(ព្រះសីហនុ)៖ តៃកុងទូកនេសាទម្នាក់ ត្រូវបានកម្លាំងនគរបាលជំនាញព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាល ខេត្តព្រះសីហនុ ចាប់ខ្លួនភ្លាមៗ ខណៈដែលធ្វើដំណើរដឹកសាកសពជនរងគ្រោះ២នាក់ មកដល់ច្រាំង នៅក្បាលព្រលប់ ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៦នេះ ដោយជាប់ពាក់ព័ន្ធការបំផ្ទុះគ្រាប់បែកច្នៃ នៅលើសមុទ្រ ចន្លោះកោះព្រីង និងកោះត្រងោល ក្រុងព្រះសីហនុ។

ភ្នាក់ងា Fresh News បានរាយការណ៍ថា សពជនរងគ្រោះទាំង២នាក់ ត្រូវបានដឹកយកមកដល់ច្រាំងហើយ ដោយសាកសពម្នាក់ មើលទៅគួរឲ្យតក់ស្លុតគឺដាច់ក្បាលតែម្តង ។ ជនរងគ្រោះទី១ឈ្មោះ កុល ខុម អាយុ២៩ឆ្នាំ រស់នៅសង្កាត់លេខ១ ក្រុងព្រះសីហនុ ស្រុកកំណើតនៅស្រុកកំពង់ត្រឡាច ខេត្តកំពត និងជនរងគ្រោះទី២ មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ។

ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ ជួន ណារិន្ទ បានប្រាប់ថា កម្លាំងនគរបាលរបស់លោក ពិតជាបានឃាត់ខ្លួន តៃកុងទូកម្នាក់មែន យកទៅសួរនាំដើម្បីចាត់ការតាមនីតិវិធីបន្តទៀត ។ បើតាមលោកឧត្តមសេនីយ៍ស្នងការ មុនពេលកើតហេតុ គឺនៅព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៦នេះ ជនរងគ្រោះ២នាក់ និងជនសង្ស័យ បានទៅនេសាទនៅលើសមុទ្រ ដោយលួចមានគ្រាប់បែកច្នៃ យកទៅបោកចាប់ត្រី ហើយខណៈដែលជនរងគ្រោះទាំង២នាក់ ជិះកញ្ជើទៅយកត្រី ស្រាប់តែគ្រាប់នោះបានផ្ទុះស្លាប់តែម្តង ។

តាមសេចក្តីរាយការណ៍ ជនរងគ្រោះ និងជនសង្ស័យ បានទៅនេសាទត្រីលើផ្ទៃសមុទ្រ អស់រយ:ពេល៥ថ្ងៃមកហើយ៕

ផ្ទុះគ្រាប់បែកច្នៃ សម្លាប់អ្នកនេសាទលើផ្ទៃសមុទ្រពីរនាក់ នៅខេត្ត...

ផ្ទុះគ្រាប់បែកច្នៃ សម្លាប់អ្នកនេសាទលើផ្ទៃសមុទ្រពីរនាក់ នៅខេត្តព្រះសីហនុ

Posted by Fresh News on Monday, January 18, 2016