(សៀមរាប)៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០នេះ បានដឹកនាំគណៈប្រតិភូអមដំណើរអញ្ជើញគោរពបូជា អុជទៀនធូបថ្វាយផ្កាភ្ញី នៅដំណាក់ព្រះអង្គចេកព្រះអង្គចមក្នុងក្រុងសៀមរាប ដើម្បីបួងសួងសុំសេចក្តីសុខសេចក្តីចម្រើនកើតមានដល់មហាគ្រួសារ ក្រសួងសាធារណការ និងដឹកជញ្ជូន និងបងប្អូនប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស។

គួរកត់សម្គាល់ថា ព្រះអង្គចេក ព្រះអង្គចម លោកយាយទេព គឺជាបដិមាដែលប្រជារាស្ត្រខ្មែរតែងតែគោរពបូជា និងមានជំនឿយ៉ាងជ្រាលជ្រៅ នៅពេលបានមក កាន់ទឹកដីខេត្តសៀមរាប ដោយពួកគាត់ភាគច្រើនតែងតែមកគោរពបូជាអុជទៀនធូប បូជាបច្ច័យ ថ្វាយផ្កាភ្ញី សុំសេចក្តីសុខសេចក្តី ចម្រើនតាមសេចក្តីប៉ងប្រាថ្នារៀងៗខ្លួន។

បន្ទាប់ពីអញ្ជើញគោរពបូជា អុជទៀនធូបថ្វាយផ្កាភ្ញី នៅដំណាក់ព្រះអង្គចេក ព្រះអង្គចម រួចមក លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាននាំយកទេយ្យទាន គ្រឿងបរិក្ខារ និងសម្ភារផ្សេងៗរួមមាន៖ អង្ករ ទឹកត្រី ទឹកស៊ីអ៊ីវ មី ត្រីខ ទឹកសុទ្ធ និងទឹកក្រូច ព្រមទាំងបច្ច័យមួយចំនួនប្រគេនដល់ព្រះសង្ឃគង់នៅវត្តព្រះព្រហ្មរ័ត្ន និងវត្តរាជបូព៌ ឋិតនៅក្រុងសៀមរាប ដើម្បីទ្រទ្រង់ចង្ហាន់ក្នុងពេលព្រះសង្ឃ កំពុងប្រតិបត្តិ តាមវិធានការនានារបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល ដែលបានដាក់ចេញកាល ពីពេលថ្មីៗនេះដើម្បីបង្ការ ទប់ស្កាត់ការរីករាលដាលនៃមេរោគកូវីដ-១៩ ឱ្យកាន់តែមានប្រសិទ្ធភាព។

ក្នុងឱកាសនោះផងដែរលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់បន្តរក្សាគោលការណ៍អនាម័យ ដៃស្អាត ប្រើក្រមា ឬក្រដាសខ្ទប់មាត់ពេលក្អក ឬកណ្តាស់ ពាក់មាសតាមការចាំបាច់រក្សាគម្លាតតាមការណែនាំ ដើម្បីរួមគ្នាទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩៕