(ត្បូងឃ្មុំ)៖ នៅវេលាម៉ោង៨៖៣០នាទីព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៦នេះ កម្លាំងអាវុធហត្ថ កម្លាំងនគរបាល និងមន្រ្តីរដ្ឋបាលព្រៃឈើ ខេត្តត្បូងឃ្មុំ ជាច្រើននាក់ដឹកនាំ ដោយព្រះរាជអាជ្ញា អមសាលាដំបូងខេត្តត្បូងឃ្មុំ លោក ហៀង សុភក្រ្ត បាន និងកំពុងចូលទៅឆែកឆេរ និងធ្វើការត្រួតពិនិត្យនៅក្នុងឃ្លាំងស្តុកឈើ របស់ឧកញ៉ា លឹម ប៊ុណ្ណា ហៅខ្នា ស្ថិតនៅចំណុចបបោះ ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ 

មន្រ្តីអាវុធហត្ថខេត្តត្បូងឃ្មុំ ដែលចូលរួមចូលឆែកឆេរឃ្លាំងឈើ ខាងលើ នេះបានប្រាប់អង្គភាព Fresh News ថា ក្រោយធ្វើការឡោមព័ទ្ធពេញមួយយប់មកនេះ ឥឡូវនៅព្រឹកនេះ កម្លាំងសមត្ថកិច្ចទំាំងអស់ បានចូលទៅឆែកឆេរនៅក្នុងឃ្លាំងស្តុកឈើ និងធ្វើការត្រួតពិនិត្យហើយ ដើម្បីរកឲ្យឃើញថា តើឈើទាំងនេះ មានច្បាប់ត្រឹមត្រូវ ឫមួយយ៉ាងណា? តាមសេចក្តីរាយការណ៍ដដែល នៅពេលដែលកម្លាំងសមត្ថកិច្ច ចូលទៅឆែកឆេរនោះ ខាងតំណាងក្រុមហ៊ុន ឫតំណាងឃ្លាំង ក៏បង្ហាញកិច្ចសហការ ផងដែរ ដោយបានយកឯកសារមកផ្ទៀងផ្ទាត់ជាមួយសមត្ថកិច្ច។

យ៉ាងណាក៏ដោយ គេមិនទាន់ដឹងថា តើចំនួនឈើប៉ុន្មានដែលសមត្ថកិច្ចរកឃើញនោះទេ? ហើយក៏មិន ទាន់ដឹងថា តើឈើទាំងនោះមានច្បាប់អនុញ្ញាតដែរឫទេ? សូមបញ្ជាក់ថា កាលពីយប់មិញ ព្រះរាជអាជ្ញាខេត្តត្បូងឃ្មុំ លោក ហៀង សុភក្រ្ត និងមេបញ្ជាការ អាវុធហត្ថ ខេត្តត្បូងឃ្មុំ លោកឧត្តមសេនីយ៍ វ៉ា សារិទ្ធ ត្រូវដេកចាំ នៅក្នុងរថយន្ត រហូតទល់ភ្លឺ ខណៈមន្រ្តី និងកងកម្លាំងអាវុធហត្ថ ត្រូវបន្ត យាមកាមដោយសារតែ ក្រុមសន្តិសុខយាម ឃ្លាំងស្តុកឈើ របស់ឧកញ៉ា លឹម ប៊ុណ្ណា ហៅ ខ្នា មិនឲ្យចូល។

លោក ហៀង សុភក្រ្ត បានប្រាប់អង្គភាព Fresh News នៅវេលាម៉ោងប្រមាណ១០យប់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៦នេះថា «ខ្ញុំ និងលោកឧត្តមសេនីយ៍ វ៉ា សារិទ្ធ ត្រូវសន្តិសុខយាមឃ្លាំងឈើ របស់ឧកញ៉ា ខ្នា បិទទ្វារ មិនចូលធ្វើការឆែកឆេរនោះទេ ដូច្នេះហើយពួកខ្ញុំត្រូវដេកនៅក្នុងឡាន រហូតដល់ព្រឹក ទើបសុំបទបញ្ជាចុះបង្ក្រាប»។

នៅរសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៦ លោក ហៀង សុភក្រ្ត បានដឹកនាំកម្លាំងចុះឆែកឆេរឃ្លាំងស្តុកឈើ របស់ឧកញ៉ា អុល ដែរប៉ុន្តែ ក្រោយការត្រួតពិនិត្យ រកឃើញថា ឈើទាំងនោះសុទ្ធតែមានច្បាប់ត្រឹមត្រូវ (មានPC)ដូច្នេះមិនមានការរឹបអូសនោះទេ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៦ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានសម្រេចបង្កើត គណៈកម្មាការ ទប់ស្កាត់ និងបង្ក្រាប ការដឹកជញ្ជូនឈើ នៅទូទាំងប្រទេស ដែលមាន នាយឧត្តមសេនីយ៍ សៅ សុខា ជាប្រធាន និងលោកឧត្តមសេនីយ៍ ហ៊ូ សាគុណ ជាអនុប្រធាន អមដោយសមាជិក ចំនួន៨នាក់ ក្នុងនោះ មានអគ្គនាយករដ្ឋបាលព្រៃឈើ រដ្ឋលេខាធិការ ក្រសួងបរិស្ថាន និងអភិបាលខេត្តទាំង៦ ជាប់ព្រំដែនជាមួយវៀតណាម រួមមាន ខេត្តត្បូងឃ្មុំ ខេត្តកំពង់ចាម ខេត្តស្ទឹងត្រែង ខេត្តរតនគិរី ខេត្តមណ្ឌលគិរី និងខេត្តក្រចេះ៕

ព្រះរាជអាជ្ញានិងមេបញ្ជាការអាវុធហត្ថខេត្តត្បូងឃ្មុំ ដេកនៅក្នុងរថយន្ត រង់ចាំចុះបង្ក្រាបនៅពេលព្រឹកឡើង