(ភ្នំពេញ)៖ លោក ណុប ផា អភិបាលរងខណ្ឌច្បារអំពៅ និងលោក ញាណ ចាន់សោភា នាយករងរដ្ឋបាលសាលាខណ្ឌ នៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៦ នេះ បានចុះទៅជួបប្រជាពលរដ្ឋចំនួន៨ គ្រួសារ រស់នៅម្តុំប្រឡាយព្រែកបារំាង ក្នុងភូមិជ្រោយបាសាក់ សង្កាត់និរោធ ដែលមានលំនៅដ្ឋានប៉ះពាល់​តំបន់អភិវឌ្ឍន៍​ទាំងស្រុង ដើម្បីផ្តល់ថវិកា​មួយចំនួន ដល់បងប្អួនប្រជាពលរដ្ឋ បន្ទាប់ពីពួក​គាត់យល់ព្រម​រុះរើផ្ទះពីតំបន់ប៉ះ​ពាល់នេះ រកលំនៅថ្មីវិញ។

លោក ណុប ផា អភិបាលរងខណ្ឌច្បារអំពៅ បានឲ្យដឹងថា ប្រជាពលរដ្ឋទំាង៨គ្រួសារនេះ ពួកគាត់មានភាពសប្បាយរីករាយណាស់ បន្ទាប់ពីលោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ បានដោះស្រាយជូន ខណៈជួបសំណេះសំណាលជាមួយពួកគាត់កាលពីម្សិលមិញ ក្នុងនោះ លោកអភិបាលបានផ្តល់ជូន នូវថវិកាដ៏សមរម្យ សម្រាប់ពួកគាត់ ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋមានលទ្ធភាព រកទីលំនៅកន្លែងផ្សេង។

ប្រជាពលរដ្ឋទំាង៨គ្រួសារ ដែលរស់នៅចំតំបន់អភិវឌ្ឍន៍​ព្រែកបារំាង នេះ ពួកគាត់សម្តែងការសប្បាយចិត្ត ចំពោះការដោះសា្រយរបស់អាជ្ញាធរ ដែលមានភាពត្រឹមត្រូវ អាចទទួលយកបាននេះ ហើយនិងរុះរើផ្ទះចេញ ដើម្បីទុកតំបន់នេះ ឲ្យរដ្ឋធ្វើការអភិវឌ្ឍន៍ប្រឡាយព្រែកបារំាង ដើម្បិជាប្រយោជន៍សាធារណៈ៕