(ស្ទឹងត្រែង)៖ ប្រជាពលរដ្ឋកំពុងរស់នៅក្នុងឃុំអន្លង់ជ្រៃ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង បានស្នើសុំសិទ្ធិកាន់កាប់ដីស្រែ និងចម្ការដោយស្របច្បាប់ទៅថ្នាក់ដឹកនាំក្រោយពួកគាត់បានរស់នៅ និងអាស្រ័យផលលើដីនោះអស់ជាច្រើនឆ្នាំមកហើយ។
នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០នេះ លោក យក់ ម៉ៅ មេភូមិអន្លង់ជ្រៃ បានឲ្យដឹងថា ប្រជាពលរដ្ឋចំនួន ៤១២គ្រួសារ ចង់បានដីស្រែ និងដីចម្ការលើផ្ទៃដីទំហំ ៤៦៥៦ហិកតា សម្រាប់កូនចៅធ្វើកម្មសិទ្ធិក្នុងភូមិសាស្រ្តឃុំអន្លង់ជ្រៃ។ ពួកគាត់មិនចង់ឃើញអ្នកចំណាកស្រុកមានដីកាន់កាប់ត្រឹមត្រូវស្របច្បាប់ ឯចំណែកពួកគាត់ ដែលរស់នៅក្នុងមូលដ្ឋាន បែរជាគ្មានដីសម្រាប់អាស្រ័យផលនោះទេ។
ពួកគាត់នៅតែសង្ឃឹមលើការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដោយផ្តល់សិទិ្ធកាន់កាប់ដីស្រែចម្ការស្របច្បាប់ ដល់ពួកគាត់ ដែលកំពុងរស់នៅក្នុងឃុំអន្លង់ជ្រៃ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែងនេះ។
ពួកគាត់ក៏សង្ឃឹមយ៉ាងមុតមាំដែរថា លោក ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង នឹងជួយដោះស្រាយករណីជូនពួកគាត់៕