(កំពង់ធំ)៖ លោកស្រី សេង វណ្ណសាយ រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១៧-១៨ ខែមករា ឆ្នាំ២០១៦នេះ បានដឹកនាំក្រុមការងារបច្ចេកទេសក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ធំ បន្តចុះពិនិត្យលក្ខណៈបច្ចេកទេស ម៉ាស៊ីនបូមទឹក និងដំណើរការការងារបូមទឹក សម្រាប់ផ្គត់ផ្គង់ស្រូវប្រាំង ជូនបងប្អូនប្រជាកសិករ នៅក្នុងខេត្តកំពង់ធំ។

ថ្លែងនៅក្នុងពេលចុះពិនិត្យការងារ លោកស្រីរដ្ឋលេខាធិការ បានប្រាប់ឱ្យដឹងថា ទន្ទឹមនឹងដំណើរការបូមទឹក យ៉ាងសកម្មសម្រាប់បម្រើឱ្យការងារ បង្កបង្កើនផលស្រូវ ជូនបងប្អូនប្រជាកសិករ និងស្ថិតក្នុងស្ថានភាពត្រៀមលក្ខណៈជានិច្ច ដើម្បីឆ្លើយតបនឹង បម្រែបម្រួលអាកាសធាតុ លោករដ្ឋមន្ត្រី លឹម គានហោ បានបញ្ជាឱ្យមន្ត្រីបច្ចេកទេស របស់ក្រសួង ក៏ដូចជាមន្ទីរធនធានទឹក និងឧតុនិយម នៅតាមបណ្តារាជធានីខេត្ត ត្រូវចុះពិនិត្យ និងធ្វើការជួសជុល ថែទាំ ម៉ាស៊ីនបូមទឹក គ្រប់ធុនដែលមាន ឱ្យបានជាប់ជាប្រចាំ។

លោកស្រីបានបន្តថា បន្ទាប់ពីបានចុះពិនិត្យស្ថានភាពជាក់ស្តែង សម្រាប់ខេត្តកំពង់ធំនេះ ម៉ាស៊ីនបូមទឹក ដែលត្រូវធ្វើការជួសជុល សរុបមានចំនួន២០គ្រឿង ដោយមួយចំនួនយើង អាចជួសជុលនៅត្រឹមមន្ទីរបាន ឯមួយចំនួនទៀត គឺតម្រូវឱ្យយើងដឹកជញ្ជូន មកធ្វើការជួសជុល នៅក្រសួងធនធានទឹក និងឧតុនិយម។

លោកស្រីបានបញ្ជាក់បន្ថែមថា ដោយឡែកការងារបូមទឹក សម្រាប់បម្រើឱ្យការងារ បង្កបង្កើនផលស្រូវប្រាំង នៅក្នុងខេត្តកំពង់ធំ គឺយើងកំពុងបន្តដំណើរការនៅលើ ១២ទីតាំង ក្នុងក្រុងស្រុកចំនួន០៤ រួមមាន ស្រុកសន្ទុក កំពង់ស្វាយ ប្រាសាទសំបូរ និងក្រុងស្ទឹងសែន ដោយប្រើប្រាស់ម៉ាស៊ីនបូមទឹក ចល័តខ្នាតមធ្យម សរុបចំនួន១៥គ្រឿង។

លោកស្រីបន្តថា ស្រុកសន្ទុក យើងកំពុងដំណើរការនៅលើ ០២ទីតាំង ដោយប្រើប្រាស់ម៉ាស៊ីន ចំនួន០២គ្រឿង, ស្រុកកំពង់ស្វាយ ចំនួន០៥ទីតាំង ប្រើប្រាស់ម៉ាស៊ីន ចំនួន០៦គ្រឿង, ស្រុកប្រាសាទសំបូរ ចំនួន ០៣ទីតាំង ប្រើប្រាស់ម៉ាស៊ីន ចំនួន០៣គ្រឿង និងក្រុងស្ទឹងសែន ចំនួន០២ទីតាំង ប្រើប្រាស់ម៉ាស៊ីន ចំនួន០៤គ្រឿង៕