(កំពង់ចាម)៖ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០ បានចុះពិនិត្យអំពីវឌ្ឍនភាពរបស់ ក្រុមហ៊ុន ឡុង ស្រេង ដែលកំពង់ធ្វើការអភិវឌ្ឍដំណាំកសិ-ឧស្សាហកម្ម (ខ្សែច្រវាក់ផលិតកម្មដំណាំចេកអំបូងលឿង មៀនប៉ៃលិន ទុរេន ក្រូចថ្លុង ខ្មុរការ៉ុត) ដែលមានទីតាំងស្ថិតក្នុងភូមិបឹងកេតលើ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។

លោកឧកញ៉ា ហេង ឡុង បានបញ្ជាក់ថា បច្ចុប្បន្នក្រុមហ៊ុនបាន និងកំពុងដាំដុះដំណាំចេកចំនួន ១,០០០ហិកតា ក្រូចថ្លុងចំនួន៧៨ហិកតា មៀនប៉ៃលិន ២៤០ហិកតា ទុរេន១៤៥ហិកតា និងខ្នុរការុត១២៥ហិកតា។ ចម្ការនីមួយៗ ត្រូវបានរៀបចំឡើងតាមលក្ខណៈបច្ចេកទស មានប្រព័ន្ធស្រោចស្រព និងប្រព័ន្ធប្រមូលផលចេញពីចំការកន្លែងវេចខ្ចប់ ឃ្លាំងស្តុក ថ្នាលបណ្តុះកូន អាងស្តុក និងប្រព័ន្ធចែកចាយទឹក។

ក្រុមហ៊ុននេះ ជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនទាំង១០ ដែលទទួលបានគោលការណ៍អនុញ្ញាតនាំផ្លែចេកស្រស់ ទៅកាន់ទីផ្សារប្រទេសចិន។ ក្នុងរយ:ពេល៥ខែ ដើមឆ្នាំ២០២០ ក្រុមហ៊ុនបាននាំចេញចេកអំបូងលឿងចំនួន ២២៧៦២តោន ក្នុងនោះទៅកាន់ទីផ្សារវៀតណាម ១៤ ៤១៤តោន និងទីផ្សារចិន ៨ ៣៤៨តោន។ ក្រៅពីដំណាំ ក្រុមហ៊ុនបានបង្កើតរោងចក្រផលិតជីសរីរាង្គ ដែលមានសមត្ថភាពផលិតក្នុងមួយថ្ងៃបាន ១៥០តោន ដោយប្រើ ប្រាស់វត្ថុធាតុដើមក្នុងស្រុក (លាមកសត្វ កន្ទក់ សំណល់ពីចំការឈើហូបផ្លែ កាកអំពៅ ស្រាបៀរ) សម្រាប់ប្រើប្រាស់ក្នុងចំការផ្ទាល់ និងលក់ចែកចាយក្នុងស្រុក។

បន្ទាប់ពីបានអញ្ជើញចុះពិនិត្យខ្សែច្រវាក់ ផលិតកម្មរបស់ក្រុមហ៊ុនរួចមក លោករដ្ឋមន្រ្តីបានចូលរួមអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង ពុះពារ និងជំនះបាននូវរាល់ឧបសគ្គនានា រហូតសម្រេចទទួលបានជោគជ័យ ដែលភាពជោគជ័យនេះ។

លោកក៏បានសម្តែងនូវអំណរគុណ ជូនចំពោះភាគីពាក់ព័ន្ធ អគ្គនាយកដ្ឋានកសិកម្ម មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ដែលបានចូល រួមចំណែកធ្វើឱ្យគម្រោងអភិវឌ្ឍរបស់ក្រុមហ៊ុនឈានមកដល់ថ្ងៃនេះ។ ភ្ជាប់ទៅនឹងគម្រោងវិនិយោគនេះ លោករដ្ឋមន្ត្រីបានបញ្ជាក់ថា ស្ថិតក្នុងបរិបទនៃការរីកចម្រើ នផ្នែកបច្ចេកវិទ្យាកសិកម្ម ការកែច្នៃ វេចខ្ចប់ និងនាំចេញ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាននិងកំពុងខិតខំពង្រឹងកិច្ចសហប្រតិបត្ដិការជាមួយ ដៃគូអភិវឌ្ឍន៍នានា និងវិស័យឯកជន ដើម្បីគាំទ្រលើការវិនិយោគគ្រប់ខ្សែច្រវាក់តម្លៃកសិកម្ម ចាប់ពីចំណុច A ដល់ Z តាមរយៈការបង្កើនផលិតភាពផលិតកម្ម ការវេចខ្ចប់ ការរក្សាស្តុកទុក ការកែច្នៃ ប្រកបដោយគុណភាព អនាម័យ និងសុវត្ថិភាព សមស្របតាមស្តង់ដារនៃទីផ្សារនាំចេញ។

ដើម្បីសម្រេចគោលដៅនេះ លោករដ្ឋមន្រ្តីបានសំណូមពរឱ្យក្រុមហ៊ុន បន្តរក្សាកិច្ចសហប្រតិបត្តិការ ឱ្យបានល្អជាមួយអគ្គនាយកដ្ឋានកសិកម្ម និងគ្រប់តួអង្គពាក់ព័ន្ធទាំងអស់ ក្នុងស្មារតីទទួលខុសត្រូវខ្ពស់តាមអភិក្រម «រដ្ឋ-ឯកជន-ដៃគូអភិវឌ្ឍន៍ និងសហគមន៍» ធ្វើយ៉ាងណាចូលរួមគាំទ្រ និងជំរុញបរិមាណនាំចេញកសិផលកម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិឱ្យកាន់តែច្រើនថែមទៀត នាពេលអនាគត។

លោកក៏បានសម្តែងការគាំទ្រផងដែរ ចំពោះក្រុមហ៊ុន ដែលបានបង្កើនរោងចក្រផលិតជីសរីរាង្គ ព្រោះវាបានចូលរួមប្រើប្រាស់វត្ថុធាតុដើម និងពលកម្មក្នុងស្រុក កាត់បន្ថយការប្រើជីគីមី និងលើកកម្ពស់គុណភាពផលិតផលសរីរាង្គ ដែលកំពុងមានការពេញនិយមទាំងនៅលើទីផ្សារក្នុង និងក្រៅប្រទេស៕