(ភ្នំពេញ)៖ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០នេះ បានឲ្យដឹងថា ជម្លោះដីធ្លីនៅសហគមន៍បុរីកីឡា និងតំបន់បឹងកក់ ត្រូវបានដោះស្រាយបញ្ចប់ទាំងស្រុងជាស្ថាពរ ខណៈដីនៅតំបន់អភិវឌ្ឍន៍ឫស្សីកែវ ខណ្ឌឫស្សីកែវ គ្រោងនឹងបញ្ចប់ជាស្ថាពរដូចគ្នា នៅខែក្រោយនេះ។
ក្នុងសន្និសីទសារព័ត៌មានស្ដីពី «វឌ្ឍនភាព និងទិសដៅបន្ដរបស់រដ្ឋបាលរាជធានីភ្នំពេញ» លោក ឃួង ស្រេង បានអះអាងថា បញ្ហាជម្លោះដីធ្លីនៅរាជធានីភ្នំពេញ ប្រសិនបើគ្មានបញ្ហានយោបាយមកលូកលំនោះទេ ម្ល៉េះមិនពិបាកក្នុងការដោះស្រាយនោះទេ ព្រោះជាការពិតណាស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា តែងតែសន្ដោសប្រណីចំពោះពលរដ្ឋដែលក្រីក្រ និងគ្មានដីពិតប្រាកដ។
បើតាមលោក ឃួង ស្រេង កន្លងទៅអ្នកដែលសកម្មក្នុងការតវ៉ាដីធ្លីរបស់សហគមន៍បុរីកីឡា និងតំបន់បឹងកក់មួយចំនួន ជ្រកក្រោមផ្លាកនយោបាយតែប៉ុណ្ណោះ ព្រោះថាមុខសញ្ញាដែលចេញមកតវ៉ា គឺមុខដដែល។ អភិបាលរាជធានីភ្នំពេញ បានកត់សម្គាល់ឃើញថា អ្នកដែលតវ៉ាក្រោមផ្លាកនយោបាយនោះ គឺតែងធ្វើសកម្មភាពមិនចេះចប់មិនចេះហើយនោះឡើយ។
អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់យ៉ាងដូច្នេះថា «បញ្ហាដីធ្លីរបស់សហគមន៍បុរីកីឡា និងតំបន់បឹងកក់ យើងបានដោះស្រាយចប់សព្វគ្រប់ នៅឡើយតែដី អភិវឌ្ឍន៍ឫស្សីកែវ នៅប្រហែលមួយខែទៀតនឹងបញ្ចប់ការងារដូចគ្នា។ ការដោះស្រាយក្នុងករណីខាងលើនេះ ប្រសិនបើមិនមានបញ្ហានយោបាយលូកលំ ហើយអ្នកដោះស្រាយប្រកបដោយតម្លាភាពយើងអាចទទួលជោគជ័យ យើងបានជម្រាបប្រជាពលរដ្ឋឲ្យយោគយល់ ហើយបង្កើនការទុកចិត្តមកដល់រាជរដ្ឋាភិបាល និងអាជ្ញាធរដែនដី»។
តាមរយៈសន្និសីទសារព័ត៌មាន ដែលរៀបចំឡើងដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ឃួង ស្រេង ក៏បានចែករំលែក និងបង្ហាញនូវបទពិសោធន៍ ក្នុងការដោះស្រាយបញ្ហាដីធ្លី នៅទីតាំងទាំង៣ខាងលើ រហូតទទួលបានជោគជ័យនេះផងដែរ។
អភិបាលរាជធានីភ្នំពេញ បានគូសបញ្ជាក់ថា ការដោះស្រាយកន្លងទៅរបស់អាជ្ញាធរ គឺមានភាពអត់ធ្មត់ និងតស៊ូខ្លាំងណាស់ ហើយការដោះស្រាយនោះទៀតសោត អាជ្ញាធរធ្លាប់លឺអស់ហើយនូវពាក្យជេរប្រមាថអសុរសពីអ្នករំលោភដី អ្នកចង់បាន អ្នកលោភលន់។ ប៉ុន្ដែអាជ្ញាធរ ត្រូវបង្ហាញឲ្យឃើញអំពីភាពស្មោះត្រង់របស់ខ្លួនទៅកាន់ប្រជាពលរដ្ឋ ដើម្បីឲ្យពួកគាត់មានជំនឿ ហើយពេលនោះទើបអាចដោះស្រាយបាន។
លោក ឃួង ស្រេង បានបញ្ជាក់ថា ផ្អែកតាមគោលនយោបាយប្រទានកម្មរបស់ សម្ដេចតេជោនាយករដ្ឋមន្ត្រី ចំនួនសហគមន៍ក្រីក្រ ក្នុងរាជធានីភ្នំពេញ បានថយចុះពី ៣៣៥សហគមន៍ ក្នុងឆ្នាំ២០០៣ មកត្រឹមតែ ១៥១សហគមន៍ ក្នុងឆ្នាំ២០២០ ដែលមានមូលដ្ឋានក្នុងសង្កាត់ចំនួន៤៥ នៃខណ្ឌចំនួន ១៣ (លើកលែងខណ្ឌ៧មករា ដែលសហគមន៍បុរីកីឡា ត្រូវបានលុបចេញពីបញ្ជីសហគមន៍ក្រីក្រ ក្នុងឆ្នាំ២០១៤) សរុបមានខ្នងផ្ទះចំនួន ១២,៨៧៦ ខ្នង ស្មើនឹង១៣,៩៦៣គ្រួសារ និងមានប្រជាពលរដ្ឋសរុប ៦១,៧១៥នាក់ តែប៉ុណ្ណោះ។
ជារួមមកទល់ពេលនេះ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈរដ្ឋបាលរាជធានីភ្នំពេញ បានធ្វើប្រទានកម្មសរុបបានចំនួន ២៩ទីតាំង លើផ្ទៃដីទំហំ ៨២ហិចតា ដោយបានប្រគល់ដីធ្លីជូនប្រជាពលរដ្ឋប្រមាណ ១៨,០០០គ្រួសារ និងបានបិទបញ្ចប់ទាំងស្រុងសំណុំរឿង ទំនាស់ដីធ្លីរ៉ាំរ៉ៃអូសបន្លាយ រយៈពេលជាច្រើនឆ្នាំ ក្នុងតំបន់អភិវឌ្ឍន៍បឹងកក់ និងសហគមន៍បុរីកីឡា ដោយបានប្រកាន់ខ្ជាប់នូវគោលការណ៍ច្បាប់ សិទ្ធិលំនៅឋាន និងគោលការណ៍មនុស្សធម៌ ព្រមទាំងកំពុងឈានទៅបន្តដោះស្រាយបញ្ចប់បញ្ហាតំបន់អភិវឌ្ឍន៍ឫស្សីកែវ, តំបន់អភិវឌ្ឍន៍បឹងទំពន់-ជើងឯក, តំបន់អតីតផ្លូវដែក, តំបន់ស្ថានីយ៍បូមទឹកទួលគោក, តំបន់ស្ថានីយ៍ស្ដុកទឹកបឹងត្របែក និងពិនិត្យរៀបចំតំបន់មិនរៀបរយមួយចំនួនទៀត៕