(ភ្នំពេញ)៖ នីតិរដ្ឋប្បវេណី ជាគោលការណ៍សំខាន់មួយសម្រាប់គ្រប់គ្រងសកម្មភាព ផ្នែករដ្ឋប្បវេណីរបស់បុគ្គលគ្រប់រូប ជាពិសេសផ្ដល់ឲ្យគ្រប់គ្នានូវសិទ្ធិ ករណីយកិច្ច ចំពោះមុខច្បាប់ក្នុងករណីមានទំនាក់ទំនងគតិយុត្តណាមួយកើតឡើង ក្នុងគោលបំណងការពារនូវផលប្រយោជន៍ស្របច្បាប់របស់បុគ្គលគ្រប់គ្នា។

ក្នុងករណីដែលបុគ្គលណាម្នាក់ទទួលបានផលប្រយោជន៍ ហើយធ្វើឲ្យបុគ្គលម្នាក់ទៀតបាត់បង់ផលប្រយោជន៍របស់ខ្លួន ដោយមិនមានមូលហេតុគតិយុត្តណាមួយទេ នោះច្បាប់ផ្ដល់សិទ្ធិឲ្យអ្នកដែលបាត់បង់ផលប្រយោជន៍ អាចធ្វើការទាមទារផលប្រយោជន៍របស់ខ្លួនពីអ្នកទទួលបានផលប្រយោជន៍នោះយកមកវិញបាន ហើយអ្នកដែលទទួលបានផលប្រយោជន៍នោះ ត្រូវប្រគល់ត្រឡប់ទៅវិញនូវអ្វីដែលខ្លួនបានទទួល។ ទាក់ទងនឹងសកម្មភាពបែបនេះ គឺមានកំណត់នៅក្នុងក្រមរដ្ឋប្បវេណីថាជា «សេចក្ដីចម្រើនដោយឥតហេតុ»

ដូចនេះតើអ្វីទៅជាសេចក្ដីចម្រើនដោយឥតហេតុ? ហើយចុះអ្នកដែលទទួលផលប្រយោជន៍ដែលស្ដែងចេញពីសេចក្ដីចម្រើនដោយឥតហេតុ ត្រូវមានកាតព្វកិច្ចតាមផ្លូវច្បាប់អ្វីខ្លះ?

ដើម្បីជ្រាបកាន់តែច្បាស់ អង្គភាពសារព័ត៌មាន Fresh News បានសហការជាមួយក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ សូមលើកយកប្រធានបទមួយស្ដីអំពី «សេចក្ដីចម្រើនដោយឥតហេតុ» មកចែករំលែកដល់បងប្អូនប្រជាពលរដ្ឋ សិស្សនិស្សិតដូចតទៅ៖

តាមគោលការណ៍រដ្ឋប្បវេណី សេចក្ដីចម្រើនដោយឥតហេតុ សំដៅលើការទទួលបានផលប្រយោជន៍ដោយ សារទ្រព្យសម្បត្តិ ឬកម្លាំងពលកម្មរបស់អ្នកដទៃដោយគ្មានមូលហេតុតាមផ្លូវច្បាប់ ហើយការទទួលបានផលប្រយោជន៍នោះធ្វើឲ្យកើតមានការបាត់បង់ផលប្រយោជន៍របស់អ្នកដទៃ។ គ្រប់ផលប្រយោជន៍ទាំងអស់មានសណ្ឋានជារូបិយ និង អរូបិយ ដោយផលរូបិយអាចជា ចលនវត្ថុ ឬ អចលនវត្ថុ ចំណែកឯផលអរូបិយវិញ អាចទទួលបានតាមរយៈការប្រើប្រាស់ ឬ ដោយការចាត់ចែងនៃផលប្រយោជន៍នោះ ដោយយើងអាចកំណត់បានថាផលរូបិយធៀបទៅនឹងទ្រព្យសម្បត្តិ រីឯផលអរូបិយធៀបទៅនឹងកម្លាំងពលកម្មជាដើម។

លក្ខខណ្ឌដែលអាចត្រូវបានកំណត់ថាជាសេចក្ដីចម្រើនដោយឥតហេតុអាចត្រូវបានមើលឃើញក្រោមរូបភាពដូចខាងក្រោម៖

១៖ ការសងដោយគ្មានកាតព្វកិច្ច៖
ចំពោះបុគ្គលណាដែលគ្មានកាតព្វកិច្ច ហើយបានសងនូវកាតព្វកិច្ចនោះ បុគ្គលនោះត្រូវចាត់ទុកថារងនូវការបាត់បង់ផលប្រយោជន៍។ ផ្ទុយទៅវិញប្រសិនបើបុគ្គលណាដែលគ្មានសិទ្ធិលើបំណុល ហើយ បានទទួលការសងចំពោះសិទ្ធិលើបំណុលនោះ បុគ្គលនោះត្រូវចាត់ទុកថាបានទទួលផលប្រយោជន៍ដោយគ្មានមូលហេតុផ្លូវច្បាប់។ ជារួមក្នុងករណីនេះបុគ្គលដែលបានបាត់បង់ផលប្រយោជន៍ អាចធ្វើការទាមទារឲ្យសងនូវតាវកាលិក(ជាសកម្មភាព ឬជាវត្ថុ) ដែលខ្លួនបានផ្ដល់ជាការសងមកវិញបានក៏ប៉ុន្ដែលើកលែងចំពោះបុគ្គលដែលបានសងកាតព្វកិច្ចដោយដឹងអំពីនត្ថិភាពនៃកាតព្វកិច្ចនោះ ។

២៖ ការសងកាតព្វកិច្ចរបស់អ្នកដទៃ៖
ក្នុងករណីដែលបុគ្គលណាម្នាក់ដែលមិនមានកាតព្វកិច្ចក្នុងការសងលើបំណុល ហើយបានសងកាតព្វកិច្ចលើបំណុលនោះទៅម្ចាស់បំណុល ដោយការភាន់ច្រឡំពីកាតព្វកិច្ចរបស់អ្នកដទៃ ដែលមានភាពស្រដៀងនឹងកាតព្វកិច្ចរបស់ខ្លួន បុគ្គលនោះអាចទាមទារឲ្យសងមកវិញនូវកម្រិតតាវកាលិកដែលខ្លួនបានផ្ដល់ឲ្យពីម្ចាស់បំណុលបាន។ ក៏ប៉ុន្ដែប្រសិនបើបុគ្គលនោះបាន សងកាតព្វកិច្ចលើបំណុលទៅឲ្យម្ចាស់បំណុលដោយការភាន់ច្រឡំ ហើយម្ចាស់បំណុលមិនបានដឹង ដោយយល់ថាការសងនោះមានសុពលភាពព្រមទាំងបានបំផ្លាញចោលនូវ ឯកសារគតិយុត្តដែលអាចបញ្ជាក់អំពីអត្ថិភាពនៃសិទ្ធិលើបំណុលចោល នោះអ្នកសងមិនអាចទាមទារតាវកាលិកនោះមកវិញបានឡើយ។

៣៖ ការសងនៅមុនកំណត់ពេល៖
ជាគោលការណ៍ច្បាប់ បើទោះបីជាកូនបំណុល បានសងកាតព្វកិច្ចមុនពេលកំណត់ក៏ដោយ ក៏កូនបំណុលមិនអាចទាមទារនូវតាវកាលិកដែលបានផ្ដល់ឲ្យម្ចាស់បំណុលមកវិញបានឡើយ។ ប៉ុន្តែប្រសិនបើ កូនបំណុលបានសងកាតព្វកិច្ចដោយមិនបានដឹងអំពីពេលកំណត់មិនទាន់មកដល់ នោះកូនបំណុលអាចធ្វើការទាមទារឲ្យសងនូវផលប្រយោជន៍ ដែលម្ចាស់បំណុលអាចប្រើប្រាស់តាវកាលិកដែលខ្លួនបានទទួលមុនពេលកំណត់សង រហូតដល់ពេលកំណត់សងពីម្ចាស់ បំណុលបាន។

៤៖ ការផ្ដល់តាវកាលិកដោយមូលហេតុខុសច្បាប់៖
ការផ្ដល់តាវកាលិកដោយមូលហេតុខុសច្បាប់ អាចកើតឡើងក្នុងករណីកិច្ចសន្យាត្រូវមោឃៈដោយសារភាពផ្ទុយនឹងសណ្ដាប់ធ្នាប់សាធារណៈ និងទំនៀមទម្លាប់ល្អ ឬផ្ទុយនឹងបញ្ញត្តិដែលអនុវត្តដោយបង្ខំណាមួយ។ ហេតុនេះប្រសិនបើមានការទាមទារដែលមានសកម្មភាពប្រឆាំងនឹងសង្គម នោះនឹងមានការបដិសេធចំពោះការទាមទារឲ្យសងនូវតាវកាលិក។

ដូចនេះប្រសិនបើគេរកឃើញថា ផលប្រយោជន៍ដែលបុគ្គលណាមួយទទួលបាននោះតាមរយៈសេចក្ដីចម្រើនដោយឥតហេតុ នោះច្បាប់តម្រូវឲ្យបុគ្គលដែលទទួលបានផលប្រយោជន៍នោះ សងត្រឡប់ទៅវិញនូវអ្វីដែលខ្លួនបានទទួលទៅឲ្យបុគ្គលដែលបាត់បង់ផលប្រយោជន៍ និងផ្ដល់សិទ្ធិឲ្យបុគ្គលដែលបាត់បង់ផលប្រយោជន៍នោះអាចទាមទារមកវិញនូវអ្វីដែលខ្លួនបានបាត់បង់ ដោយគ្មានមូលហេតុតាមផ្លូវច្បាប់នោះ។

លក្ខខណ្ឌនៃការសងត្រឡប់ទៅវិញ នឹងត្រូវកំណត់ដូចខាងក្រោម៖

១៖ កាតព្វកិច្ចសងរបស់អ្នកទទួលផលប្រយោជន៍ដោយសុចរិត៖
ចំពោះកាតព្វកិច្ចសងរបស់អ្នកទទួលផលប្រយោជន៍ ដោយសារទ្រព្យសម្បតិ្ត ឬកម្លាំងពលកម្មរបស់អ្នកដទៃ បើទោះជាគ្មានមូលហេតុលើផ្លូវច្បាប់ក៏ដោយ ក៏អ្នកទទួលផលប្រយោជន៍ត្រូវមានកាតព្វកិច្ច សងផលប្រយោជន៍ទាំងនោះទៅអ្នកបាត់បង់ផលប្រយោជន៍វិញ។ តែទោះបីជាយ៉ាងណាក៏ដោយ ក្នុងគោលការណ៍ច្បាប់ក៏មានការយោគយល់ដែរ ចំពោះអ្នកទទួលផលប្រយោជន៍ដែលទទួល រងនូវការខូចខាតនៅពេលដែលត្រូវបង្គាប់ឱ្យសងទៅវិញ នូវផលប្រយោជន៍ដែលគាត់ទទួលបានក្រោយពេលបរិភោគផលប្រយោជន៍នោះរួច នោះគាត់ត្រូវសងទៅវិញត្រឹមតែផលប្រយោជន៍ដែលមានតែប៉ុណ្ណោះ ប្រសិនបើគាត់សុចរិត។

២៖ កាតព្វកិច្ចសងរបស់អ្នកទទួលផលប្រយោជន៍ដោយទុច្ចរិត៖
ប្រសិនបើអ្នកទទួលផលប្រយោជន៍នោះទុច្ចរិត ព្រមទាំងបានដឹងថាខ្លួនបានទទួលផលប្រយោជន៍ដែលគ្មានមូលហេតុគតិយុត្តពីអ្នកដទៃ ហើយធ្វើឱ្យខូចខាតផលប្រយោជន៍របស់អ្នកដទៃទៀតនោះ អ្នកទទួលផលប្រយោជន៍ត្រូវសងនូវសំណងនៃការខូចខាត រួមទាំងការប្រាក់នៃផលប្រយោជន៍នោះទៅអ្នកខូចខាត ឬបាត់បង់ផលប្រយោជន៍វិញ។

សរុបមក សេចក្ដីចម្រើនដោយឥតហេតុ មានការផ្សារភ្ជាប់ជាមួយនឹងកិច្ចសន្យាសំខាន់ៗ និងអំពើអនីត្យានុកូល ហេតុនេះនាំឲ្យកើតមានទំនាក់ទំនងរវាងសិទ្ធិ និងកាតព្វកិច្ចរវាងម្ចាស់បំណុល ជាមួយកូនបំណុលដើម្បីបង្កើតបានជាកាតព្វកិច្ចការពារការខ្វែងគំនិតគ្នានៅពេលមានការបាត់បង់នូវផលប្រយោជន៍ ឬទទួលបានផលប្រយោជន៍ណាមួយដោយគ្មានមូលហេតុត្រឹមត្រូវតាមផ្លូវច្បាប់ពីបុគ្គលដទៃ។

បន្ថែមពីនេះ ក្រមរដ្ឋប្បវេណី មាត្រា៧៣៦ ដល់ ៧៤១ ចែងឡើងដើម្បីការពារផលប្រយោជន៍របស់បុគ្គលដែលទទួលរងនូវផលប៉ះពាល់ដោយសេចក្ដីចម្រើនដោយឥតហេតុ រួមទាំងកត្តាមួយចំនួនដែលកើតចេញពី មូលហេតុខាងលើនេះ ហើយនាំឲ្យមានការប៉ះពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈ ឬទំនៀមទម្លាប់ល្អរបស់សង្គម ឬផ្ទុយនឹងបញ្ញត្តិដែលអនុវត្តដោយបង្ខំណាមួយ។

រៀបរៀងដោយ៖ លោកមេធាវី ឡាន ស៊ីនីត និងកញ្ញា ថន រ៉ាវ៉ាឌី ជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារលេខ ៤៥៣៥ ផ្លូវលេខ ១០០៣ ស្ថិតក្នុងភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ, ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥, អ៊ីម៉ែល៖ [email protected], គេហទំព័រ៖ www.ciclg.com, ហ្វេសបុកផេក៖ ក្រុមមេធាវីកម្ពុជា សហប្រតិបត្តិការអន្តរជាតិ / Cambodia International Cooperation Law Group៕