(កំពត)៖ រដ្ឋបាលខេត្តកំពត និងកងពលតូចលេខ៧០ នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២០នេះ បានបើកកិច្ចប្រជុំដើម្បីជាការដោះស្រាយផលប៉ះពាល់ដីធ្លីរបស់ប្រជាពលរដ្ឋ មានភាពរ៉ាំរ៉ៃជាយូរឆ្នាំកន្លងមកនេះ ជាមួយនឹងការសាងសង់ទីតាំងហ្វឹកហ្វឺន និងទីលានបាញ់គ្រាប់ពិតតេជោសែន ស្រុកជុំគីរី របស់កងពល ឱ្យបានឆាប់រហ័សក្នុងដំណើរការហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ក្នុងមូលដ្ឋានតំបន់នោះ។
កិច្ចប្រជុំនេះបានធ្វើឡើងក្រោមវត្តមានលោក ជាវ តាយ អភិបាលខេត្តកំពត និងលោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការកងពលតូចថ្មើរជើងលេខ៧០ និងមានចូលរួមពីសំណាក់មន្ត្រី មកពីមន្ទីរ ស្ថាប័ន អង្គភាព អាជ្ញាធរពាក់ព័ន្ធ គ្រប់លំដាប់ថ្នាក់ និងថ្នាក់ដឹកនាំកងពលយ៉ាងច្រើនផងដែរ។
ក្នុងកិច្ចប្រជុំនេះដែរ ផ្អែកតាមគោលការណ៍សម្រេចរបស់ប្រមុខរាជរដ្ឋាភិបាលសម្ដេចតេជោ ហ៊ុន សែន នៅក្នុងឆ្នាំ២០១៦ កន្លងទៅនេះ បានអនុញ្ញាតផ្តល់ជូនផ្ទៃដីសរុប ១៧.០៨២ហិកតា ដើម្បីសាងសង់សាលាហ្វឹកហ្វឺន និងទីតាំងបាញ់គ្រាប់ពិត ជូនដល់ថ្នាក់វរសេនាតូច នៃចំណុះកងពលតូចលេខ៧០ នៅឃុំតាកែន ស្រុកឈូក និងឃុំស្នាយអញ្ជិត ឃុំស្រែចែង ឃុំត្រពាំងរាំង នៃស្រុកជុំគិរី ខេត្តកំពត។
ពាក់ព័ន្ធនឹងបញ្ហាផលប៉ះពាល់ដីធ្លីរបស់ប្រជាពលរដ្ឋ ដែលកិច្ចប្រជុំយកមកពិនិត្យ និងពិភាក្សាដោះស្រាយ គឺមានទំហំផ្ទៃដីចំនួនប្រមាណជាង ៤០០ហិកតាក្នុងនោះ មានដីកម្មសិទ្ធិប្រជាពលរដ្ឋចំនួន ជាង ២៤៥ហិកតា និងដីអាស្រ័យផលរបស់ប្រជាពលរដ្ឋ មានចំនួនជាង ១៧០ហិកតា។
ជាលទ្ធផលនៃកិច្ចប្រជុំនេះ ថ្នាក់ដឹកនាំ និងអង្គប្រជុំក៏បានសម្រេចប្រគល់ជូនក្រុមការងារ ក៏ដូចជារដ្ឋបាលខេត្តធ្វើការសិក្សាស្រាវជ្រាវទីតាំងដី ដើម្បីដោះដូរជូនប្រជាពលរដ្ឋឱ្យចេញផុតពីតំបន់នេះ និងធ្វើរបាយការណ៍ជាក់លាក់ជូនដល់ថ្នាក់ដឹកនាំ ឬប្រមុខរាជរដ្ឋាភិបាលសម្ដេចតេជោ ហ៊ុន សែន ដើម្បីពិនិត្យ និងសម្រេច។
លោក ជាវ តាយ បានជំរុញ និងស្នើដល់អាជ្ញាធរមូលដ្ឋានស្រុក ឃុំ និងមន្ទីរអង្គភាពពាក់ព័ន្ធ ត្រូវធ្វើយ៉ាងណាចូលរួមសហការជាមួយអង្គភាពកងពលតូចលេខ៧០ ក្នុងការសម្របសម្រួល ដោះស្រាយជាមួយប្រជាពលរដ្ឋ តាមគោលការណ៍ឈ្នះឈ្នះ ដើម្បីឲ្យការអភិវឌ្ឍកសាងនៅទីតាំងហ្វឹកហ្វឺនយោធាសម្ដេចតេជោសែនជុំគិរីនេះ ទទួលបានលទ្ធផលល្អប្រសើរ និងឆាប់រហ័សដែលការដោះស្រាយនេះ មានភាពអូសបន្លាយជាយូរឆ្នាំមកហើយ៕