(ស្វាយរៀង)៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន គណៈកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង នាព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២០នេះ បាននាំយកអំណោយកាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ជាប្រធាន ផ្តល់ជូនប្រជាពលរដ្ឋនៅស្រុកចន្ទ្រា មកពីឃុំទួលស្តី និងឃុំសំរោង សរុបចំនួន៥៧គ្រួសារ ដែលជាចាស់ជរាគ្មានទីពឹង ស្រ្តីមេមាយ ជនចំណាកស្រុក និងគ្រួសារមានជីវភាពខ្វះខាត។

លោកស្រីបានថ្លែងក្នុងឱកាសនោះថា ទោះបីជំងឺឆ្លងកូវីដ១៩ មានការរីរាលដាល នៅលើពិភពលោក យ៉ាងណាក៏ដោយ កាកបាទក្រហមកម្ពុជា នៅតែយកចិត្តទុកដាក់ជាប់ជានិច្ច ជាពិសេសការផ្តាំផ្ញើសាកសួរទុក្ខ ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជានិច្ចជាកាលសម្តេច តែងតែគិតគូរជានិច្ច ពីសុខទុក្ខ សុខភាព និងជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ដោយមិនប្រកាន់និន្នការនយោបាយ ជំនឿ សាសនា ពណ៌សម្បុរនោះឡើយ។ ទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា ដោយមិនគិតភាពលំបាកជិត ឬឆ្ងាយ ព្យុះភ្លៀង កាកបាទក្រហមកម្ពុជា ទៅដល់ទីនោះភ្លាមដោយមិនរួញរាឡើយ។

លោកស្រីក៏បានកោតសសើរដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់នៃខេត្តស្វាយរៀង ដែលបានចូលរួមយ៉ាងសកម្មក្នុង ការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ជាពិសេសការធ្វើចត្តាឡីស័កឲ្យបានហ្មត់ចត់ ចំពោះបងប្អូនដែលធ្វើការចំណាកស្រុក នៅពេលដែលត្រលប់ចូលមកស្រុកកំណើតវិញ។

លោកស្រីក៏បានបញ្ជាក់ថា «យើងត្រូវប្រុងប្រយ័ត្នខ្ពស់បន្ថែមទៀតក្នុងការពារសុខភាព និងធ្វើអនាម័យតាមការណែនាំ របស់លោកគ្រូពេទ្យ និងការផ្សព្វផ្សាយរបស់ក្រសួងសុខាភិបាលជាប់ជានិច្ច ពីព្រោះជំងឺឆ្លងកូវិដ១៩ មិនទាន់រលាយ បាត់ពីផែនដីនៅឡើយទេ ព្រោះជំងឺនេះកាចសាហាវណាស់ វាអាចឆ្លងពីមនុស្សម្នាក់ ទៅមនុស្សម្នាក់ និងអាចធ្វើមនុស្សបាត់បង់ជីវិតភ្លាមៗផងដែរ។ យើងភ្លេចកូវីដ១៩ ប៉ុន្តែកូវីដ១៩មិនភ្លេចយើងនោះទេ»

លោកស្រីបានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់គ្នា ត្រូវបង្កើនការផលិតផ្នែកកសិកម្ម តាមរយៈការដាំដុះ ការចិញ្ចឹមសត្វជាដើម ចំណែកឯអជ្ញាធរត្រូវតែពង្រឹងឲ្យមានប្រសិទ្ធិភាពនូវ ភូមិ-ឃុំមានសុវត្ថិភាព និងចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា។

សូមជម្រាបផងដែលថា អំណោយដែលត្រូវផ្តល់ ជូនពលរដ្ឋទាំង៥៧គ្រួសារ រួមមាន៖ អង្ករ២៥គីឡូក្រាម, មី ១កេស, ត្រីខ ១០កំប៉ុង, សាប៊ូ២ដុំ, ក្រម៉ា១, អាវយឺត២, ម៉ាស់១, និងថវិកាធ្វើដំណើរចំនួន៤ម៉ឺនរៀលផងដែរ៕