(មណ្ឌលគិរី)៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងក្រើនរំលឹកថា តួនាទីមន្ត្រីសាធារណៈត្រូវផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អ ពោលគឺធ្វើឱ្យបានលឿន ធ្វើឱ្យមានប្រសិទ្ធភាព និងតម្លាភាព និងការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានវិទ្យាដើម្បីបង្ខិតសេវាសាធារណៈទៅកៀកប្រជាពលរដ្ឋ យន្តការប្រើប្រាស់រថយន្តឆៀកចល័ត និងយន្តការផ្សេងៗ ទៀតដើម្បីលើកកម្ពស់គុណភាពសេវាសាធារណៈ។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងយ៉ាងដូចនេះនាថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២០នេះ ក្នុងឱកាសដែលលោកបានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងសាកសួរសុខទុក្ខមន្ត្រីរាជការ បុគ្គលិក និងកម្មករនៃមន្ទីរ សាធារណការនិងដឹកជញ្ជូនខេត្តមណ្ឌលគិរី ដោយមានការចូលរួមពីថ្នាក់ដឹកនាំជាច្រើនរូបផងដែរ។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានគូសបញ្ជាក់អំពីតួនាទីយ៉ាងសំខាន់របស់ខេត្តមណ្ឌលគិរី ក្នុងការចូលរួមកសាងជាតិមាតុភូមិប្រកបដោយចីរភាព និងផែនការមេ និងគោលនយោបាយកាត់បន្ថយតម្លៃដឹកជញ្ជូនឱ្យបានសមស្រប។

លោកទេសរដ្ឋមន្ត្រី ក៏បានជម្រាបជូនអង្គពិធីអំពីគម្រោងសាងសង់ ជួសជុលថែទាំហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ជាពិសេសការលើកកម្ពស់គុណភាពផ្លូវជាតិសំខាន់ៗ ដើម្បីរួមចំណែកដល់ការសម្រួលការដឹកជញ្ជូនទំនិញ និងផលិតផលរបស់បងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេស។

លោក ស៊ុន ចាន់ថុល ក៏បានសម្ដែងនូវការកោតសរសើរដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិក កម្មករនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តមណ្ឌលគិរី ដែលបានខិតខំប្រឹងប្រែងបំពេញ ការងាររបស់ខ្លួនសម្រេចបានលទ្ធផលល្អ និងបានស្នើឱ្យបន្តកិច្ចសហការចូលរួមផ្ដល់គំនិតថ្មីៗសំដៅធ្វើទំនើបកម្មលើការបម្រើសេវាសាធារណៈ។

ឆ្លៀតក្នុងឱកាសនោះផងដែរលោកទេសរដ្ឋមន្ត្រី ក៏បានណែនាំឱ្យមន្ត្រីរាជការ បុគ្គលិក និងកម្មករនៃមន្ទីរ សាធារណការនិងដឹកជញ្ជូនខេត្តមណ្ឌលគិរីទាំងអស់អនុវត្តនូវវិធានការនានារបស់រាជរដ្ឋាភិបាល ក៏ដូចជា ក្រសួងសុខាភិបាលដែលបានដាក់ចេញកាលពីពេលថ្មីៗនេះ ដូចជាការលាងដៃនឹងសាប៊ូឱ្យញឹកញាប់ រក្សាគម្លាត និងពាក់ម៉ាស់ឱ្យបានត្រឹមត្រូវ ដើម្បីបង្ការ ទប់ស្កាត់ការរីករាលដាលនៃមេរោគកូវីដ-១៩ ឱ្យកាន់តែមានប្រសិទ្ធភាព៕