(ភ្នំពេញ)៖ អភិបាលខណ្ឌដូនពេញ និងជាប្រធានគណៈបញ្ជាការឯកភាព ខណ្ឌដូនពេញ លោក គួច ចំរើន នៅព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៦នេះ បានដាក់ឱសានវាទ ដល់កងកម្លាំងសមត្ថកិច្ច និងអាជ្ញាធរតាមមូលដ្ឋានត្រូវបង្ក្រាប និងទប់ស្កាត់រាល់វង់ល្បែងស៊ីសង ទាំងទីតាំងហ្គេម និងល្បែងកន្ទុយលេខ ពោលត្រូវលុបបំបាត់ឲ្យអស់ពីព្រោះបញ្ហាទាំងនេះ បានធ្វើឲ្យប៉ះពាល់ដល់សន្តិសុខ និងសណ្តាប់ធ្នាប់យ៉ាងខ្លាំង។

ការដាក់ផែនការ បង្ក្រាបវង់ល្បែងស៊ីសងខាងលើនេះ របស់អភិបាលខណ្ឌដូនពេញ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំ គណៈបញ្ជាការឯកភាពខណ្ឌដូនពេញ ដោយមានការចូលរួមផងដែរ ពីសំណាក់ព្រះរាជអាជ្ញារង លោក ស៊ីន វីរ: អធិការនគរបាលខណ្ឌ មេបញ្ជាការអាវុធហត្ថខណ្ឌ ចៅសង្កាត់ មេប៉ុស្តិ៍រដ្ឋបាល និងមន្រ្តីពាក់ព័ន្ធជាច្រើននាក់ផ្សេងទៀត។

លោកអភិបាល​បានបន្ថែមថា​ ល្បែងហ្គេម ប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ​ មានគ្រឿងញៀន​ពង្វក់ក្មេងសិស្សសាលា មិនឲ្យចូលសាលារៀន​។ ​ទាំងនេះជាកង្វល់ របស់ប្រជាពលរដ្ឋ​ និង​ការយកចិត្តទុកដាក់ពី ប្រមុខរាជរដ្ឋាភិបាលសម្តេច​តេជោ​ ហ៊ុន​ សែន​ ដែលបានក្រើនរំលឹកជារឿយៗ។

លោកអភិបាល​បានបន្ថែមថា​ ល្បែងហ្គេមនេះ ពេលថ្ងៃមិនមានសកម្មភាពទេ​ តែនៅពេលយប់ មានសកម្មភាពសឹងទល់ភ្លឺ (ស្ងាត់ពេលថ្ងៃ​ អ៊ូអរ​ពេលយប់) សូមអ្នកសារព័ត៌មាន មេត្តាផ្តល់ព័ត៌មានទាំងយប់ទាំងថ្ងៃ​ ផ្តល់មកយប់ចាប់ទាំងយប់​ ផ្តល់ព័ត៌មានមកពេលថ្ងៃចាប់ពេលថ្ងៃ។​

​លោកព្រះរាជអាជ្ញារង បានសំដែងការគាំទ្រនូវចំណាត់ការ ដែលលោកអភិបាលខណ្ឌ បានលើកឡើង​។​ លោកថានឹងសហការដោយរីករាយ ដើម្បីបញ្ចប់ល្បែងស៊ីសងទាំងស្រុង នៅក្នុងខណ្ឌដូនពេញ ដោយមិនថាយប់ថ្ងៃទេ ឲ្យតែបទល្មើសជាក់ស្តែង។​

លោកអភិបាល​ខណ្ឌ គួច ចំរើន បានបញ្ជាក់ថា បើមានល្បែង នៅកន្លែងណាផ្តល់ព័ត៌មាន មកកំលាំងនឹងចេញទៅបង្ក្រាប ទីតាំងនោះ ទាំងយប់ទាំងថ្ងៃ​ ដោយមានមន្ត្រីច្បាប់​ និង​ព្រះរាជ​អាជ្ញារង នៅប្រចាំការ​ ដោយយើងលែងអប់រំហើយ គឺត្រូវផ្តន្ទាទោសតែម្តង៕