(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច លោកស្រី ម៉ែន សំអន បានស្នើឲ្យគ្រប់ស្ថាប័នពាក់ព័ន្ធចាត់វិធានការគ្រប់បែបយ៉ាង ដើម្បីឲ្យកុមារទាំងអស់ បានចូលរៀន និងទទួលបានអាហារូបត្ថម្ភ។

សំណើរបស់លោកស្រី ម៉ែន សំអន បានធ្វើឡើងនាព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៦នេះ ក្នុងពេលដែលលោកស្រី តំណាងឲ្យ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា អញ្ជើញជាអធិបតី ក្នុងពិធីផ្សព្វផ្សាយ ផែនការសកម្មភាពជាតិ ស្ដីការអភិវឌ្ឍកុមារ ឆ្នំា២០១៦-២០១៨ នៅក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។

លោកស្រី បានថ្លែងអំពាវនាវនៅក្នុងពិធីនេះថា «ក្នុងនាមរាជរដ្ឋាភិបាល ខ្ញុំសូមអំពាវនាវឲ្យនៅគ្រប់​ស្ថាប័នពាក់ព័ន្ធ​ត្រូវចាត់​វិធានការ​គ្រប់បែបយ៉ាង ដើម្បីឲ្យកុមារទាំងអស់ បានចូលរៀននៅសាលារដ្ឋ និង ឯកជនទំាងអស់គ្នា ជាពិសេសត្រូវចូលរួមផ្ដល់អាហារូបត្ថម្ភគ្រប់បែបយ៉ាង ដើម្បីឲ្យកុមារទាំងអស់ បានចូលរៀន ឬ ការបណ្តុះបណ្តាលជំនាញ ក្នុងគោលបំណងឲ្យស្របទៅតាមប្រ ធានបទ (គ្មានពលកម្មលើកុមារ, គ្មានអំពើហឹង្សាលើកុមារ ផ្ដល់ការអប់រំ ដែលមានគុណភាព ដល់កុមារទន់ខ្សោយ)»

លោកស្រី ម៉ែន សំអន បានបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជា បានកំពុងខិតខំប្រឹងប្រែងលើកកម្ពស់អាហារូបត្ថម្ភដល់កុមារគ្រប់រូប តាមរយៈការអនុវត្តកម្មវិធីសុខភាពបន្តពូជ មាតា ទារក កុមារ និង អាហារូបត្ថម្ភ ដែលជាផែនការបង្ហាញផ្លូវសម្រាប់ពន្លឿនការកែលម្អអាហារូបត្ថម្ភឆ្នាំ២០១៦-២០១៨។ លោកស្រី បានបន្ថែមថា រាជរដ្ឋាភិបាល ក៏បានប្រឹងប្រែងកៀងគរធនធាន​រកប្រភពចំណូល​ហិរញ្ញវត្ថុពីបណ្ដាអង្គការសង្គមស៊ីវិលផ្សេងៗ មកអនុវត្ដឲ្យស្របទៅតាមការប្ដេជ្ញាចិត្ដ របស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះកុមារសំដៅអនុវត្ដតាមអនុសាសន៍ របស់គណៈកម្មាធិការសិទ្ធិកុមារ នៃអង្គការ​សហប្រជាជាតិ។

លោកស្រីឧបនាយករដ្ឋមន្រ្តី បានឲ្យដឹងផងដែរថា ទោះបីជាយ៉ាងណាក៏ដោយ កុមារកង្វះអាហារូបត្ថម្ភ មានភាពផ្សេងៗពីគ្នាទៅតាមតំបន់ និង ទៅតាមសង្គមមនុស្ស។ កុមារដែលជាគ្រួសារ​នៅតាមជនបទ​ក្រីក្រ ហើយមិនមានការសិក្សារអប់រំ បញ្ហាកង្វះអាហារូបត្ថម្ភ មានកម្រិតខ្ពស់ ជាងកុមារ ដែលជាគ្រួសារ មានជីវភាពធូរធារ នៅទីប្រជុំជន និង មានការសិក្សាអប់រំខ្ពស់។
លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីកុមារ បានបញ្ជាក់ថា ប្រទេសកម្ពុជា បានបោះជំហានចេញពី​ប្រទេសមាន​ចំណូលកម្រិតទាប ទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតទាប ព្រមទាំងសម្រេចបានជោគជ័យ លើការកាត់បន្ថយអត្រាមរណភាព ក្នុងនោះអត្រាមរណភាពកុមារ អាយុក្រោម ៥ឆ្នាំ ក៏បានធ្លាក់ចុះពី៥៤ មកត្រឹម ៣៥ នៅឆ្នាំ២០១៥ ក្នុងទារកកើតរស់ ១,០០០នាក់។ អត្រាមរណភាពមាតា បានធ្លាក់ចុះពី២០៦ នៅឆ្នាំ២០១៤ មកនៅត្រឹម ១៧០នាក់នៅឆ្នាំ២០១៥ ក្នុងទារកកើតរស់ ១០០.០០០នាក់។

លោករដ្ឋមន្រ្តី បានបន្តថា រាជរដ្ឋាភិបាល បានជំរុញការលុបបំបាត់ទម្រង់ធ្ងន់ធ្ងរ នៃពលកម្មកុមារ ដោយផ្អែកលើគោលការណ៍ចម្បង៣៖ ទី១. ការដកហូតកុមារពីទម្រង់ធ្ងន់ធ្ងរនៃពលកម្មកុមារ ដើម្បីឲ្យកុមារទទួលបានការអប់រំបណ្តុះបណ្តាលវិជ្ជាជីវៈ និងសមាហរណកម្ម ទៅក្នុងសង្គម។ ២. កិច្ចសហការជាមួយសង្គមស៊ីវិល និងការប្រយុទ្ធប្រឆាំង ការជួញដូរស្ត្រីនិងកុមារ និងទី៣. លើកកម្ពស់ការងារសមរម្យ និងសុវត្ថិភាពការងារកុមារ៕