(ភ្នំពេញ)៖ លោកបណ្ឌិត ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានបន្តដឹកនាំខេមរសហព័ន្ធកីឡា តេក្វាន់ដូ ក្នុងអាណត្តិទី៥ ឆ្នាំ២០១៦-២០២០ ក្រោយពីត្រូវបានសមាជិកបោះឆ្នោតគាំទ្រជាថ្មីនាថ្ងៃទី១៧ ខែមករា ម្សិលមិញនេះនៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ។

តាមរយៈ Facebook Page របស់សហព័ន្ធបានបញ្ជាក់ថា ក្នុងការបើកមហាសន្និបាតខេមរសហព័ន្ធតេក្វាន់ដូអាណត្តិ ទី៥នេះដែរ គឺមានសមាជិក ខេមរសហព័ន្ធតេក្វាន់ដូ តំណាងក្លឹប និងសមាគមចំនួន៤៦ចូលរួមបោះឆ្នោត ដោយលោក លោក ហង់ ជួនណារ៉ុន មានសំឡេងគាំទ្រច្រើនជាងគេ ចំណែកលោក នួន ភា ប្រធានខេមរសហព័ន្ធតេក្វាន់ដូចាស់ ជាប់ជាប្រធានកិត្តិយស សម្រាប់សមាជិកប្រតិបត្តិ គឺនៅរក្សាដដែល ។

ក្រោយពីការជាប់ឆ្នោតក្នុងអាណត្តិទី៥ លោក ហង់ ជួនណារ៉ុន បានមានប្រសាសន៍ថា ក្នុងខណៈពេលនេះត្រូវពង្រឹង និងពង្រីកវិស័យកីឡាតេក្វាន់ដូ តាមសាលា ខេត្ត-ក្រុងឲ្យកាន់តែច្រើនឡើងថែមទៀត ព្រោះថា តេក្វាន់ដូតែងតែរីកមុខ រីកមាត់នៅលើឆាកអន្តរជាតិ និងការឈ្នះមេដាយមាស ប្រចាំទ្វីបអាស៊ីរបស់កីឡាការិនី ស៊ន សៀវម៉ី កាលពីឆ្នាំ២០១៥ នៅប្រទេសកូរ៉េខាងត្បូង ដោយលោក ឆយ យ៉ុងសុក ជាគ្រូបង្វឹកនោះ និងត្រៀមធ្វើម្ចាស់ផ្ទះកីឡា SEA Games ឆ្នាំ ២០២៣ ផងដែរ ។

សូមបញ្ជាក់ដែរថា កីឡាកតេក្វាន់ដូ ត្រូវបានចែកចេញជា២ផ្នែកនៅកម្ពុជាគឹ ខេមរសហព័ន្ធតេក្វាន់ដូ ស្ទីល WTF របស់កូរ៉េខាងត្បូង និងស្ទីល ITF របស់កូរ៉េខាងជើង ៕