(ប៉ៃលិន)៖ លោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានចុះត្រួតពិនិត្យដំណើរការដាក់ម៉ាស៊ីនវាស់កម្ដៅស្វ័យប្រវត្តិនៅចក្រទ្វាអន្តរជាតិព្រំ សម្រាប់វាស់កម្ដៅអ្នកដំណើរ និងភ្ញៀវទេសចរចេញចូលមកតាមច្រកទ្វារអន្តរជាតិនេះ។

ក្នុងពេលចុះត្រួតពិនិត្យនាថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០ លោក ផាន់ ចាន់ធុល បានឱ្យដឹងថា ម៉ាស៊ីនស្គែនកម្ដៅស្វ័យប្រវត្តិនេះ នឹងបង្កលក្ខណៈងាយស្រួលជាមុន សម្រាប់វាស់កម្ដៅអ្នកដំណើរ និងភ្ញៀវទេសចរចេញចូលមកតាមចក្រទ្វារអន្តរជាតិព្រំ ខេត្តប៉ៃលិន។

លោកអភិបាលខេត្តបានជំរុញដល់មន្រ្តីចត្តាឡីស័កដែលប្រចាំការនៅច្រកទ្វារអន្តរជាតិនេះ ត្រូវខិតខំតាមដានដោយយកចិត្តទុកដាក់ខ្ពស់ ស្របពេលដែលមានផ្ទុះជំងឺកូវីដនេះសាជាថ្មីនៅក្នុងប្រទេសកម្ពុជា។ លោកថ្លែងអំណអរគុណដល់ក្រសួងសុខាភិបាល ដែលបានផ្តល់ជាម៉ាស៊ីនស្កេនកម្ដៅស្វ័យប្រវត្តិនេះ ដើម្បីទប់ស្កាត់នៃការរីករាលដាលជំងឺកូវីដ-១៩។

នាឱកាសនោះ លោក ផាន់ ចាន់ធុល ក៏បានក្រើនរំលឹកដល់អាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ និងក្រុមគ្រូពេទ្យជំនាញត្រូវបន្តផ្សព្វផ្សាយអប់រំនៅតាមមូលដ្ឋាន ជាពិសេសនៅតាមទីប្រជុំជន និងទីសាធារណៈឲ្យបានផុលផុសអំពីវិធានការបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។

បើតាមការបញ្ជាក់របស់លោក ស្លេះ យូ ប្រធានមន្ទីរសុខាភិបាលខេត្ត បានឱ្យដឹងថា ការដាក់ម៉ាស៊ីនស្កេនកម្ដៅស្វ័យប្រវត្តិរកមេរោគកូវីដ នៅមាត់ច្រកទ្វារអន្តរជាតិព្រំនេះ គឺដើម្បីស្កេនពលរដ្ឋ និងភ្ញៀវចេញចូលទាំងអស់ ហើយប្រសិនបើមានរោគសញ្ញាសង្ស័យ ដែលមានកម្ដៅចាប់ពី ៣៨ អង្សាសេទ្បើងទៅ មន្ត្រីជំនាញនឹងនាំចូលក្នុងបន្ទប់សុវត្ថិភាព ដើម្បីបន្តការពិនិត្យ និងវាស់កម្ដៅសាជាថ្មី ក្នុងករណីសង្ស័យថាជារោគសញ្ញាជំងឺកូវីដ-១៩ គឺត្រូវដាក់គាត់នៅដាច់ដោយឡែក ក្នុងនោះក៏មានក្រុមគ្រូពេទ្យប្រចាំការ ២៤ ម៉ោង និងត្រូវយកសំណាកអ្នកជំងឺសង្ស័យទៅពិនិត្យនៅវិទ្យាស្ថានប៉ាស្ទ័រ ដើម្បីទទួលបានលទ្ធផលច្បាស់លាស់៕