(ព្រៃវែង)៖ ស្នងការនគរបាលខេត្តព្រៃវែង លោកឧត្តមសេនីយ៍ ស្រេង ជា បានបរិច្ចាគ ថវិកាចំនួន៧០ម៉ឺនរៀល ខណៈលោកឧត្តមសេនីយ៍ទោ ហោ សំអាត ប្រធាននាយកដ្ឋាន ព័ត៌មានវិទ្យា ក្រសួងមហាផ្ទៃបាន បរិច្ចាគថវិកាចំនួន៥០ម៉ឺនរៀល ជូនដល់ភរិយា និងកូន របស់ជនរងគ្រោះ ដែលស្លាប់ដោយសារគ្រាប់កាំភ្លើងអធិការនគរបាលស្រុក ស្វាយអន្ទរ ពេលចុះបង្ក្រាបសង្វៀនជល់មាន់ នៅក្នុងភូមិសាស្រ្តរបស់ខ្លួន។

នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៦នេះ លោកឧត្តមសេនីយ៍ស្នងការ និងស្នងការរង បាននាំយកថវិកាទាំងនេះ ទៅប្រគល់ជូនស្រ្តីមេម៉ាយ និងកូនរបស់ខ្លួន ដល់ផ្ទះតែម្តង ដើម្បីបង្ហាញពីការ យកចិត្តទុកដាក់ចំពោះក្រុមគ្រួសារ ជនរងគ្រោះ។

សូមបញ្ជាក់ថា អធិការនគរបាល ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង លោក ពុំ កាន់ ត្រូវតុលាការឃុំខ្លួន ដាក់ពន្ធនាគារនៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៦នេះ ក្រោយបាញ់ស្លាប់ បុរសម្នាក់ ពេលចុះបង្ក្រាបសង្វៀនជល់មាន់។

នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៦ លោក ពុំ កាន់ បានដឹកនាំកម្លាំងចុះបង្រ្កាបល្បែងស៊ីសងខុសច្បាប់ (មានជល់មាន់ និងបៀរអាប៉ោង) ស្ថិតនៅភូមិតងឡងទី៣ ឃុំព្រៃខ្លា ពេលនោះស្រាប់តែ លោកដកកាំភ្លើងខ្លីពី ចង្កេះបាញ់ឡើងលើ ប៉ុន្តមិនដឹងយ៉ាងមិច ស្រាប់តែគ្រាប់ កាំភ្លើងនោះ ហោះផ្លាតទៅត្រូវបុរសម្នាក់ ដែលកំពុងឈរកាន់កូន បណ្តាលឱ្យ ដួលសម្លាប់ មួយរំពេច។

ជនរងគ្រោះមានឈ្មោះ កិត អីម អាយុ៣៨ឆ្នាំ មានទីលំនៅ ភូមិតងឡងទី៣ ឃុំព្រៃខ្លា និងប្រពន្ធឈ្មោះ ស៊ឹម ម៉េង អាយុ៣៤ឆ្នាំ៕