(កំពត)៖ កម្មកររោងចក្រស៊ីម៉ងត៍ភ្នំល្អាង ២នាក់ បានស្លាប់ក្រោមបំណែកថ្ម ខណៈឡើងបំផ្ទុះយកថ្មភ្នំមិនប្រយ័ត្ន កាលពីវេលាម៉ោង ៤៖៤០នាទរសៀលនាថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ ត្រង់ចំណុចភ្នំមួយកន្លែងស្ថិតក្នុងភូមិល្អាង ឃុំល្អាង ស្រុកដងទង់ ខេត្តកំពត។

នគរបាលស្រុកដងទង់ បានឱ្យដឹងថា កម្មករ២នាក់ ដែលធ្វើការក្នុងក្រុមហ៊ុនផលិតស៊ីម៉ងត៍ភ្នំល្អាង (រោងចក្រថៃប៊ុនរុង) បានស្លាប់ក្រោមបំណែកថ្មយ៉ាងអាណោចអាធ័ម ខណៈកម្មករជាជនរងគ្រោះ ទាំងពីរនាក់ បានឡើងទៅបំផ្ទុះយកថ្មភ្នំសម្រាប់ផលិតស៊ីម៉ងត៍ក្នុងរោងចក្រ។

សមត្ថកិច្ចដដែល បានបញ្ជាក់ថា ជនរងគ្រោះដែលស្លាប់ទាំងពីរនាក់រួមមាន៖

*ទី១៖ ឈ្មោះ គុណ រ៉ាល់ ហៅតាល់ អាយុ២៩ឆ្នាំ
*ទី២៖ ឈ្មោះ ញឹប សារុន អាយុ៣៣ឆ្នាំ។

ជនរងគ្រោះទាំងពីរនាក់ រស់នៅក្នុងភូមិដំណាក់ត្រាច ឃុំកណ្តោល ស្រុកទឹកឈូ ខេត្តកំពត។ ជនរងគ្រោះទាំងពីរនាក់នេះ ធ្វើការនៅក្រុមហ៊ុនផលិតសុីម៉ងត៍ ថៃប៊ុនរុង ដែលមានទីតាំងស្ថិតក្នុងភូមិល្អាង ឃុំល្អាង ស្រុកដងទង់ ខេត្តកំពត។ បច្ចុប្បន្នសាកសពជនរងគ្រោះទាំងពីរនាក់ ត្រូវបានកាយរកឃើញ ហើយប្រគល់ជូនក្រុមគ្រួសារ ដើម្បីចាត់ចែងធ្វើបុណ្យតាមប្រពៃណី។

ដោយឡែកក្រុមហ៊ុន ថៃប៊ុនរុង បានសងសំណងទៅលើសាកសព ក្នុងម្នាក់ ៣៥,០០០ដុល្លារ និងថវិកាចូលរួមបុណ្យសពម្នាក់ ៤,០០០,០០០រៀលផងដែរ៕