(ភ្នំពេញ)៖ នៅ​ថ្ងៃ​ទី១៧ ខែ​មករា ឆ្នាំ​២០១៦ម្សិលមិញ​នេះ មាន​គ្រោះថ្នាក់​ចរាចរណ៍ ​នៅ​ទូទាំង​ប្រទេស​ចំនួន១៤​លើក (យប់០៦​លើក) បណ្តាលឲ្យ​មនុស្ស​ស្លាប់១០​នាក់ (ស្រី០២នាក់) របួសធ្ងន់៨នាក់ (​ស្រី១​នាក់​) របួសស្រាល ៨​នាក់ (ស្រី៣នាក់) និង​មិន​ពាក់មួក​ពេល​គ្រោះ​ថ្នាក់​មាន១៧​នាក់ (យប់១១​នាក់)​ នេះបើតាមរបាយការណ៍ គ្រោះថ្នាក់ចរាចរណ៍ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និង សណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការនគរបាលជាតិ។​

ប្រភពព័ត៌មានព័ត៌មានដដែលបានបញ្ជាក់ថា ​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ទាំង១៤លើក​នេះ បាន​បង្ក​ឲ្យ​ខូចខាត​​ម៉ូតូ​ចំនួន ១៣​គ្រឿង រថយន្ត​ធុន​តូច០៦​គ្រឿង រថយន្ត​ធុន​ធំ០៨​គ្រឿង ហើយមូលហេតុ​ដែល​បណ្តាលឲ្យ ​មាន​គ្រោះថ្នាក់​រួម​មាន៖ ល្មើស​ល្បឿន០៧​លើក ស្រវឹង ០១​លើក ប្រជែង​គ្រោះថ្នាក់០២​លើក បត់គ្រោះថ្នាក់២លើក បើកបរងងុយដេក១លើក និងមិនចេះបើកបរ១លើក។

របាយការណ៍អនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក បានបញ្ជាក់ថា នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៦ យានយន្ត៣៣,៥៨៣ គ្រឿង ត្រូវបាន ត្រួតពិនិត្យក្នុងនោះមានម៉ូតូ ៧២ភាគរយ។ យានយន្ត ៦,៤២៦គ្រឿង រកឃើញថាល្មើសច្បាប់ចរាចរណ៍ ក្នុងនោះ មានម៉ូតូ ៥៦ភាគរយ។ របាយការណ៍បន្តថា យានយន្ត ៣,៤៦៣គ្រឿង ស្មើ ៥៤ភាគរយ ត្រូវបានធ្វើការអប់រំ ហើយយានយន្ត ២,៩៦៣គ្រឿង ត្រូវបាន ផាកពិន័យ៕