(ឧត្តរមានជ័យ)៖ ទេសរដ្ឋមន្ដ្រី គន់ គីម ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តឧត្តរមានជ័យ ប្រាប់ឲ្យអាជ្ញាធរខេត្ត ត្រូវសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ បង្កើនការគ្រប់គ្រងដីរដ្ឋ ទប់ស្កាត់ការទន្ទ្រានកាន់កាប់ ដោយខុសច្បាប់ ដើម្បីជៀសវាងពេលមានបញ្ហាឆ្លើយដាក់គ្នាទៅវិញទៅមក។

ក្នុងកិច្ចប្រជុំដោះស្រាយបញ្ហាដីធ្លីដែលនៅសេសសល់ក្នុងខេត្តឧត្ដរមានជ័យ នៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០នេះ ទេសរដ្ឋមន្ដ្រី គន់ គីម ក៏បានប្រាប់ឲ្យរៀបចំក្រុមការងារ ចុះធ្វើសវតាអ្នករំលោភដីរដ្ឋ ដីសហគមន៍ និងចាត់វិធានការដោះស្រាយ ហើយត្រូវបែងចែកអ្នកមូលដ្ឋានដែលអត់ដីពិតប្រាកដ និងអ្នកពីក្រៅមកទន្ទ្រាន។

កិច្ចប្រជុំដែលមានការចូលរួមពីក្រុមការងារក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងបរិស្ថាន ទេសរដ្ឋមន្ដ្រី គន់ គីម ក៏បានណែនាំឲ្យរៀបចំចាត់ចែង ដីដែលក្រុមហ៊ុនស្ករអំពៅ ដែលបានប្រគល់ជូនរដ្ឋវិញ ហើយរដ្ឋបាលខេត្ត ត្រូវធ្វើសំណើទៅសាមីក្រសួង ដើម្បីសុំប្រើប្រាស់ជាក់ស្តែងតាមតម្រូវការ។

បន្ថែមពីនេះ ទេសរដ្ឋមន្ដ្រី ក៏ស្នើឲ្យក្រសួងកសិកម្ម ពិចារណាកែសម្រួលសមាសភាពថ្នាក់ដឹកនាំ ព្រៃសហគមន៍ ឲ្យមានក្រុមប្រឹក្សាឃុំ ឬស្រុក ដើម្បីងាយស្រួលក្នុងការគ្រប់គ្រង និងមានប្រសិទ្ធភាព ក្នុងការចាត់វិធានការទប់ស្កាត់បទល្មើស។

ទេសរដ្ឋមន្ដ្រី គន់ គីម ក៏បានកោតសរសើរដល់ក្រសួងបរិស្ថាន ដែលសម្របសម្រួលចំពោះដីពាក់ព័ន្ធជាមួយដីគូលេនព្រហ្មទេព និងប្រាប់អភិបាលស្រុកពាក់ព័ន្ធត្រូវអនុវត្តតាមនីតិវិធី តាមអ្វីដែលក្រសួងបរិស្ថានបានណែនាំ។

ជាមួយគ្នានេះ លោក គន់ គីម បានថ្លែងអំណរគុណលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម និងលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ដែលបានចាត់ក្រុមការងារឲ្យចុះមកសហការជាមួយខេត្ត ដោះស្រាយបញ្ហាដីធ្លីដែលជាប់គាំងជាយូរមកហើយ និងកោតសរសើរក្រុមការងារអន្តរក្រសួង ដែលបានបំពេញការងារ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់៕