(សៀមរាប)៖ នៅសណ្ឋាគារស៊ីធីអង្គរ ក្រុងសៀមរាប នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៦ អ្នកឧកញ៉ា សៀង ណាំ អ្នកតំណាងរាស្រ្តមណ្ឌលសៀមរាប បានទទួលជួបប្រតិភូសិស្សជប៉ុនចំនួន១០នាក់ "ក្រោមជំនួយឧបត្ថម្ភ របស់អ្នកឧកញ៉ាផ្ទាល់" ដែលបានមកទស្សនកិច្ចសិក្សានៅខេត្តសៀមរាប ដើម្បីស្វែងយល់អំពីការសិក្សារបស់សិស្សានុសិស្សកម្កុជា និងដើម្បីបង្កើនចំណងមិត្តភាពគ្នា ទៅវិញទៅមករវាងសិស្សកម្ពុជា និងសិស្សជប៉ុន រួមទាំងការពង្រឹងចំណេះដឹងសង្គម និងស្មារតីកិច្ចសហប្រតិបត្តិការអន្តរជាតិ ឲ្យកាន់តែប្រសើរ។

ជាកិច្ចចាប់ផ្តើម អ្នកឧកញ៉ា សៀង ណាំ បានស្វាគមន៍ និងកោតសសើរចំពោះក្មួយៗសិស្សជប៉ុនទាំងអស់ ដែលបានមកទស្សនកិច្ចសិក្សា ដើម្បីស្វែងយល់អំពីប្រព័ន្ធអប់រំកម្ពុជា ក៏ដូចជាការសិក្សារបស់សិស្សានុសិស្សកម្ពុជា ពិសេស នៅខេត្តសៀមរាប ដែលជាខេត្តមួយដែលអ្នកឧកញ៉ាផ្ទាល់ រួមនិងសប្បុរសជនជប៉ុននានា បានឧបត្ថម្ភគាំទ្រយ៉ាងធំធេង រួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកស្ទួយវិស័យអប់រំ សំដៅធានាឲ្យសិស្សានុសិស្សទាំងអស់ មានឱកាសស្មើរៗគ្នា ក្នុងការអប់រំតាមរយៈការធ្វើឲ្យសាលារៀនកាន់តែខិតជិតលំនៅដ្ឋានរបស់ប្រជាពលរដ្ឋ ពិសេស ការកសាងធនធានមនុស្សឲ្យ មានសមត្ថភាព និងចំណេះដឹងសំរាប់ជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមអោយមានការរីកចំរើន។អ្នកឧកញ៉ា បានបន្តថា ការទស្សនកិច្ចសិក្សារបស់ក្មួយៗ គឺមានសារៈសំខាន់ណាស់ សំរាប់ស្វែងយល់ និងរឹតចំណងសាមគ្គីគ្នាកាន់តែស្និទ្ធស្នាលហើយឆ្នាំបន្តទៀត។ ហើយលោមបានជំរុញអោយមានការទៅមកទស្សនកិច្ចសិក្សារវាងសិស្សកម្ពុជាជប៉ុនថែមទៀត។

ក្នុងឱកាសនោះដែរ សិស្សជប៉ុនទាំងអស់ក៏បានថ្លែងអំណរគុណចំពោះអ្នកឧកញ៉ា សៀង ណាំ ដែលបានឧបត្ថម្ភទាំងការធ្វើដំណើរ និងការស្នាក់នៅរយៈ៥ថ្ងៃ ក្នុងការមកធ្វើទស្សនៈកិច្ចសិក្សានេះ។ ឆ្នាំនេះជាឆ្នាំលើកទី២ ហើយដែលលោកឧកញ៉ា សៀង ណាំ បានឧបត្ថម្ភដល់សិស្សជប៉ុន មកទស្សនកិច្ចសិក្សានៅខេត្តសៀមរាប ឆ្នាំលើកទី១ ចំនួន ៥នាក់ នៅឆ្នាំ២០១៥ ហើយឆ្នាំលើកទី២២០១៦នេះ ចំនួន ១០នាក់ ៕