(ពោធិ៍សាត់)៖ សិស្សក្រីក្រីក្នុងខេត្តពោធិ៍សាត់ ដែលខ្វះមធ្យោបាយធ្វើដំណើរទៅក្រេបយកចំណេះវិជ្ជា និង ខ្វះសម្ភារៈសិក្សានៅ ក្នុងខេត្តពោធិ៍សាត់ ត្រូវបានសមាគមរ៉ូតារីពោធិ៍សាត់ បានធ្វើការសហការជាមួយ សមាគមរ៉ូតារីសិនតូសា (Sentosa) ប្រទេស សិង្ហបុរី ផ្តល់កង់ចំនួន ៧០០គ្រឿង និងសម្ភារៈសិក្សា ១៧០០កញ្ចប់។ ក្រុមសប្បុរសជន បានបង្ហាញក្តីរំពឹងថា ជំនួយកង់ និង ស ម្ភារៈសិក្សាទាំងនេះ អាចជួយឲ្យសិស្សក្រីក្របន្តការសិក្សា ពង្រីកចំណេះដឹង ជាពិសេសបង្កើនធនធានសម្រាប់អភិវឌ្ឍប្រទេស កម្ពុជាតែម្តង។

សិស្សក្រីក្រ ដែលមកទទួលកង់ និងសម្ភារៈសិក្សានាព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៦នេះ មកពី ៥០សាលា ក្នុងស្រុកកណ្តៀង  ស្រុកភ្នំក្រវាញ ស្រុកបាកាន ស្រុកក្រគរ និង ក្រុងពោធិ៍សាត់។ ពិធីប្រគល់កង់ និង សម្ភារៈសិក្សា ត្រូវបានធ្វើឡើងនៅបរិវេណស្ថា  នីយ៍ទូរទស្សន៍ ទទក ខេត្តពោធិ៍សាត់ ក្រោមអធិបតីភាពលោក ខូយ រីដា អភិបាលរងខេត្តពោធិ៍សាត់ និង លោក Philip Chong  អភិបាលតំបន់៣៣១០ មកពីប្រទេសសិង្ហបុរី។

លោក ហេង រួន ប្រធានសមាគមរ៉ូតារីពោធិ៍សាត់ បានឲ្យដឹងថា គម្រោងដែលបានអនុវត្តជាមួយសមាគមរ៉ូតារីសិនតូសា ប្រទេស សិង្ហបុរីកន្លងមក បានចែកកង់ល់សិស្សានុសិស្សចំនួន ៣លើករួចមកហើយ លើកទី១ ចំនួន ២៤៥គ្រឿង លើកទី២ ចំនួន ៣០៥  គ្រឿង និង លើកទី៣ ចំនួន ១០៣០គ្រឿង។

លោក ខូយ រីដា បានថ្លែងអំណរគុណដល់សមាគមរ៉ូតារីសិនតូសា ប្រទេសសិង្ហបុរី ដែលបានជួយឧបត្ថម្ភកង់ និង សម្ភារៈសិក្សា ដល់សិស្សានុសិស្សក្រីក្រ ក្នុងខេត្តពោធិ៍សាត់។ លោកអភិបាលរងខេត្ត ក៏បានផ្តាំផ្ញើដល់សិស្សានុសិស្ស ពេលបានទទួលសម្ភារៈ  ទាំងនេះ ត្រូវចេះថែរក្សាឲ្យបានល្អ និង ត្រូវខិតខំរៀនសូត្រ។

លោក ខូយ រីដា បានបន្តទៀតថា ឲ្យសិស្សានុសិស្សទាំងអស់ ត្រូវចេះគោរពច្បាប់ចរាចរណ៍ និង ត្រូវជៀសឲ្យផុតពីគ្រឿងញៀន  ដើម្បីក្លាយខ្លួន ជាកូនល្អ សិស្សល្អ មិត្តល្អ និង ជាទំពាំងស្នងឬស្សីទៅថ្ងៃអនាគត៕