(ភ្នំពេញ)៖ រយៈពេល៥ខែ ឆ្នាំ២០២០នេះ រាជធានីភ្នំពេញ ទទួលបានការវិនិយោគលើវិស័យសំណង់ មានចំនួន៥៨៣គម្រោង ក្នុងនោះផ្ទៃក្រឡាសំណង់សរុប ២,៨២១,៣១៧ម៉ែត្រក្រឡា ដែលមានទុនវិនិយោគសរុប១,៣៧៥,៦២៨,០៥០ដុល្លារអាមេរិក។
នេះបើតាមការឲ្យដឹងពី លោក សារិន វណ្ណា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សុរិយោលដី ថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្ដីពី វឌ្ឍនភាព និងទិសដៅការងារបន្ដរបស់រដ្ឋបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០នេះ ដែលរៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល។
លោក សារិន វណ្ណា បានបន្ថែមទៀតថា អំឡុងពេល COVID-19 ការវិនិយោគលើវិស័យសំណង់ក្នុងរាជធានីភ្នំពេញ ក៏ជួបនូវបញ្ហាប្រឈមមួយចំនួនផងដែរ ដោយហេតុថា វិនិយោគិនភាគច្រើន ដែលមកបណ្ដាក់ទុននៅកម្ពុជាជាជនបរទេស ដូច្នេះ COVID-19 បានធ្វើឲ្យគម្រោងមួយចំនួនរាំងស្ទះ។
បើតាមលោកប្រធានមន្ទីររៀបចំដែនដី បច្ចុប្បន្ននៅក្នុងរាជធានីភ្នំពេញ មានអគារខ្ពស់ៗចាប់ពី៥ជាន់ឡើងទៅ មានចំនួន១,២៩២អគារ។ បុរីមានចំនួន ២៤៤បុរី។ ហើយរយៈពេល៥ខែ ឆ្នាំ២០២០ មន្ទីរក៏បានចេញលិខិតទប់ស្កាត់សំណង់គ្មានលិខិតអនុញ្ញាត បានចំនួន២៩ការដ្ឋាន, ចេញលិខិតបើកការដ្ឋាន ចំនួន៤០ការដ្ឋាន និងលិខិតបិទការដ្ឋាន ចំនួន៥ការដ្ឋាន។
ក្រៅពីការងារវិនិយោគ ប្រធានមន្ទីររៀបចំដែនរូបនេះ ក៏បានបង្ហាញនូវអ្វីដែលជាកិច្ចការផ្សេងទៀត របស់មន្ទីរជំនាញផងដែរ រួមមាន ការផ្ដល់សេវាសាធារណៈលើសេវាសុរិយាដី និងសំណង់ជូនប្រជាពលរដ្ឋ នៅឆ្នាំ២០១៩ បានចំនួន ៦៦,៨៦៧ឯកសារ ខណៈ៥ខែ ឆ្នាំ២០២០ បានចំនួន២៥,៧០០ឯកសារ។
ដោយឡែក ការងារចុះបញ្ជីដីមានលក្ខណៈជាប្រព័ន្ធ ការប្រមូលទិន្នន័យក្បាលដី ឆ្នាំ២០១៩ បានចំនួន៣៥,៧៥៨ក្បាលដី (ក្នុងនោះ ចុះហត្ថលេខាលើប័ណ្ណកម្មសិទ្ធិ ឆ្នាំ២០១៩ បាន១៣,៣៨១ក្បាលដី និងចែកប័ណ្ណសកម្មសិទ្ធិឆ្នាំ២០១៩ បាន៩,៨០៣ក្បាលដី)។ ការងារចុះបញ្ជីដាច់ដោយដុំ បានចុះបញ្ជីចំនួន៥៣៨ប័ណ្ណ ហើយ៥ខែដើមឆ្នាំ បានចុះចំនួន១៦២ប័ណ្ណ។
សម្រាប់ការងារប្រទានកម្ម មន្ទីររៀបចំដែនដី បានចុះបញ្ជីដីប្រទានកម្មលើដីឯកជនរបស់រដ្ឋ តាមគោលការណ៍របស់រាជរដ្ឋាភិបាល ២៩ទីតាំង លើដីជាង៨២ហិចតា បានផ្ដល់កម្មសិទិ្ធជូនប្រជាពលរដ្ឋប្រមាណ១៨,០០០គ្រួសារ។ មន្ទីរបានចុះបញ្ជីបំបែកដីឡូត៍ជូនប្រជាពលរដ្ឋសហគមន៍មានជ័យ ចំនួន៥៦២ឡូត៍ តាមរយៈការចាប់ឆ្នោត ហើយបច្ចុប្បន្នប្រជាពលរដ្ឋដែលកំពុងសាងសង់ ១៥២ឡូត៍។
ជាមួយគ្នានេះ លោក សារិន វណ្ណា ក៏បានបញ្ជាក់អំពីការងារដោះស្រាយវិវាទដីធ្លីផងដែរថា ឆ្នាំ២០១៩ បានដោះស្រាយបញ្ចប់ ២ករណី, វិវាទច្រានចោល ១ករណី, វិវាទដកពាក្យបណ្ដឹង ៣ករណី, វិវាទបញ្ជូនឡើងទៅលើ ៧ករណី, វិវាទកំពុងដោះស្រាយ ៣១ករណី៕