(ភ្នំពេញ)៖ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០នេះ បានអនុញ្ញាតឲ្យលោក ចាំង លុជឺ នាយកក្រុមហ៊ុន លឹម រ៉ូយ៉ាល់ ជ័ញ ស្តុក និងសហការី ចូលជួបសម្តែងការគួរសម ពិភាក្សាការងារ និងរាយការណ៍ជូនជ្រាបអំពីវឌ្ឍនភាព នៃការអភិវឌ្ឍដី សម្បទានសេដ្ឋកិច្ច ដែលមានទីតាំងនៅស្រុកពេជ្រាដា ខេត្តមណ្ឌលគីរី។ កិច្ចប្រជុំនេះ ធ្វើឡើងនាទីស្ដីការក្រសួងកសិកម្ម។
យោងតាមរបាយការណ៍ របស់អគ្គលេខាធិការដ្ឋានដីសម្បទានសេដ្ឋកិច្ច បានបង្ហាញថា ក្រុមហ៊ុន បានទទួលការអនុញ្ញាត ធ្វើការអភិវឌ្ឍលើដីសម្បទានសេដ្ឋកិច្ច ពីរាជរដ្ឋាភិបាលចំនួន ៩,០៦៨ហិកតា នៅឆ្នាំ២០១៧ ដើម្បីធ្វើការដាំដុះដំណាំឧស្សាហកម្ម។
យោងលើលទ្ធផល នៃការចុះពិនិត្យ និងវាយតម្លៃជារួមអំពីវឌ្ឍនភាព នៃការអនុវត្តគម្រោងអភិវឌ្ឍ អគ្គលេខាធិការដ្ឋានយល់ឃើញថា ក្រុមហ៊ុននៅមានការយឺតយ៉ាវ លើការអនុវត្តផែនការសកម្មភាព ដែលបានឯកភាពជាមួយក្រសួង និងមានជួបបញ្ហានៃការផ្លាស់ប្តូរមុខដំណាំ ដោយជួបនឹងបញ្ហាប្រឈមទាក់ទងទៅនឹងគុណភាពដី
ហើយនិងការសំអាតដីធ្លី ដែលទាមទារឲ្យក្រុមហ៊ុនពិនិត្យពិចារណា ឲ្យបានល្អិតល្អន់ គ្រប់ជ្រុងជ្រោយឡើងវិញ លើឯកសារ បច្ចេកទេស គតិយុត្ត សារាចរណែនាំ និងសេចក្តីសម្រេច និងការណែនាំដែលចេញដោយក្រសួង ដើម្បីចៀសវាងបាតុភាពអវិជ្ជមានណាមួយ ដែលអាចកើតមានឡើង និងជាពិសេសធ្វើឲ្យដំណើរការ នៃគម្រោងវិនិយោគមានភាពយឺតយ៉ាវ។
ចំពោះករណីនេះ លោករដ្ឋមន្ត្រី វេង សាខុន បានណែនាំដល់ក្រុមហ៊ុន ឲ្យយកចិត្តទុកដាក់អនុវត្តន៍ផែនការសកម្មភាព ដែលក្រសួងបានឯកភាព ឲ្យបានពេញលេញ ទាន់ពេល និងមានប្រសិទ្ធភាព ដើម្បីចៀសវាងបាតុភាពអសកម្ម។ ក្រុមហ៊ុនត្រូវចូលរួមសហការ ឲ្យបានល្អប្រសើរជាមួយអគ្គលេខាធិការដ្ឋាន ដើម្បីបំពេញបែបបទ ស្នើសុំអនុវត្តន៍ផែនការ សកម្មភាពអនុវត្តន៍គម្រោងបន្ត ដោយមានការប្រុងប្រយ័ត្នខ្ពស់ ជៀសវាងឲ្យខានតែបាននូវរាល់សកម្មណាដែលខុសច្បាប់។
ជាការឆ្លើយតប ក្រុមហ៊ុនរីករាយទទួលយកអនុសាសន៍ របស់លោករដ្ឋមន្រ្តី វេង សាខុន ទៅអនុវត្តហើយបានសន្យាថា នឹងចូលរួមសហការអនុវត្ត ឲ្យបានពេញលេញលើឯកសារគតិយុត្ត ធ្វើយ៉ាងណាឲ្យគម្រោងវិនិយោគនេះ សម្រេចទទួលបានជោគជ័យ តាមការគ្រោងទុក៕