(ភ្នំពេញ)៖ ដើម្បីជាគំរូល្អប្រជាពលរដ្ឋល្អ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ បានស្នើសុំឲ្យប្រជាពលរដ្ឋមួយគ្រួសារដែលបានសង់ផ្ទះនៅលើដីផ្លូវសាធារណៈមានទំហំជាង ១០ម៉ែត្រជាគម្រោង ស្ថាបនារបស់សាលារាជធានីភ្នំពេញឆាប់ៗខាងមុខនេះ ស្ថិតនៅក្នុងភូមិប៉ប្រកខាងជើង សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ រុះរើចេញ ខណៈម្ចាស់ផ្ទះបានធ្វើជាកម្មសិទ្ធិ ផ្ទាល់ខ្លួនហើយ បានធ្វើការសាងសង់ផ្ទះនៅចំកណ្ដាលបិទផ្លូវនោះតែម្ដង។

ប្រជាពលរដ្ឋនៅតំបន់នោះ បាននិយាយថា ផ្លូវ១ខ្សែនេះគឺជាផ្លូវចាស់ក្នុងភូមិ ធ្លាយទៅដល់ផ្លូវរថភ្លើងដែលកន្លងមកអាចធ្វើដំណើរទៅមកបាន ហើយក៏គ្មាននរណាម្នាក់ហ៊ានប៉ះពាល់ សូម្បីតែមួយចំអាមឡើយ ព្រោះវាជាសម្បត្តិសាធារណៈយូរលង់ណាស់មកហើយ និងរង់ចាំតែការអភិវឌ្ឍឲ្យក្លាយទៅជាផ្លូវបេតុងពីសំណាក់អាជ្ញាធរនៅក្នុងពេលណាមួយតែប៉ុណ្ណោះ។

ប៉ុន្តែមិននឹកស្មានថា នៅសុខៗស្រាប់មានបុគ្គលម្នាក់ឈ្មោះ ស៊ឹម សុភាព អាយុ៥៦ឆ្នាំ អះអាងថា គាត់ជាមន្រ្តីយោធាផងនោះ បានសង់ផ្ទះនៅលើផ្លូវនេះធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ហើយសង់ផ្ទះនៅចំកណ្ដាលបិទផ្លូវ។ ការសាងសង់ផ្ទះនេះឲ្យពួកគាត់មានការព្រួយបារម្ភថា ទៅថ្ងៃអនាគតផ្លូវនេះនឹងត្រូវបិទរហូតមិនអាចធ្វើដំណើរបានឡើយ ដូច្នេះពួកគាត់សំណូមពរ សុំឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់មេត្តាជាពិនិត្យមើល និងមានវិធានការបើកផ្លូវនេះវិញផង។

ដោយឡែកអាជ្ញាធរបានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ថា អាជ្ញាធរបានដឹងរឿងនេះ តាំងពីពេលដែលមន្ត្រីរូបនោះ ចាប់ផ្ដើមធ្វើការសាង់ផ្ទះលើផ្លូវដំបូងមកម្ល៉េះ ហើយក៏បានចុះទៅហាមឃាត់ ជាបន្តបន្ទាប់ថែមទៀតផង ប៉ុន្តែគាត់មិនស្ដាប់មិនឈប់សកម្មភាពសាងសង់សោះ នៅតែបន្តការសាងសង់ដែលរហូតមកទល់និងពេលនេះជិតរួចរាល់ទៅហើយ។

មិនតែប៉ុណ្ណោះថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ អាជ្ញាធរសង្កាត់ក៏បានហៅគាត់ឲ្យទៅកាន់សាលាសង្កាត់ ធ្វើកិច្ចសន្យាបញ្ឈប់ការសាងសង់ ប៉ុន្តែមន្រ្តីយោធារូបនោះ មិនបានទៅដោយផ្ទាល់ទេ ហើយថែមទាំងបានប្រើឲ្យតំណាងរបស់គាត់ម្នាក់ឈ្មោះ ថោ រិនឌី ភេទប្រុស អាយុ៥៧ឆ្នាំ ទៅជំនួសវិញ។

នៅក្នុងកិច្ចសន្យានោះ គាត់បានយល់ព្រមមិនសាងសង់បន្ត និងធ្វើការរុះរើដោយខ្លួនឯងវិញ នៅពេលណារដ្ឋថា សំណង់នេះមានការប៉ះពាល់។ ចំណែកអាជ្ញាធរខណ្ឌពោធិ៍សែនជ័យ ក៏បានសំណូមពរឲ្យមន្រ្តីរូបនេះ ធ្វើការរុះរើសំណង់នេះចេញជាបន្ទាន់ ហើយបើមិនព្រមរុះរើទេអាជ្ញាធរនឹងចុះទៅចាត់វិធានការនៅពេលខាងមុខហើយ។

ដោយឡែកលោក ស៊ឹម សុភាព បានដិសេធថា លោកពុំមែនជាឧត្តមសេនីយ៍អីនោះទេ ហើយក៏មិនធំដល់ថ្នាក់នឹងដែរ មិនតែប៉ុណ្ណោះ លោកមិនបានរំលោភយកផ្លូវនោះទេ គឺលោកបានទិញកាលពីឆ្នាំទៅក្នុងតម្លៃ១៥,០០០ដុល្លារ។ លោកមិនបានដឹងថា ជាគម្រោងស្ថាបនារបស់សាលារាជធានីភ្នំពេញនោះទេ ប៉ុន្តែឃើញប្រជាពលរដ្ឋសង់ផ្ទះរស់នៅហូរហែ ហើយដោយគ្មានផ្ទះនៅផង លោក និងប្រន្ធបានប្រមូលលុយទិញធ្វើផ្ទះនៅ។

ម្យ៉ាងទៀត ពេលធ្វើផ្ទះអាជ្ញាធរសង្កាត់ ក៏បានឃាត់ដោយថា មានផ្លូវនៅខាងក្រោយ និងថាគាត់រំលោភដីរដ្ឋហើយលោកក៏ឈប់ដែរ។ តាមសាកសួរអ្នកជិតខាងថា កាលពីដើម ទីនោះមិនមែនជាផ្លូវទេ ហើយលោកមិនមែនរំលោភទេ គឺទិញ ប៉ុន្តែការទិញលក់ដីនៅទីនោះមិនមានការស៊ីញ៉េទទួលស្គាល់ដោយអាជ្ញាធរឡើយ គឺព្រមព្រៀងលក់ទិញតែគ្នាឯង និងមានសាក្សីដឹងឮត្រឹមត្រូវផងដែរ។

ចំណែកតំណាងរបស់លោក ស៊ឹម សុភាព ម្នាក់ក៏បាននិយាយថា លោក ស៊ឹម សុភាព មិនមែនជាឧត្តមសេនីយ៍អីទេ ហើយគាត់ក៏មិនបានរំលោភដីរដ្ឋដែរ គឺគាត់ទិញតពីគេត្រឹមត្រូវ ហើយទិញមានសំណង់គេចាស់ថែមទៀតផង ពេលនេះគាត់សង់ថ្មី ប៉ុន្តែដោយសារតែដីលោកអភិបាលខណ្ឌពោធិ៍សែនជ័យនៅខាងក្រោយដីគាត់ ដល់ពេលចឹងទៅធ្វើអីមិនកើតក៏មករករឿងគាត់ និងក្រែងចង់ធ្វើបាបគាត់ផងក៏មិនដឹង។

បន្ទាប់ពីទទួលរងការចោទប្រកាន់បែបនេះ លោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ បានបដិសេធភ្លាមៗ។ លោកថា លោកមិនមានដីនៅទីនោះឡើយ ហើយលោកកក៏មិនមានដីដូចជាការចោទប្រកាន់នោះឡើយ។

លោកអភិបាលខណ្ឌ បានបញ្ជាក់សថា ករណីនេះលោក ស៊ឹម សុភាព បានសាងសង់លើផ្លូវហាមឃាត់ហើយត្រូវប្រជាពលរដ្ឋប្ដឹង រួចគាត់ក៏បានរត់រកអន្តរាគមន៍ច្រើនណាស់ ចំណែកលោកវិញ មិនអនុញ្ញាតឲ្យសង់ទេ និងបានប្រាប់ឲ្យកម្លាំងមន្រ្តីខណ្ឌ និងលោកអភិបាលរងខណ្ឌ ចុះទៅហាមឃាត់ឲ្យរុះរើចេញ។ ហើយលោកចុះទៅប៉ុន្មានថ្ងៃមុន គឺដើម្បីកាយប្រឡាយរំដោះទឹក កុំឲ្យលិចផ្ទះប្រជាពលរដ្ឋតែប៉ុណ្ណោះ៕