(ភ្នំពេញ)៖ ក្រុមប្រជាពលរដ្ឋជាង១០០គ្រួសារ តំណាងឲ្យ២៥០គ្រួសារ រស់នៅក្នុងភូមិប៉ប្រកខាងត្បូង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ បានចោទប្រកាន់អាជ្ញាធរថា លួចលក់ដីស្រះ ដែលជាដីកេរ្តិ៍របស់អ្នកភូមិ តាំងពីឆ្នាំ១៩៧៩ ដោយមិនព្រមចែកលុយ ជូនពួកគាត់ មួយគ្រួសារ១ពាន់ដុល្លារ ដូចតាមការសន្យានោះឡើយ។

ចំពោះការលើកឡើងយ៉ាងដូច្នេះ អភិបាលខណ្ឌពោធិ៍សែនជ័យ លោក ហែម ដារិទ្ធ បានឆ្លើយតបវិញភ្លាមៗ ថា អាជ្ញាធរមិនបានលក់ដីស្រះ ហើយក៏មិនបានស៊ីញ៉េ ព្រមទាំងហាមឃាត់ មិនឲ្យមានការលក់ទៀតផង ខណៈដីស្រះមួយនេះ កំពុងស្ថិតនៅក្នុងរឿងទំនាស់នៅឡើយរវាង ប្រជាពលរដ្ឋ និងស្រ្តីវ័យចំណាស់ម្នាក់។

កាលពីថ្ងៃអាទិត្យ ទី១៧ ខែមករា ឆ្នាំ២០១៦ ប្រជាពលរដ្ឋ ប្រមាណ១០០គ្រួសារ តំណាង២៥០គ្រួសារ បានមកជួបជុំគ្នា ដោយបាននាំគ្នាសំដែងការមិនទុកចិត្ត ចំពោះអាជ្ញាធរ ខណ្ឌពោធិ៍សែនជ័យ ដែលបានសន្យាថា ឲ្យលុយពួកគាត់ ក្នុងមួយគ្រួសារ១ពាន់ដុល្លារ តែរយៈពេលជិតមួយឆ្នាំហើយ នៅតែចាំថ្ងៃនេះ ថ្ងៃនោះរហូត។ ប្រជាពលរដ្ឋកំពុងអស់ជំនឿថា នឹងបានលុយចំណែក ១ពាន់ដុល្លារក្នុងមួយគ្រួសារ ពីការលក់ស្រះរួមមួយកន្លែង ដែលជាកេរ្តិ៍អាករ តាំងពីឆ្នាំ១៩៧៩មក។

ប្រជាពលរដ្ឋបានបញ្ជាក់ថា «ដីស្រះនេះលក់បានចំនួនជាង៧០ម៉ឺនដុល្លារ។ ធ្វើការបែងចែកឲ្យប្រជាជន ចំនួន២៥០គ្រួសារ អស់ចំនួន២៥ម៉ឺនដុលា្លរ។ ទិញស្នាក់ការភូមិ២ល្វែង អស់១០ម៉ឺនដុល្លារ។ នេះជាការសន្យាជាក់ស្តែង តែចំណែកថា នឹងជួយជួសជុលប្រព័ន្ធលូ នឹងឈូសឆាយផ្លូវ វាមិនមានលក្ខណៈប្រាកដប្រជានោះទេ។ ដូច្នេះសរុបសាច់លុយ ចំណាយជាក់ស្តែង អស់តែ៣៥ម៉ឺនដុល្លារប៉ុណ្ណោះ»

ជុំវិញបញ្ហានេះ លោក ហែម ដារិទ្ធ អភិបាលខណ្ឌ បានប្រាប់អង្គភាព Fresh News នៅរសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៦នេះថា «ខ្ញុំមិនបានស៊ីញ៉េឲ្យលក់ដីនោះទេ ហើយក៏មិនបានលក់ដីនេះទេ រហូតមកដល់ពេលនេះ»

លោក ហែម ដារិទ្ធ បានសង្កត់ធ្ងន់ថា សម្រាប់ដីមួយកន្លែងនេះ ជាដីភូមិមានជម្លោះ រវាងក្រុមប្រជាពលរដ្ឋ និងស្រ្តីវ័យចំណាស់ម្នាក់ ដែលប្តីរបស់គាត់ នៅសម័យរដ្ឋកម្ពុជា បានចូលរួមជីស្រះនេះ (ឥឡូវស្លាប់) ហេតុដូច្នេះហើយ ទើបសុំទាមទារយកចំណែក ច្រើនពីការលក់ដី ហើយសម្រាប់អាជ្ញាធរ គ្រាន់តែទៅសម្របសម្រួលតែប៉ុណ្ណោះ នារយៈពេលកន្លងមកនេះ។ បើតាមអភិបាលខណ្ឌ ករណីនេះបានឡើងទៅដល់ក្រុងហើយ ដូច្នេះរឿងរ៉ាវបានផុត ពីដែនសមត្ថកិច្ច របស់អាជ្ញាធរខណ្ឌ សូមប្រជាពលរដ្ឋ នៅដោះស្រាយ នៅសាលារាជធានីភ្នំពេញ៕