(ព្រះវិហារ)៖ ស្ថានីយចែកចាយទឹកស្អាតមួយកន្លែងតម្លៃជាង៦២លានរៀល នៅតំបន់ដាច់ស្រយាលនៅភូមិទួលធ្នង់ (ភូមិរណប) ឃុំតស៊ូ ស្រុកជ័យសែន ខេត្តព្រះវិហារ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ហើយបានចែកចាយទឹកស្អាតជូនប្រជាពលរដ្ឋបានប្រើប្រាស់គ្រប់គ្រាន់។

នាឱកាសចូលរួមក្នុងពិធីសម្ពោធស្ថានីយទឹកស្អាត នាថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០ លោក ម៉ប់ ធីរិត ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះវិហារ បានឱ្យដឹងថា ក្រោមការគាំទ្រសម្របសម្រួលការងារបច្ចេកទេសរបស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ដែលបានសហការជាមួយអាជ្ញាធរមូលដ្ឋាន និងអង្គការទស្សនពិភពលោក ក៏បានសាងសង់ស្ថានីយ៍ចែកចាយទឹកស្អាតនេះឡើង តាមស្តង់ដាបច្ចេកទេសខ្ពស់។

លោក ម៉ប់ ធីរិត បានបន្តថា ជាមួយនឹងការសម្ពោធដាក់ឱ្យប្រើប្រាស់ស្ថានីយចែកចាយទឹកស្អាតនេះ មន្ទីរអភិវឌ្ឍន៍ជនបទក៏បាននិងកំពុងធ្វើនោះ រួមមានការជីកស្រះ ជីកអណ្តូង និងជួសជុលកែលម្អផ្លូវនៅតាមជនបទជាដើម។

ជាមួយគ្នានោះ លោក រស់ ហេង អភិបាលស្រុកជ័យសែន បានថ្លែងថា ស្ថានីយចែកចាយទឹកស្អាតនេះបាននិងកំពុងបម្រើផលប្រយោជន៍ឱ្យប្រជាពលរដ្ឋ ៦៧ គ្រួសារ។

លោកថា នៅតំបន់នេះមានអណ្តូងទឹកចំនួន ១០ រួមនិងអណ្តូងទឹកឯកជន តែនៅរដូវប្រាំងភូមិនេះរងការខ្វះខាតទឹកដោយកន្លែង ដោយសារភូមិនេះស្ថិតក្នុងទីទួលខ្ពស់ ធ្វើឱ្យប្រជាពលរដ្ឋទៅដងទឹកអូរ ទឹកព្រែកយកមកប្រើប្រាស់។

ដោយឃើញស្ថានការលំបាករបស់ប្រជាពលរដ្ឋ អាជ្ញាធរភូមិ-ឃុំ និងប្រជាពលរដ្ឋបានចូលរួមជាបដិភាគសម្រាប់ការសាងសង់ស្ថានីយទឹកមួយនេះ ដោយមានការឧបត្ថម្ភគាំទ្រពីអង្គការទស្សនពិភពលោក និងគាំទ្រសម្របសម្រួលការងារបច្ចេកទេសពីមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ដើម្បីជួយសម្រួលល់ការប្រើប្រាស់ជាលក្ខណៈគ្រួសារដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

សូមជម្រាបថា ស្ថានីយចែកចាយទឹកស្អាតនេះចាប់ផ្តើមសាងសង់នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ និងបញ្ចប់ការសាងសង់នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២០ ដោយចំណាយថវិកាសរុប ៦២,២១៤,០០០ រៀល៕