(ប៉ៃលិន)៖ ប្រជាកសិកររកស៊ីដាំដំឡូងមី នៅខេត្តប៉ៃលិន បានលើកឡើង ថា ឆ្នាំនេះមិនសូវមានភ្លៀង ធ្វើឲ្យផលដំណាំរបស់ពួកគាត់ ពុំសូវទទួលបានទិន្នផលច្រើន ដូចឆ្នាំមុនៗទេ ចំណែកតម្លៃទីផ្សារក៏ធ្លាក់ចុះថោក ជាងឆ្នាំមុនៗផងដែរ។ បើទោះបីជាចំការដំឡូងមី របស់ពួកគាត់ មើលទៅឃើញថា ល្អយ៉ាងណាក៏ដោយ ក៏ពួកគាត់បានអះអាងថា ទិន្នផលឆ្នាំនេះ បានថយចុះជាងឆ្នាំមុនៗ ដោយដំឡូងមីមើម តូចៗ និងមិនសូវមានម៉្សៅទៀតផង។

ប្រជាកសិករទាំងនេះបានត្អូញត្អែរថា ដំណាំដំឡូងមី រាល់ឆ្នាំទទួលបានទិន្នផលខ្ពស់ មើមធំៗ ដោយក្នុង១ហិចតា ទទួលបានផល ជាមធ្យម ពី៣០ទៅ៤០តោន ប៉ុន្តែឆ្នាំនេះទិន្នផលមានការថយចុះ ដោយគិតជាមធ្យមក្នុង១ហិចតាបានត្រឹមតែ១៥ទៅ២០តោនតែប៉ុណ្ណោះ ពីព្រោះឆ្នាំនេះ ទឹកភ្លៀងមិនគ្រប់គ្រាន់ ហើយអ្វីដែលពួកគាត់កាន់តែព្រួយបារម្ភទៅទៀតនោះ គឺតម្លៃទីផ្សារ ដំឡូងមីមិនសូវល្អ ចុះថោក បើប្រៀបធៀបការ ប្រមូលផលដើមដៃ រៀងរាល់ឆ្នាំ គឺដំឡូងស្រស់តម្លៃចាប់ពី២បាត ទៅ២,៥បាតក្នុង១គីឡូក្រាម ប៉ុន្តែឆ្នាំនេះ ដំឡូងស្រស់គឺលក់ បានត្រឹមតែ១,៥បាត ទៅ១,៨បាតតែប៉ុណ្ណោះ។

ដូច្នេះធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ច គ្រួសាររបស់ពួកគាត់យ៉ាងខ្លាំង ហើយម៉្យាងទៀត ឆ្នាំនេះរាំងស្ងួតខ្លាំងពេក ពួកគាត់ត្រូវទិញពូជដំឡូងមីដាំជាច្រើនដង ចំណាយថវិកាច្រើន តម្រូវឲ្យពួកគាត់ខ្លីប្រាក់ពីធនាគារ និងមីក្រូហិរញ្ញវត្ថុនានា យកទៅប្រើប្រាស់ លើការងារដាំដុះនេះ។

កត្តាទាំងនេះហើយ ពួកគាត់ព្រួយបារម្ភថា គ្មានលុយសងគេ ហើយអាចត្រូវធនាគាររឹបអូសយកដីធ្លីផ្ទះសម្បែងទៀតផង។ ប្រជាកសិករ បានសំណូមពរដល់រាជរដ្ឋាភិបាល ជួយរកទីផ្សារឲ្យពួកគាត់ផង ជាពិសេសជួយ ឲ្យធនាគារ និងមីក្រូហិរញ្ញវត្ថុនានា បន្ធូរបន្ថយ ឬពន្យាពេលនៃការសងបំណុល។

លោក សាយ សុផាត ប្រធានមន្ទីរការកសិកម្ម ខេត្តប៉ៃលិន បានឲ្យដឹងថា ទិន្នផលដំឡូងមីថយចុះ នៅឆ្នាំនេះដោយសារកត្តាជាច្រើនរួមផ្សំគ្នា ដូចជា រាំងស្ងួតខ្លាំងនៅដើមឆ្នាំ ហើយភ្លៀងជនខ្លាំងនៅចុងឆ្នាំធ្វើឲ្យរលួយមើមដំឡូងមី សត្វល្អិតប្រភេទ ពីងពាងក្រហមបំផ្លាញ និងបច្ចេកទេសក្នុងការដាំដុះ ដោយប្រជាពលរដ្ឋ ដាំដុះដំណាំដំឡូងមីនេះ លើដីដដែលៗជាច្រើនឆ្នាំមកហើយ។

នៅឆ្នាំ២០១៥ ផ្ទៃដីដែលកសិករ ដាំដំណាំដំឡូងមី មានចំនួន ៤៨៧៧៩ ហិចតា ហើយទើបតែប្រមូលផល បានចាប់ពី ១៥ ទៅ ២០ភាគរយតែប៉ុណ្ណោះ ចំណែកទីផ្សារ គឺពឹងផ្អែកលើការ លក់ទៅឲ្យប្រទេសថៃ៕