(ត្បូងឃ្មុំ)៖ ក្នុងឱកាសចុះជួបសំណេះសំណាល និងសាកសួរសុខទុក្ខមន្ត្រីរាជការ បុគ្គលិក និងកម្មករ និងបំពាក់គ្រឿងឥស្សរិយយសជូនមន្ត្រីរាជការនៅមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តត្បូងឃ្មុំ នាថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០នេះ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងបញ្ជាក់ឱ្យដឹងថា នៅពេលនេះក្រសួងសាធារណការ កំពុងសិក្សាពង្រីកផ្លូវជាតិលេខ៧ ពីវង្វង់មូលស្គន់ ទៅខេត្តកំពង់ចាម ដោយធ្វើការពង្រីកពី ២គន្លងទៅ៤គន្លង មុនដាក់ស្នើសុំគោលការណ៍ពីរាជរដ្ឋាភិបាល។

បន្ទាប់ពីថ្លែងបញ្ជាក់យ៉ាងដូចនេះលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានគូសបញ្ជាក់អំពីសមិទ្ធផលនានាដែលក្រសួងសម្រេចបានកន្លងមករួមមាន គម្រោងសាងសង់ជួសជុលថែទាំ ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ការលើកកម្ពស់គុណភាពផ្លូវជាតិសំខាន់ៗដើម្បីរួមចំណែកដល់ការសម្រួលការដឹកជញ្ជូនទំនិញ និងផលិតផលរបស់បងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេស ។

លោកទេសរដ្ឋមន្ត្រី ក៏បានក្រើនរំលឹកនូវតួនាទីមន្ត្រីសាធារណៈក្នុងផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អ ពោលគឺធ្វើឱ្យបានលឿន ធ្វើឱ្យមានប្រសិទ្ធភាព និងធ្វើឱ្យតម្លាភាព និងបានបង្ហាញពីយុទ្ធសាស្រ្តខ្លះៗ ទាក់ទងនឹងការផ្ដល់សេវាសាធារណៈដូចជា៖ ការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានវិទ្យា ដើម្បីបង្ខិតសេវាសាធារណៈទៅកៀកប្រជាពលរដ្ឋ យន្តការប្រើប្រាស់រថយន្តឆៀកចល័ត សេវាប្តូរនិងពន្យារបណ្ណបើកបរ កម្មវិធីថែទាំផ្លូវ (Road Care Mobile App) និងយន្តការផ្សេងៗទៀតដើម្បីលើកកម្ពស់គុណភាពសេវាសាធារណៈ។

ទន្ទឹមនឹងនេះដែរ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានជំរុញឱ្យមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តត្បូងឃ្មុំ និងអាជ្ញាធរពាក់ព័ន្ធ ចូលរួមទប់ស្កាត់ការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ក៏ដូចជាអំពាវដល់បងប្អូនប្រជាពលរដ្ឋកុំដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ព្រោះការដឹកជញ្ជូនលើសទម្ងន់កំណត់ជាកត្តាធ្វើឱ្យផ្លូវខូចមុនអាយុកាល។

រដ្ឋមន្ត្រីរូបនេះ ក៏បានជំរុញលើកទឹកចិត្តដល់មន្ត្រីនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តត្បូងឃ្មុំ ខិតខំប្រឹងប្រែងផ្ដល់សេវាសាធារណៈឱ្យបានល្អប្រសើរ និងធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋរីករាយក្នុងការមកទទួលយកសេវាសាធារណៈចាំបាច់ទាំងនោះផងដែរ៕