(ភ្នំពេញ)៖ តាមការគ្រោងទុក នៅព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៦ សាលាឧទ្ធរណ៍ប្រកាសបើកសវនាការ ជាលើកទី២ លើសំណុំរឿងរដ្ឋប្បវេណី ចែកទ្រព្យសម្បត្តិរួម គឺផ្ទះលេខ៤៨ និងលេខ៩៣ ភូមិ៣ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រវាងអតីតប្តីប្រពន្ធ ដែលបានលែងលះគ្នា ប៉ុន្តែបែរជាលើកពេលសវនាការ តាមបណ្តឹងដិតចិត្ត របស់ឈ្មោះ ង៉ែត សំណាង ហៅ សីសុន។

សូមរំលឹកថា រឿងរ៉ាវខាងលើនេះ សាលាដំបូងរាជធានីភ្នំពេញ បានចេញសាលក្រមលេខ ៥១ ព ចុះថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៣ បានបញ្ចប់សេចក្តីសម្រេច ក្នុងចំណុចទី៣ ឲ្យធ្វើការបែងចែកទ្រព្យសម្បត្តិរួមជា ២ចំណែកស្មើរៗគ្នា ក្នុងនោះទី១ ផ្ទះនិងដីលេខ៩៣ ផ្លូវ៤៨២ ភូមិ៣ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ត្រូវបែងចែកជា២ ចំណែកស្មើរគ្នាទៅឲ្យឈ្មោះ អ៊ីវ ស្រ៊ី និងឈ្មោះង៉ែត សំណាង ហៅ សីសុន ទី២ផ្ទះ និងដីលេខ ៤៨ ផ្លូវ៤៨២ ភូមិ៣ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ត្រូវបែងចែកជា២ ចំណែកស្មើរគ្នាទៅឲ្យឈ្មោះ អ៊ីវ ស្រ៊ី និងឈ្មោះ ង៉ែត សំណាង ហៅ សីសុន។

ចំពោះការសម្រេចក្តីបែបនេះ ដោយសារតុលាការសាលាដំបូង យោងឯកសារចុងក្រោយ ដែលឈ្មោះ សីសុន ហៅ ង៉ែត សំណាង បានព្រមព្រៀងគ្នា ដោយស្ម័គ្រចិត្តផ្តិតមេដៃ សុំបង្កើតទ្រព្យរួម ក្នុងអំឡុងពេលរស់នៅជាមួយគ្នា ជាប្តីប្រពន្ធ ដោយមានការទទួលដឹងលឺ ពីអាជ្ញាធរមូលដ្ឋានច្បាស់លាស់។

ឯកសារយោងទាំងនេះ រួមមាន ៖ លិខិតបញ្ជាក់ទទួលស្គាល់សិទ្ធកាន់កាប់ដីឡូតិ៍ និងផ្ទះដែលចេញដោយ លោកមេភូមិ៣ និងលោក​​ចៅសង្កាត់ផ្សារដើមថ្កូវ លេខ៨៥១/០៨ ចុះថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០០៨ បានបញ្ជាក់ថា ឈ្មោះ សី សុន និងឈ្មោះ អ៊ីវ ស្រ៊ឺ ពិតជាបានកាន់កាប់ផ្ទះ និងដីប្រាកដមែន។

-សាលដីកាលេខ ១២៥ “ង” ចុះថ្ងៃទី០២ ខែមេសា ឆ្នាំ២០០៩ របស់តុលាការកំពូល។

-សៀវភៅស្នាក់នៅលេខ ៤០៣០ ចុះថ្ងៃទី៣១ ខែមករា ឆ្នាំ២០០៥ ចេញដោយអធិការដ្ឋាន​នគរបាលខណ្ឌចំការមន បានបញ្ជាក់ថាឈ្មោះ សី សុន ជាមេគ្រួសារ ហើយឈ្មោះ អ៊ីវ ស្រ៊ឺ ជាប្រពន្ធ។

-លិខិតបញ្ជាក់ការកាន់កាប់ប្រើប្រាស់ដី និងផ្ទះចេញដោយ លោកចៅសង្កាត់ផ្សារដើមថ្កូវ និង​លោកអភិបាលខណ្ឌចំការមន លេខ៦៨១/១១ លបអណ១ ចុះថ្ងៃទី២២ ខែមេសា ឆ្នាំ​២០១១ បានបញ្ជាក់ឈ្មោះ ង៉ែត សំណាង និងឈ្មោះ អ៊ីវ ស្រ៊ឺ ពិតជាបានកាន់កាប់ដី និង​ផ្ទះលេខ៤៨ ផ្លូវលេខ៤៨២ ភូមិ៣ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ដែលមានទំហំ១៨ម៉ែត្រ X ១៣ម៉ែត្រ ពិតប្រាកដមែន។

-លិខិតសុំបញ្ជាក់ការកាន់កាប់ដី និងផ្ទះដែលមានឈ្មោះ ង៉ែត សំណាង និងប្រពន្ធឈ្មោះ អ៊ីវ ស្រ៊ឺ បានផ្តិតមេដៃ នៅចំពោះមុខប្រធានភូមិ៣ ដោយមានសាក្សីដឹងឮ ចំពោះមុខលោកចៅ សង្កាត់​ផ្សារដើមថ្កូវលេខ ៣៧៤/១២ ចុះថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១២ លើទំហំដី ២៥ម៉ែត្រ គុណ១២ម៉ែត្រ លើទីតាំងផ្ទះលេខ៩៣ ផ្លូវ៤៨២ ភូមិ៣ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ និងសំបុត្រកំណើត របស់កូនឈ្មោះ សី សុន និង អ៊ីវ ស្រ៊ី បានបញ្ជាក់ថា ឈ្មោះ អ៊ីវ ស្រ៊ី និង សី សុន ជាប្តីប្រពន្ធ ហើយជាឪពុកម្តាយ របស់កូនៗ ទាំង៥នាក់ ។

ប៉ុន្តែអ្វីជាការកត់សម្គាល់ជុំវិញសាលក្រម ខាងលើនេះ គឺនៅដំណាក់កាលសាលាឧទ្ធរណ៍ បែរជាសាលាឧទ្ធរណ៍ចេញសាលដីការ លេខ ១៤ក្រ VII ធ ចុះថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៤ លុបចោលសាលក្រមរដ្ឋប្បវេណី របស់សាលាដំបូង ក្នុងរឿងជាមួយគ្នានេះទៅវិញ ប៉ុន្តែទទួលស្គាល់បំណុលរួម។

ដោយឡែក នៅដំណាក់កាលតុលាការកំពូល តុលាការកំពូលបានចេញសាលដីការ តម្គល់សាលដីកា​ របស់សាលាឧទ្ធរណ៍ តែចំណុចខ្លះ បានច្រានចោល ហើយបង្វែរសំណុំរឿងមកសាលាឧទ្ធរណ៍ ដើម្បីជំនុំជម្រះសារថ្មី។

ដោយសារតែបញ្ហានេះហើយ ទើបនៅថ្ងៃទី ១៨ ខែមករា ឆ្នាំ២០១៦ សាលាឧទ្ធរណ៍បានកំណត់ពេលសវនាការ ក្នុងសំណុំរឿងដដែលនេះ ជាលើកទី២ ជូនគូភាគី ប៉ុន្តែបែរជាត្រូវលើកពេលសវនាការ តាមបណ្តឹងដិតចិត្ត របស់ឈ្មោះ ង៉ែត សំណាង ។ ជាមួយនឹងការ បង្វិលរឿងចុះឡើង ទៅមុខទៅក្រោយបែបនេះ ធ្វើអោយក្រុមអ្នកច្បាប់ខ្លះ សុំមិនបញ្ចេញឈ្មោះ បានលើកឡើងថា ដោយសារភាគីឈ្មោះង៉ែត សំណាង ដើរដល់ផ្លូវទាល់ ក្នុងការរត់រកអន្តរាគមន៍ អោយជួយខ្លួន មិនចង់ចែកទ្រព្យ រួមដល់អតីតប្រពន្ធ ទើបក្រឡុកនីតិវិធីតុលាការ។

ម្យ៉ាងទៀត ដោយសារខ្លាចសាលាឧទ្ធរណ៍ កាត់ក្តីជាលើកទី២ សម្រេចតម្គល់សាលក្រមសាលាដំបូងលេខ៥១ ព ចុះថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៣ ឡើងវិញទុកជាបានការ ដោយសំអាងទៅលើ ឯកសារយោងចុងក្រោយ ដែលរដ្ឋាភិបាល បានបង្កើតមន្ត្រីមូលដ្ឋាន រួមមានមេភូមិ ចៅសង្កាត់ និងអភិបាលខណ្ឌ ដើម្បីគ្រប់គ្រងរដ្ឋបាលជូនប្រជាពលរដ្ឋ។

ទោះបីភាគីឈ្មោះ សី សុន មានចេតនាលើកពេលសវនាការ ដើម្បីរត់ការរកអន្តរាគមន៍ ក្នុងសំណុំរឿងខាងលើនេះ ដល់ថ្នាក់ណាក៏ដោយ ក៏ពេលនេះ ស្ត្រីឈ្មោះ អ៊ីវ ស្រ៊ី បានលើកម្រាមដៃ១០ សំពះ តាមរយៈអង្គភាព Fresh News សុំក្តីសណ្តោស ប្រោសប្រណី ពីសំណាក់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន រួមជាមួយលោករដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នឹងជួយអន្តរាគមន៍ ដល់សាលាឧទ្ធរណ៍ នឹងតុលាការកំពូល ធ្វើយ៉ាងណា ជួយផ្តល់យុត្តិធម៌ជូនរូបគាត់ ទៅតាមសាលក្រម របស់សាលាដំបូងរាជធានីភ្នំពេញ៕