(កំពត)៖ លោក ជាវ តាយ សមាជិកគណៈកម្មាធិការកណ្ដាល និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពត បានជំរុញសមាជិកគណបក្សដែលមិនទាន់បានចុះឈ្មោះ និងគ្រប់អាយុចុះឈ្មោះ ត្រូវទៅចុះឈ្មោះឲ្យបានគ្រប់គ្នា ដើម្បីធានាបានជោគជ័យនៅពេលបោះឆ្នោត ឆ្នាំ២០២២ និងឆ្នាំ២០២៣ ខាងមុខ។

ការជំរុញបែបនេះ ធ្វើឡើងនៅក្នុងពិធីសំណេះសំណាលជាមួយ មន្ត្រីបង្គោលគណបក្សស្រុក នាថ្ងៃទី៣១ ខែឧសភា ឆ្នា២០២០នេះ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្រុកកំពង់ត្រាច។

ដោយចូលរួមពីសំណាក់ លោក ជឹង ផល្លា អនុប្រធានគណៈកម្មាធិការគណបក្សខេត្ត និងជាប្រធានគណៈប្រចាំការ នៃគណៈអចិន្ត្រៃយ៍គណបក្សខេត្ត និងអ្នកពាក់ព័ន្ធជាច្រើនរូប។

លោក ជាវ តាយ ក៏បានជំរុញដល់គណបក្សគ្រប់ថ្នាក់ បន្តកសាងអំពើល្អ និងសំណូមពរដល់សមាជិក-សមាជិកាគណបក្សទាំងអស់ បន្តផ្សព្វផ្សាយពីវិធានការណ៍របស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលពាក់ព័ន្ធជំងឺ covid-19 ហើយត្រូវមានការយកចិត្តទុកដាក់ក្នុងការបង្ការ និងទប់ស្កាត់ចំពោះជំងឺនេះ។

ក្នុងពិធីនេះដែរ លោកប្រធានគណៈកម្មការគណបក្សខេត្ត បានឧបត្ថម្ភជាថវិកាជូនដល់ថ្នាក់ដឹកនាំ សមាជិក-សមាជិកាគណបក្សសរុបចំនួន ៧៣ នាក់ក្នុងម្នាក់ៗ ៥ ម៉ឺនរៀល និងឧបត្តម្ភជូនគណបក្សស្រុកថវិកា១ លានរៀលសរុប ៤,៦៥០,០០០ រៀល៕