឲ្យខ្វះក្រមសីលធម៌ទៀត ព្រោះវាជារឿងជាក់ស្តែង ដែលធ្វើឲ្យប្រជាពលរដ្ឋ ស្អប់ខ្ពើមគ្រូពេទ្យ និងចាកចេញពីប្រទេសទៅព្យាបាល នៅក្រៅប្រទេសច្រើនណាស់, ដូច្នេះការរិះគន់របស់ខ្ញុំក្នុងន័យបុគ្គលផ្ទាល់ខ្លួន ដែលខ្ញុំជួបប្រទះ។ ហើយការទាមទារពីគណៈ​វិជ្ជាជីវៈ​សុខាភិបាល​កម្ពុជា ឲ្យខ្ញុំសុំទោសនោះគឺ ខ្ញុំមិនសុំទោសនោះទេ»

Fresh News បានទំនាក់ទំនងទៅកាន់គណៈ​វិជ្ជាជីវៈ​សុខាភិបាល​កម្ពុជា ប៉ុន្តែពុំទទួលបានការឆ្លើយតបនោះ ដោយបានឆ្លើយថា «មិនទាន់ទទួលដំណឹងអំពីការមិនសុំទោសពីលោកវេជ្ជបណ្ឌិត គួច ម៉េងលី នៅឡើយទេ»

សូមជំរាបថា កាលពីម្សិលមិញ គណៈវិជ្ជាជីវៈសុខាភិបាលកម្ពុជា បានចេញលិខិតមួយច្បាប់ដោយជម្រាបជូនលោក គួច ម៉េងលី ដោយ​សុំឲ្យកែតម្រូវលើការនិយាយ របស់លោក គួច ម៉េងលី ដែលបានចុះផ្សាយនៅលើកាសែតភ្នំពេញប៉ុស្តិ៍ ពាក់ព័ន្ធនឹងអត្តបទមួយក្រោមចំណងជើង «ពីក្មេងល្ងង់ខ្លៅក្រីក្រ ដើររើសចំណីតាមផ្លូវបរិភោគ ទៅជាសេដ្ឋីចិត្តធម៌»

គណៈវិជ្ជាជីវៈសុខាភិបាលកម្ពុជា បានចេញលិខិតមួយច្បាប់ដោយសរេសរថា៖ «ទាក់ទងទៅនឹងអត្តបទសារព័ត៌មាន ក្រោមចំណងជើង «ពីក្មេងល្ងង់ខ្លៅក្រីក្រ ដើររើសចំណីតាមផ្លូវបរិភោគ ទៅជាសេដ្ឋីចិត្តធម៌» លើទំព័រកាសែតភ្នំពេញប៉ុស្តិ៍ ចុះថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៦ លោកបាននិយាយថា ខ្ញុំអត់ដែលជួបពេទ្យណាអាក្រក់សែនអាក្រក់ដូចពេទ្យនៅស្រុកខ្មែរយើងទេ។ គាត់គ្មានវិជ្ជាជីវៈ គ្មានភាពទន់ភ្លន់ គ្មានមេត្តាធម៌ នេះខ្ញុំមិនមែននិយាយទាំងអស់ទេ ខ្ញុំនិយាយបើខ្ញុំបានជួប ១០មានអាក្រក់៩, បើមានអាកប្បកិរិយាមារយាទអំនួត អឿ ឈ្លើយ ម៉ាបាវ តើកូនខ្មែរយើងអភ័ព្វយ៉ាងម៉េចទៅ»

គណៈវិជ្ជាជីវៈសុខាភិបាលកម្ពុជា សុំឲ្យលោក គួច ម៉េងលី ធ្វើការកែតម្រូវ និងសុំទោសសាធារណៈចំពោះពាក្យសម្តីរបស់លោក, ប៉ុន្តែនៅថ្ងៃនេះលោកវេជ្ជបណ្ឌិត គួច ម៉េងលី ប្រកាសថា មិនសុំទោសនោះទេ៕