(កំពង់ធំ)៖ លោក សុខ លូ អភិបាលខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០នេះ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីចាប់ឆ្នោតដីឡូត៍លំនៅឋាន និងដីកសិកម្ម សម្បទានសង្គមកិច្ច ជូនពលរដ្ឋចំនួន៩១គ្រួសារ មកពី៨ភូមិ ក្នុងឃុំដូង ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។
ពិធីចាប់ឆ្នោតយកដីឡូត៍លំនៅឋាន និងដីកសិកម្ម សម្បទានសង្គមកិច្ច ត្រូវបានធ្វើឡើងនៅចំណុចដីសម្បទានសេដ្ឋកិច្ច ស្ថិតនៅក្នុងឃុំដូង ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ និងជាការចាប់ឆ្នោតលើកទី៤ និងជាលើកចុងក្រោយមានចំនួន៩១គ្រួសារ ជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត។
លោក អ៊ឹម សុឌីណា ប្រធានសូរិយោដីខេត្តកំពង់ធំ បានឲ្យដឹងថា ដីឡូត៍លំនៅឋានសម្រាប់ចែកជូន បងប្អូនប្រជាពលរដ្ឋនេះមានទំហំទទឹង៣០ម៉ែត្រ បណ្តោយ៤០ម៉ែត្រ និងដីកសិកម្មចំនួន២ហិចតាក្នុងមួយគ្រួសារ សម្រាប់ដីធ្លីដែលបានចែកជូនបងប្អូនប្រជាពលរដ្ឋនេះ មិនអនុញ្ញាតឲ្យលក់ដូរនៅឡើយ ការចែកជូនសរុបទាំង៤លើក មានប្រជាពលរដ្ឋសរុប៦៥០គ្រួសារ។
លោក សុខ លូ បានថ្លែងថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានយកចិត្តទុកដាក់ចំពោះបងប្អូន ប្រជាពលរដ្ឋដែលមានការខ្វះខាត និងពុំមានលទ្ធភាព ត្រូវជួយដោះស្រាយដោយសហការជាមួយអង្គការដៃគូអភិវឌ្ឍន៍ ជាក់ស្តែងដូចជាគម្រោងចាប់ឆ្នោត យកដីឡូត៍លំនៅឋាន និងដីកសិកម្ម ជូនសម្បទានិក៩១គ្រួសារ របស់គម្រោងបែងចែកដីសម្បទាន និងការអភិវឌ្ឍសេដ្ឋកិច្ចជំហានទី២ LASED២។
ជាចុងក្រោយលោក សុខ លូ បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋឲ្យនាំគ្នា មករស់នៅលើដីដែលបានចែកជូន និងបន្តការដាំដុះបន្លែបង្ការដំណាំគួបបផ្សំ និងចិញ្ចឹមសត្វដើម្បី ជួយសម្រួលដោះស្រាយជីវភាពរស់នៅប្រចាំថ្ងៃ ក្នុងនោះលោកបានអំពាវឲ្យចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងត្រូវចូលរួម ការពារទប់ស្កាត់ ការជួញដូរនិងចែកចាយគ្រឿងញៀន កុំទុកបញ្ហាគ្រឿងញៀនជារបស់សមត្ថកិច្ច បើគ្មានការចូលរួមពីបងប្អូនគ្រឿងញៀន និងទៅដល់សាច់ញាតិ បងប្អូនជាក់ជាមិនខាន៕