(ភ្នំពេញ)៖ លោកស្រី Jacqueline Bhagavan បរវកញ្ញាឯករដ្ឋ California សហរដ្ឋអាមេរិក ជាជនជាតិអាមេរិកដើមកំណើតកម្ពុជា ព្រមទាំងស្វាមី បានអញ្ចើញមកបំពេញទស្សនកិច្ចរយៈពេល ៤ថ្ងៃនៅកម្ពុជា។ នៅក្នុងដំណើរទស្សនកិច្ចនេះ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ នាថ្ងៃទី១៨ ខែមករា ឆ្នាំ ២០១៦នេះ បានអនុញ្ញាតឲ្យចូលជួបសម្តែងការគួរសម ស្វែងយល់ពីការអភិវឌ្ឍវិស័យទេចរណ៍ នៅព្រះរាជាណាចក្រកម្ពុជា។ លោក ថោង ខុន បានអនុញ្ញាត្តិឲ្យ លោកស្រី និងស្វាមីចូលជួបសម្តែងការគួរសម ជម្រាបជូនពីកិច្ចការមួយ​ចំនួនក្នុងឋានៈលោកស្រីជាកញ្ញាឯក California ។

ថ្លែងនៅក្នុងឱកាសនោះ លោក ថោង ខុន បានជម្រាបជូនលោកស្រី និងស្វាមីថា៖ វិស័យទេសចរណ៍ កម្ពុជាមានការរីកចម្រើនគួរឲ្យកត់សម្គាល់ និងសូមឲ្យលោកស្រីជួយកិច្ចការផ្សព្វផ្សាយបន្ត សម្រាប់ឲ្យភ្ញៀវទេសចរអាមេរិកមកទស្សនាកម្ពុជាឲ្យបានច្រើន ។

លោកស្រី Jacqueline Bhagavan បានឆ្លើយតបថា៖ អ្នកស្រីនឹងខិតខំប្រើប្រាស់កិត្តិនាមរបស់អ្នកស្រី នៅប្រទេសអាមេរិក អ្នកស្រីនឹងផ្សព្វផ្សាយកិច្ចការនេះ តាមរយៈបណ្តាញសង្គម ផ្ទាល់របស់អ្នកស្រី អ្នកស្រីសង្ឃឹម ថានឹងមានការរីកចម្រើនលូតលាស់រវាងទេសចរអាមេរិក មកទស្សនាប្រទេសកម្ពុជា ដែលជាមាតុភូមិរបស់អ្នកស្រី កាន់តែច្រើនថែមទៀត ។

លោក ថោង ខុន បានជម្រាបជូនអ្នកស្រីឲ្យចាត់ទុកព្រះរាជាណាចក្រកម្ពុជា ដូចជាផ្ទះរបស់ខ្លួន ហើយសូមអញ្ជើញចេញចូល តាមសេចក្តីត្រូវការរបស់អ្នកស្រី ហើយលោករដ្ឋមន្រ្តីក៏បានជូនដំណឹងថា កម្ពុជា នឹងមានព្រឹត្តិការណ៍អង្គរសង្រ្គាន ដែលនឹងប្រារព្វធ្វើនៅប្រាសាទអង្គរវត្ត ខេត្តសៀមរាប ក្នុងឱកាសចូលឆ្នាំប្រពៃណី ជាតិខ្មែរ ចាប់ពីថ្ងៃទី១៣ -១៤-១៥ ខែមេសា ឆ្នាំ២០១៦ ខាងមុខនេះ។

លោកស្រី Jacqueline Bhagavan បានជម្រាបជូនលោករដ្ឋមន្រ្តីថា៖ អ្នកស្រីបានទៅទស្សនាខេត្តកំពតរួចហើយ ហើយលោកស្រីចូលចិត្តផ្លែធូរ៉េនខេត្តកំពត ដែលមានឱជារសជាតិឆ្ងាញ់ ៕