(ភ្នំពេញ)៖ រដ្ឋបាលខណ្ឌជ្រោយចង្វារ នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០នេះ បានចេញសេចក្ដីប្រកាសព័ត៌មានបំភ្លឺ អំពីសកម្មភាព តវ៉ារបស់បងប្អូនប្រជាពលរដ្ឋ ប្រមាណជាង១០នាក់ ដែលមានដីធ្លីប៉ះពាល់ ក្នុងគម្រោងអភិវឌ្ឍន៍ ទីក្រុងរណបជ្រោយចង្វារ ស្ថិតក្នុងភូមិគៀនឃ្លាំង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
ពាក់ព័ន្ធករណីនេះ រដ្ឋបាលខណ្ឌជ្រោយចង្វារ សូមធ្វើការបញ្ជាក់ជូនជ្រាបថា តំបន់អភិវឌ្ឍន៍ទីក្រុងរណបជ្រោយចង្វារ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា បង្កើតជាតំបន់ អភិវឌ្ឍន៍ តាមរយៈអនុក្រឹត្យលេខ ៣៣ អនក្រ.បក ចុះថ្ងៃទី០៦ ខែមេសា ឆ្នាំ២០០១ និងបានធ្វើអនុបយោគពីដីសាធារណៈរបស់រដ្ឋ មកជាដីឯកជនរបស់រដ្ឋ សម្រាប់ប្រទានកម្មជាកម្មសិទ្ធិជូនសាលារាជធានីភ្នំពេញ តាមរយៈអនុក្រឹត្យលេខ៤៨ អនក្រ.បក ចុះថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៦។
ដើម្បីអភិវឌ្ឍន៍ តំបន់ខាងលើ ឲ្យប្រែក្លាយមុខមាត់ទៅជាតំបន់ទីក្រុងរណបថ្មីមួយ នៃរាជធានីភ្នំពេញ និងស្របតាមប្លង់គោលនោះ កន្លងមករដ្ឋបាលរាជធានីភ្នំពេញ និងរដ្ឋបាលខណ្ឌជ្រោយចង្វារ បានចុះអនុវត្តការឈូសឆាយស្ថាបនាផ្លូវ១០០ម៉ែត្រ ពីអ័ក្សផ្លូវជាតិលេខ៦ ក្នុងសង្កាត់ជ្រោយចង្វារ និងសង្កាត់ព្រែកលៀប។
ទន្ទឹមនឹងការស្ថាបនាផ្លូវនេះ មានប្អូនប្រជាពលរដ្ឋភាគច្រើន បានស្ម័គ្រចិត្តចូល រួមចំណែកធ្វើសម្បទានដី និងទីតាំងសំណង់របស់ខ្លួន ព្រមទាំងទទួលយកគោលការណ៍ ដោះស្រាយ របស់រដ្ឋបាលរាជធានីភ្នំពេញរួចហើយដែរ។
ដោយឡែក ចំពោះការផ្សាយផ្ទាល់ព័ត៌មាន មានប្រជាពលរដ្ឋត្រូវ ជាក្រុមគ្រួសាររបស់លោក ប៉ុស ចម្រើន បានចោទប្រកាន់មកលើរដ្ឋបាលខណ្ឌថា រំលោភបំពានលើទីតាំងដីរបស់គាត់ និងជាទីតាំងដីរបស់គាត់មិនស្ថិតក្នុងតំបន់អភិវឌ្ឍន៍នោះទេ ត្រង់ចំណុចនេះ រដ្ឋបាលខណ្ឌជ្រោយចង្វារ សូមធ្វើការច្រានចោលទាំងស្រុង។
ខាងក្រោមនេះ ជាសេចក្ដីប្រកាសព័ត៌មាន របស់រដ្ឋបាលខណ្ឌជ្រោយចង្វារ ដែលមានខ្លឹមសារទាំងស្រុង៖