(ភ្នំពេញ)៖ លោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានផ្តាំទៅអ្នកជំនាន់ក្រោយកម្ពុជា-វៀតណាម ឱ្យចងចាំថា មិនមែនកម្ពុជាតែឯងទេដែលជំពាក់គុណវៀតណាម ប៉ុន្តែវៀតណាមក៏នៅជំពាក់គុណកម្ពុជាដែរ ពាក់ព័ន្ធនឹងរឿង «ផ្លូវលំហូជីមិញ» ដែលនាំឱ្យមានការបង្រួបបង្រួមវៀតណាមទាំងពីរ កាលពីអតីតកាល។

ការលើកឡើងរបស់ លោកបណ្ឌិត សុខ ទូច បានធ្វើឡើងនៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ ក្នុងកិច្ចពិភាក្សាតុមូលស្តីពី «ការប្រឈមមុខដាក់គ្នាខាងភូមិសាស្ត្រ នយោបាយរវាងចិន និងសហរដ្ឋអាមេរិក» ដែលរៀបចំឡើងដោយ រាជបណ្ឌិត្យសភាកម្ពុជា។

លោក សុខ ទូច បានបន្តុះបង្អាប់វៀតណាម ពាក់ព័ន្ធនឹងការចាប់ដៃគ្នាជាមួយសហរដ្ឋអាមេរិក កាលពីពេលថ្មីៗកន្លងទៅនេះ។ លោកបញ្ជាក់ថា «វៀតណាម ចេះណាស់ដោយសារតែផលប្រយោជន៍ អញ្ចឹងបើវៀតណាមចេះ កម្ពុជាក៏ត្រូវតែចេះដែរ ចេះអីតែឯង ! អ្នកឯងចេះទៅចាប់អាមេរិក គេមិនលូកដៃផង គេក៏ចេះទៅចាប់ចិនចិនដែរ ព្រោះផលប្រយោជន៍យើងតើ»

លោកផ្តាំថា៖ «ត្រូវចាំ វៀតណាមក៏ត្រូវជំពាក់គុណកម្ពុជាដែរ មិនមែនតែកម្ពុជាទេ ដែលជំពាក់គុណវៀតណាម គឺ “ផ្លូវលំហូជីមិញ” នៅឆ្នាំ១៩៧៥ បើគ្មានខ្មែរឱ្យទឹកដី ក៏មិនអាចបង្រួបបង្រួមវៀតណាមទាំងពីរបានដែរ អញ្ចឹងកុំមកបោះតង់បោះអីមិនប្រាប់ខ្មែរ»