(ភ្នំពេញ)៖ លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ បានថ្លែងបង្ហាញអំណួតថា គណបក្សសង្រ្គោះជាតិ (CNRP) ក្នុងខេត្តកំពង់ចាម នៅតែដណ្តើមយកជ័យជម្នះ សម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ ឆ្នាំ២០១៧ និងបោះឆ្នោតថ្នាក់ជាតិនៅឆ្នាំ២០១៨ ហើយបើមិនឈ្នះទេនោះ លោកនឹងលាលែងពីតំណែអនុប្រធានគណបក្សសង្រ្គោះជាតិ។

ការថ្លែងបង្ហាញអំណួតដណ្តើមយកជ័យជម្នះរបស់លោក កឹម សុខា បានធ្វើឡើងនាព្រឹកថ្ងៃអាទិត្យ ទី១៧ ខែមករា ឆ្នាំ២០១៦នេះ ពេលចុះជួបសំណេះសំណាលជាមួយសកម្មជន និងអ្នគាំទ្ររបស់ខ្លួន នៅក្នុងភូមិត្រកួន ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ ក្នុងជំនួបនេះ លោក កឹម សុខា ក៏បានធ្វើការផ្សាយផ្ទាល់តាមទំព័រ Facebook របស់ខ្លួនផងដែរ។

លោក កឹម សុខា ដែលកំពុងដើរតួនាទីជំនួសលោក សម រង្ស៊ី ប្រធានបក្សប្រឆាំងកំពុងរត់គេចខ្លួនពីសំណាញ់ច្បាប់របស់ប្រទេសកម្ពុជា បានថ្លែងថា លោក បានធ្វើការជាមួយប្រជាពលរដ្ឋក្នុងខេត្តកំពង់ចាមតាំងពីនៅជាប្រធានអង្គការសិទ្ធិមនុស្សមកម្ល៉េះ។ លោកបន្តថា តាមរយៈទំនុកចិត្ត ភាពស្មោះសរ និងការប្រមូលផ្តុំរបស់កម្មជននៅមូលដ្ឋាន លោកជឿជាក់ថា ការបោះឆ្នោតនៅឆ្នាំ ២០១៧ និង២០១៨ គណបក្សសង្រ្គោះជាតិ នៅតែដណ្តើមបានជ័យជម្នះក្នុងខេត្តកំពង់ចាម។

ប្រធានស្តីទីបក្សប្រឆាំង បានថ្លែងថា «ចំណុចហ្នឹងហើយ ដែលខ្ញុំនៅតែមានអំណួតថា គណបក្សសង្រ្គោះជាតិខេត្តកំពង់ចាម ត្រូវតែឈ្នះឆ្នោតឆ្នាំ២០១៧-២០១៨»៕